Tag Archives: soft skills

ស្គាល់ជំនាញទន់កាន់តែច្បាស់

ឪពុកម្តាយរបស់រយុវជនមួយចំនួនធំនៅមិនទាន់ស្គាល់ជំនាញទន់ផង ចុះទម្រាំតែយុវជន សិស្ស និងនិស្សិតទៀត? មានរឿងពិតមួយដែលអ្នកទាំងអស់គ្នាត្រូវដឹងនៅទីនេះ អំពីក្រុមហ៊ុនរឺស្ថាប័នអន្តរជាតិជាច្រើនបានស្វែងរក និងជ្រើសរើសបុគ្គលិកដោយធ្វើតេស្តលើសមត្ថភាពជំនាញទន់របស់ពួកគេ មិនមែនជំនាញរឹងឡើង។ នៅក្នុងប្រទេសកម្ពុជា ជំនាញទន់នេះទើបតែត្រូវបានបញ្រ្ជាបទៅដល់ធនធានមនុស្សប៉ុណ្ណោះ។ ដឹងអត់ ថាជំនាញទន់មិនមែនជាជំនាញដែលគេមិនសូវស្គាល់ទេ តែវាថែមទាំងចាំបាច់ត្រូវមានវាទៅទៀត។ តែអ្វីដែលអ្នកត្រូវដឹងទៀតនោះ គឺវាជាជំនាញមិនងាយរៀនចេះឡើយ។ ហេតុអ្វីទៅ? មុននឹងឆ្លើយសំនួរ អ្នកត្រូវដឹងជំនាញទន់ជាអ្វីសិន។

អ្វីទៅជាជំនាញទន់?

ជំនាញទន់ គឺជាជំនាញអន្តរបុគ្គល ពាក្យនេះ បានន័យថាវាជាជំនាញសម្រាប់ប្រាស្រ័យទាក់ទងបានល្អ ជាមួយមនុស្សដ៏ទៃ។ អ្នកសង្គមវិជ្ជាបានប្រើពាក្យ Emotional Intelligence Quotient សម្រាប់សម្គាល់ជំនាញទន់ ប្រែថា សម្ថភាពចំណេះដឹងផ្ហូវអារម្មណ៍ ដែលបុគ្គលម្នាក់អាចប្រើនៅពេលធ្វើការជាមួយអ្នកដ៏ទៃដើម្បីចេះទាញយកផលប្រយោជន៍ពីការងារនោះ។ ជំនាញនេះទាមទារអោយអ្នកបង្កើនសមត្ថភាពយល់ដឹងអំពីអារម្មណ៍អ្នកដ៍ទៃ ដើម្បីអាចធ្វើការងារជាមួយពួកគេបានល្អ។

ចុះវាខុសគ្នាពីជំនាញរឹងដូចម្តេច?

នៅពេលបុគ្គល ក ម្នាក់មានជំនាញរឹង គាត់ប្រើវាដើម្បីសម្រេចការងារចេញជាលទ្ធផល ឧទាហរណ៍ បុគ្គល ក អាចសរសេររបាយការណ៍ដោយប្រើជំនាញសរសេរ និងកំព្យូទ័រ។ ប៉ុន្តែមុននឹងបានរបាយការណ៍ បុគ្គល ក ត្រូវដឹងថាតើគួរបញ្ចប់របាយការណ៍នោះនៅពេលណា រឺមានផែនការបញ្ជប់វាដោយរបៀបណា? ត្រូវផ្ញើរទៅអោយនរណាខ្លះ? បើបញ្ចប់មិនទាន់ពេលត្រូវនិយាយពន្យល់គេដូចម្តេច? បើគាត់មានការងារច្រើនក្នុងពេលតែមួយតើគាត់គួរធ្វើរបាយការណ៍នោះមុនរឺយ៉ាងណា? សំនួរទាំងនេះសុទ្ធតែជាជំនាញទន់ទាំងអស់។ តាមពិតវាមិនងាយស្រួលទេក្នុងការសម្រេចការងារដោយប្រើជំនាញរឹងដោយគ្មានជំនាញទន់អមជាមួយ។ ជាទូទៅជំនាញទន់ត្រូវការប្រើប្រាស់សឹងគ្រប់ស្ថានភាពក្នុងការងារប្រចាំថ្ងៃមិនថាសម្រាប់អ្នកធ្វើការការិយាល័យ រឺអ្នកជំនួញឡើយ។

តើជំនាញទន់មានអ្វីខ្លះ?

ជំនាញទន់មានច្រើនណាស់ រាប់មិនអស់ទេ និយាយរួមអោយតែជំនាញដែលអ្នកប្រើសម្រាប់ដោះស្រាយ រឺប្រាស្រ័យទាក់ទងជាមួយមនុស្សជំវិញខ្លួន គឺជាជំនាញទន់ហើយ។ ឧទាហរណ៍ជំនាញទន់គួរអោយចង់សើចតែជាការពិតមួយ គឺជំនាញដែលអ្នកចេះយកចិត្តគ្រូធ្វើអោយគាត់សប្បាយចិត្តហើយគាត់យល់ព្រមពន្យាពេលការងារក្នុងថ្នាក់ដែលគាត់បានដាក់អោយអ្នក។ នោះហើយជាជំនាញប្រាស្រ័យទាក់ទង ដើម្បីទាញយកផលប្រយោជន៍បាន។ ឧទាហរណ៍ជាច្រើនទៀតមានដូចជា ភាពបត់បែនតាមស្ថានភាព ការងារជាក្រុម ការដោះស្រាយបញ្ហា ការមានជំនឿទុកចិត្តលើខ្លួនឯង ចេះគ្រប់គ្រងពេលវេលាបានល្អ ចេះធ្វើការសម្រេចចិត្តបានល្អក្នុងស្ថានភាពអាសន្ន ភាពជាអ្នកដឹកនាំក្រុម ការបែងចែកការងារអោយសមាជិកធ្វើ ការទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃ ការធ្វើអោយអ្នកដ៏ទៃជឿទុកចិត្ត។ល។

ចុះជំនាញរឹងណាដែលត្រូវការជំនាញទន់អមជាមួយ?

មានច្រើនណាស់! តែមានជំនាញរឹងមួយចំនួនត្រូវការជំនាញទន់ជាក់លាក់និងចាំបាច់។

គ្រូពេទ្យ៖ ជំនាញរឹងរបស់គ្រូពេទ្យគឺដឹងពីរបៀបវិភាគជំងឺបានត្រឹមត្រូវ ចំណេះដឹងធ្វើតេស្តលទ្ធផលឈាម រឺរោគសញ្ញា។ ជំនាញទន់របស់គ្រូពេទ្យគឺ មានភាពរួសរាយជាមួយអ្នកជំងឺ មានអំណត់ ចេះនិយាយលើកទឹកចិត្តអ្នកជំងឺ។

អ្នកដឹកនាំ៖ ជំនាញរឹងរបស់អ្នកដឹកនាំគឺការបង្កើតសកម្មភាព និងចក្ខុវិស័យ។ ជំនាញទន់មានដូចជាការលើកទឹកចិត្តក្រុមការងារ ចេះស្តាប់យោបល់ស្របពេលផ្តោតលើគោលដៅដែលចង់បាន ចេះដោះស្រាយបញ្ហាក្នុងក្រុម និងចេះបែងចែកការងារត្រឹមត្រូវទៅដល់សមាជិកធ្វើ។

បុគ្គលិកអង្គការ៖ ជំនាញរឹងរបស់មន្ត្រីអង្គការមានច្រើនតាមផ្នែក ដូចជាផ្នែកធ្វើគម្រោងលើកកម្ពស់ស្ត្រីត្រូវមានចំណេះដឹងលើសិទ្ធិស្ត្រី សុខមាលភាពស្ត្រី បញ្ហាស្រ្តី និងដំណោះស្រាយ។ ជំនាញទន់ មានដូចជាការធ្វើផែនការសកម្មភាព ទំនាក់ទំនងល្អជាមួយអង្គភាពដៃគូរ ធ្វើការងារជាក្រុមជាដើម។

បុគ្គលិកក្រុមហ៊ុន៖ ជំនាញរឹងមានច្រើនតាមផ្នែក ដូចជាខាងរដ្ឋបាលត្រូវមានជំនាញស្មាន កំព្យូទ័រ ចេះរៀបចំកិច្ចប្រជុំ និងការងារប្រតិបត្តិ។ ជំនាញទន់មានដូចជា ផ្តល់ការគាំទ្រ និងរួសរាយជាមួយបុគ្គលិកតាមផ្នែកដ៏ទៃទៀត។

ហេតុអ្វីជំនាញទន់ពិបាករៀន?

ជំនាញទន់ជាជំនាញដែលមិនមានច្បាប់ទៀតទាត់ក្នុងការអនុវត្ត។ វាអាស្រ័យលើសមត្ថភាពបុគ្គលម្នាក់ៗ និងការអនុវត្តច្រើន។ បើអ្នកជាមនុស្សដែលមិនសូវចូលចិត្តនិយាយស្តី អ្នកនឹងពិបាកជម្នះយកជំនាញទំនាក់ទំនង ជាងមនុស្សដែលចូលចិត្តរាប់អានអ្នកដ៏ទៃពីធម្មជាតិ។ ការរៀនជំនាញនេះអាចនិយាយបានថា អាស្រ័យលើលក្ខណៈបុគ្គលផ្សេងៗគ្នា ដូចនេះរៀនជំនាញទន់មួយណារៀនឆាប់ចេះ រឺមិនសូវចេះ ពឹងលើទេពកោសល្យ និងការអនុវត្តរបស់អ្នករៀងៗខ្លួនហើយ។