Tag Archives: UGRAD

តើត្រូវធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាបេក្ខជនជ័យលាភីរបស់UGRAD?

ប្រសិនបើយើងមានគោលបំណងទៅរៀននៅសហរដ្ឋអាមេរិក យើងអាចស្វែងរកអាហារូបករណ៍៣ធំៗ ដូចជា Fulbright  UGRAD និង YSEALI ។ តែនៅក្នុងពេលនេះយើងនឹងលើកយកតែបែបបទនៃការដាក់ពាក្យ UGRAD ដើម្បីឲ្យទទួលបានជោគជ័យ មកបង្ហាញ។

កម្មវិធីផ្លាស់ប្តូរការសិក្សា UGRAD គឺជាកម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្រិតបរិញ្ញាប័ត្ររយៈពេលមួយឆមាស។

​ដើម្បីទទួលបានអាហារូបករណ៍នេះ យើងត្រូវឆ្លងកាត់ដំណាក់កាលដូចតទៅ

១.​ ដំបូងត្រូវសរសេរបំពេញសំណុំបែបបទតាមប្រព័ន្ធអ៊ីនធើណេត។

២. ប្រហែល១ខែក្រោយមក ប្រសិនបើយើងជាប់ Short List គេនឹងហៅទៅសម្ភាសន៍នៅស្ថានទូតអាមេរិក។

៣. បន្ទាប់មកទៀត ក្នុងរយៈពេលប្រហែលមួយខែទៀត គេប្រកាសលទ្ធផលជាបណ្តោះអាសន្ន ទាល់តែមួយខែទៀតទើបយើងអាចដឹងថាយើងបានជាប់ជាស្ថាពរទៅសិក្សានៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំក្រោយ។

អ្វីដែលយើងត្រូវត្រៀមខ្លួនប្រសិនបើយើងមានបំណងចង់ដាក់ពាក្យឲ្យបានជោគជ័យ

ទី១ មុនសម្រេចចិត្តដាក់ ត្រូវដឹងថាយើងចង់រៀនមុខវិជ្ជាអ្វីនៅសហរដ្ឋអាមេរិក ត្រូវស្វែងយល់ពីវាឲ្យច្បាស់ គិតពីគោលដៅនៅអនាគតថាចង់ធ្វើអ្វី ហើយពេលត្រឡប់មកប្រទេសកម្ពុជាវិញនឹងប្រើចំណេះដឹងមកធ្វើអីខ្លះ។

ទី២ ត្រូវព្យាយាមពង្រឹងចំណេះដឹងរបស់យើងផ្នែកភាសាអង់គ្លេស ព្រោះដើម្បីទៅរៀននៅអាមេរិក យើងត្រូវចេះភាសាអង់គ្លេសឲ្យបានច្បាស់លាស់​។​

ទី៣ ត្រូវមានGPAនៅក្នុងថ្នាក់រៀនឲ្យល្អគួរសមដែរ។

ទី៤ ធ្លាប់ចូលរួមជួយការងារសង្គម ស្ម័គ្រចិត្តក្នុងកម្មវិធីផ្សេងៗនៅក្នុងសង្គម និងសាលារៀន ព្រមទាំងបានចូលរួមពង្រឹងនូវចំណេះដឹងដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ។

ទាំងនេះសុទ្ធតែអាចបង្ហាញថាយើងជាបេក្ខជនមួយរូបដែលមានចំណេះដឹង និងចំណេះដឹងខាងសង្គមច្រើនជាងអ្នកដ៏ទៃ ដែលធ្វើឲ្យភាគរយនៃការជាប់មានច្រើនជាងបេក្ខជនផ្សេងទៀត។

យល់ដឹងពីរបៀបនៃការដាក់ពាក្យ

ឥឡូវនេះ Ugrad បានផ្លាស់ប្តូរពីការដាក់ពាក្យតាមក្រដាសទៅតាមអ៊ីនធើណេត  យើងត្រូវចំណាយពេលអានApplication ឲ្យបានច្រើនសារ ដើម្បីមានភាពងាយស្រួលនៅពេលយើងអត់យល់ត្រង់ចំណុចណាមួយ យើងអាចសួរអ្នកដែលធ្លាប់ទៅកាលពីមុនៗ។

ឯកសារដែលគេត្រូវការ

ឯកសារដែលត្រូវការមានដូចជា៖

១. អនុសាសន៍ពីគ្រូបង្រៀនរបស់យើង (Recommendation Letter)​ និងព្រឹត្តប័ត្រពិន្ទុនៃការសិក្សា (Transcript)។

២. អត្ថបទដែលគេតម្រូវឲ្យយើងសរសេរ (Essay) គេអាចឲ្យយើងសរសេរពី ៣ ទៅ ៤ essay។ យើងត្រូវសរសេរឲ្យមានលក្ខណៈខុសប្លែក និងគួរឲ្យចាប់អារម្មណ៍ទៀត ដោយរួមបញ្ចូលនូវរឿងរ៉ាវផ្ទាល់ខ្លួន និងបទពិសោធន៍ទាក់ទងនឹងជំនាញដែលយើងចង់សិក្សានៅអាមេរិកឲ្យបានច្រើន។​ ជាពិសេសត្រូវមានគោលដៅច្បាស់លាស់ក្នុងរយៈពេលណាមួយ។

រៀបរាប់ពីអ្វីដែលយើងបានធ្វើ បានជួបប្រទះ ហើយត្រូវប្រាប់ថាយើងអាចជម្នះនូវឧបសគ្គទាំងអស់នោះបានដោយរបៀបណា។ ត្រូវដឹងថាយើងមានអ្វីហើយឬនៅដើម្បីសម្រេចគោលបំណងរបស់យើង ហើយត្រូវស្មោះត្រង់ ត្រូវសរសេរការពិតពីខ្លួនយើង កុំសរសេរលើកខ្លួនពេក ឬដាក់ខ្លួនពេក។

ចំណាំ៖ ពេលយើងសរសេរហើយយើងគួរឲ្យមិត្តភក្តិ ឬគ្រូបង្រៀនរបស់យើងជួយមើល​ ដើម្បីជួយកែនូវកំហុសដោយអចេតនា។ ​