មហារីក អាចនិយាយម្យ៉ាងទៀតថាជាជម្ងឺដែលពិបាកឬមិនអាចព្យាបាលបាន។ វាគឺជាប្រភេទជម្ងឺម្យ៉ាងដ៏កាចសាហាវ ដែលអ្នកណាៗក៏មានការភ័យខ្លាច។ ចំណែកឯមូលហេតុដែលនាំឲ្យកើតជម្ងឺនេះមានច្រើនយ៉ាង ដូចជារបៀបនៃការរស់នៅ ការទទួលទានអាហារប្រចាំថ្ងៃ តំណរពូជ និងបរិស្ថានខាងក្រៅជាដើម។ ដោយសារវាជាជម្ងឺដែលកាចសាហាវបែបនេះ យើងគ្រប់គ្នាគួរដឹងពីប្រការសំខាន់ៗដើម្បីចៀសវាងកុំឲ្យវាកើតឡើងបាន។
ខាងក្រោមនេះជាវិធីសាស្ត្រកាពារ៖
១. ប្រុងប្រយ័ត្ននៅក្នុងការបរិភោគអាហារ
ជ្រើសរើសរបស់ញ៉ាំដែលជួយឲ្យយើងមានសុខភាពល្អ ពោលគឺយើងត្រូវញ៉ាំបន្លែ និងផ្លែឈើដែលមានវីតាមីន និងគ្មានជាតិគីមីឲ្យបានច្រើន។ ម្យ៉ាងវិញទៀត យើងមិនគួរបរិភោគសាច់ច្រើនពេកនោះទេ ព្រោះយោងទៅតាមរបាយការណ៍នៃភ្នាក់ងារអន្តរជាតិស្រាវជ្រាវទៅលើមហារីក បានបង្ហាញថាការបរិភោគសាច់លើសចំនួនកំណត់ អាចនាំឲ្យយើងកើតជម្ងឺមហារីកបានដែរ។
២. ចៀសវាងការជក់បារី និងថ្នាំជក់
មូលហេតុចម្បងដែលនាំឲ្យកើតជម្ងឺមហារីកគឺការជក់បារីច្រើនហួសកំណត់។ បារីធ្វើឲ្យមនុស្សខូចសួត និងបង្កឲ្យមានជម្ងឺយ៉ាងច្រើនដល់រាងកាយរបស់យើង។ ជាការពិតណាស់ បារីមានទំនាក់ទំនងនឹងជម្ងឺមហារីកជាច្រើនដូចជា មហារីកប្លោកនោម មហារីកសួត មហារីកមាត់ស្បូន និងតម្រងនោម។ ថ្នាំជក់ក៏ដូចគ្នាដែរ យើងមិនគួរប្រើប្រាស់ថ្នាំជក់ច្រើនពេកទេ ប្រសិនបើយើងចង់ចៀសវាងជម្ងឺមហារីក។
៣. រក្សាទម្ងន់ឲ្យស្ថិតស្ថេរ និងមិនគួរនៅស្ងៀមពេកទេ
ការឡើងទម្ងន់ជាមូលហេតុនាំឲ្យកើតមហារីក២០% ។ ម្យ៉ាងវិញទៀត តាមការសិក្សាបានឲ្យដឹងថា ស្រ្តីវ័យអស់រដូវដែលសម្រកទម្ងន់បាន១០គីឡូ អាចកាត់បន្ថយការកើតមហារីកបានដល់ទៅ៥០%។ លើសពីនេះទៅទៀត យើងមិនគួរនៅស្ងៀម ឬគេងច្រើនពេកទេ យើងគួរធ្វើការហាត់ប្រាណឲ្យបានច្រើន ព្រោះវាជួយឲ្យទម្ងន់ខ្លួនរបស់យើងស្ថិតនៅថេរផងដែរ។
៤. កុំពិសារគ្រឿងស្រវឹងច្រើនពេក
ការពិសារស្រាច្រើនជ្រុល អាចធ្វើឲ្យមានជម្ងឺមហារីកសុដន សួត តម្រងនោម និងថ្លើមជាដើម។ ចំពោះស្ត្រី ការពិសារគ្រឿងស្រវឹងច្រើនពេកអាចនាំឲ្យប្រឈមមុខនឹងមហារីកសុដន់បាន រីឯបុរសវិញមិនគួរពិសារស្រាលើសពីមួយកែវក្នុងមួយថ្ងៃឡើយ។
៥. ការពារការឆ្លងមេរោគ
ដោយសារការឆ្លងមេរោគភាគច្រើនមានការពាក់ព័ន្ធទៅនឹងការកើតជម្ងឺមហារីក។ យើងគួរការពារកុំឲ្យឆ្លងមេរោគបានតាមវិធីដូចជា ចាក់វ៉ាក់សាំងការពារជម្ងឺថ្លើម ដើម្បីការពារកុំឲ្យមានការកើតមហារីកថ្លើម។ លើសពីនេះទៅទៀត យើងត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ម្ជុល សារាង យល់ល្អចៀសវាងការប្រើប្រាស់រួមគ្នា។