Tag Archives: IELTS 8.5

សៀវភៅឥតគិតថ្លៃ៖ IELTS Preparation and Practice Listening and Speaking

សៀវភៅនេះគឺសម្រាប់អនុវត្តជំនាញស្តាប់ និងនិយាយ សម្រាប់ការប្រឡង IELTS។ លោកអ្នកអាចចូលទៅគេហទំព័រដើម ដើម្បីធ្វើការដោនឡូតបាន។ មាន audio អោយដោនឡូតទៀត។

ចុចនៅទីនេះដើម្បីដោនឡូត

តី សុវណ្ណារ័ត្ន៖ ជ័យលាភីអាហារូបករណ៍សិង្ហបុរី និងនិស្សិត IELTS 8.5 ចែករំលែកបទពិសោធន៍សិក្សា និងការដាក់អាហារូបករណ៍

វាមិនមែនជារឿងងាយដែលនរណាៗក៏អាចធ្វើបាននោះទេ ដើម្បីទទួលបានពិន្ទុ IELTS ខ្ពស់រហូតដល់ទៅ 8.5។ ដូច្នេះដើម្បីជាការចែករំលែកនូវបទពិសោធន៍និងគន្លឹះល្អៗដល់សិស្សានុសិស្សនិស្សិតខ្មែរ ក្រុមការងារស្រាវជ្រាវរបស់គេហទំព័រអាឡាដាំងមានកិត្តិយសដោយបានជួបសំភាសន៍ជាមួយយុវជនខ្មែរម្នាក់ដែលទទួលបានពិន្ទុ IELTS 8.5  និងអតីតជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតការនិយាយ SpringBoard ហើយយុវជននោះគឺ តី សុវណ្ណារ័ត្ន ដែលជាអតីតសិស្សឆ្នើមមួយរូបជំនាញសិក្សាអន្តរជាតិ នៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ (DIS) នៃវិទ្យាស្ថានភាសាបរទេស (IFL) របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។ បច្ចុប្បន្នសុវណ្ណារ័ត្នក៏ជាជ័យលាភីអាហារូបករណ៍របស់ប្រទេសសិង្ហបុរី ទៅសិក្សានៅសាកលវិទ្យាល័យលីក្វាន់យូ (Lee Kuan Yew School of Public Policy) ជំនាញ Public Policy ផងដែរ។ ដូច្នេះចង់ដឹងថាតើសុវណ្ណារ័ត្នមានគន្លឹះ ក៏ដូចជាពាក្យពេចន៍យ៉ាងណានោះ សូមអញ្ជើញរីករាយអានទាំងអស់គ្នា៖

sovannarath

  • តើសុវណ្ណារ័ត្នអាចចែករំលែក band IELTS នីមួយៗទាំង៤ដែលទទួលបានបានដែររឺទេ?

ខ្ញុំចាំបានថាសម្រាប់ Listening របស់ខ្ញុំបាន ៩.០ Reading បាន ៨.៥ Speaking ខ្ញុំបាន ៨.០ និង Writing បាន ៧.៥។

  • Wow ចុះធ្វើដូចម៉្តេចទើបសុវណ្ណារ័ត្នអាចយកបាន band IELTS ខ្ពស់ៗយ៉ាងនេះ?

គឺសំណាង … ត្រូវហើយគឺយើងត្រូវការសំណាង ហើយយើងមានពីរបីចំនុចដែលត្រូវផ្តោតដែរ។ ចំនុចទី១សំខាន់ជាងគេគឺ preparation (ការត្រៀម) ហ្នឹងតែម្តង ព្រោះថាចំពោះអ្នកដែលមិនដែលប្រឡង IELTS ទេ ខ្ញុំសូមជួយជាយោបល់ថាគាត់គួរតែត្រៀមយ៉ាងហោចណាស់ក៏២ខែដែរ ហើយត្រូវអនុវត្តរៀងរាល់ថ្ងៃចាប់ពី ១ម៉ោងទៅ ១ម៉ោងកន្លះជាប់ៗគ្នា។ យើងអនុវត្តទៅលើជំនាញទាំង៤ រឺអ្វីផ្សេងទៀត។ ចំពោះអ្នកដែលធ្លាប់ប្រឡង IELTS ហើយខ្ញុំគិតថាគាត់អនុវត្តចាប់ពី១ខែទៅ១ខែកន្លះអីទៅ គឺគាត់អាចធ្វើបានហើយ។ ចំនុចទី២ យើងគួរកំណត់តារាងពេលវេលាឲ្យបានច្បាស់លាស់សម្រាប់អនុវត្ត ប៉ុន្តែមិនចាំបាច់អនុវត្តគ្រប់ជំនាញទាំង៤ក្នុងថ្ងៃតែមួយនោះទេ ព្រោះថាបើយើងធ្វើអ្វីមួយច្រើនពេក វានឹងធ្វើឲ្យយើងធុញមិនដូចអ្វីដែលយើងផ្តោតធ្វើតែមួយនោះទេ។ ហើយចំនុចទី៣ គឺដឹងអំពី criteria របស់ IELTS ដែលគេចង់បាន។ ឧទាហរណ៍មានដូចជា fluency, coherence, grammar, accuracy និង word use ជាដើម។ យើងមើលលើទាំងអស់ហ្នឹង ហើយព្យាយាមបំពេញវា។ ឧទាហរណ៍ សម្រាប់ coherence និង grammar យើងត្រូវដឹងថាពេលណាគួរសរសេរដោយប្រើទម្រង់អតីតកាល រឺក៏ពេលខ្លះជាទម្រង់អនាគតកាល។ ចំពោះ word use វិញ យើងត្រូវចេះប្រើពាក្យកម្រិតខ្ពស់ៗ រឺស្មុគស្មាញ ខ្ញុំសូមលើកឧទាហរណ៍មួយដូចជាយើងគួរប្រើពាក្យ picturesque ជាជាងការប្រើពាក្យ beautiful ហើយនិងប្រើ idiom អោយបានច្រើន ជាឧទាហរណ៍បើយើងចង់និយាយថា I am sick យើងអាចនិយាយបានម្យ៉ាងទៀតដូចជា I am feeling under the weather ជាដើម។ តែពេលណាអ្នកអាចបំពេញ criteria បានហើយ អ្នកនឹងទទួលបានពិន្ទុខ្ពស់ វាជាការពិត។

  • ចុះ សុវណ្ណារ័ត្ន មាន tips អីខ្លះអត់សម្រាប់រៀនពាក្យទាំងអស់នោះ?

ចាំខ្ញុំណែនាំគេហទំព័រពីរដែលខ្ញុំបានរៀនពីវា គឺអាទីមួយឈ្មោះថា ieltsliz.com មានសារៈប្រយោជន៍បំផុតសម្រាប់រៀនត្រៀមព្រោះគំរូនៅក្នុងគេហទំព័រនឹងជាគំរូ band ៩.០ ទាំងអស់ ជាពិសេសពេលខ្ញុំរៀនអនុវត្តជំនាញសរសេរ គឺខ្ញុំពឹងលើគេហទំព័រមួយហ្នឹង។ ដំបូងដើម្បីបំពេញ criteria យើងត្រូវរៀនសរសេរតាមតែងសេចក្តីដែលបាន band ៩.០ ទាំងអស់នឹងសិន។ ចំពោះជំនាញស្តាប់ គឺខ្ញុំដោនឡូតសៀវភៅយកមកអនុវត្ត។ ចំនែកជំនាញនិយាយវិញ ខ្ញុំសូមណែនាំគេហទំព័រមួយទៀត គឺ ieltsadvantage.com ដែលប្រាប់ពីគំនិតក្នុងការនិយាយ និងរបៀបបំពេញ criteria ជំនាញនិយាយ។ អ្វីគ្រប់យ៉ាងគឺជាការអនុវត្ត និងចេះប្រើប្រភពមានសារៈប្រយោជន៍។

  • ចុះតើ សុវណ្ណារ័ត្ន គិតថាយើងគួរចំណាយថវិការៀនក្នុងថ្នាក់សិនទេ មុនទៅប្រឡង IELTS?

ខ្ញុំក៏ជាអ្នកបានរៀនត្រៀមនៅ springboard ដែរ ហើយខ្ញុំគិតថាអ្នកដែលមិនធ្លាប់ប្រឡង IELTS គួរទៅរៀនត្រៀមដើម្បីឲ្យដឹងថាតេស្តនឹងគេធ្វើយ៉ាងម៉េច ហើយគេផ្តោតលើអ្វី។ អ្នកដែលធ្លាប់ប្រឡងហើយក៏គួររៀនត្រៀមដែរព្រោះយើងអាចរំលឹកឡើងវិញ។

  • បន្ថែមលើភាពជោគជ័យនៃការប្រឡង IELTS វណ្ណារ័ត្ន ក៏បានជាប់អាហារូបករណ៍អនុបណ្ឌិតទៅរៀននៅសាកលវិទ្យាល័យ លីក្វាន់យូ នៃប្រទេសសឹង្ហបុរីផងដែ។ តើវណ្ណារ័ត្នអាចប្រាប់ពីប្រភេទអាហារូបករណ៍នឹងបានទេ ដូចជានរណាជាអ្នកឧបត្ថម្ភ ហើយដឹងតាមរបៀបណា?

Lee Kuan Yew School of Public Policy គឺជាផ្នែកមួយនៃសាកលវិទ្យាល័យជាតិសឹង្ហបុរី (National University of Singapore)។ អ្នកដែលផ្តល់អាហារូបករណ៍នេះគឺជាសាលាផ្ទាល់ មិនមែនជាប្រភេទអាហារូបករណ៍របស់រដ្ឋាភិបាលទេ ហើយក៏មិនសូវមានមនុស្សច្រើនដឹងពីអាហារូបករណ៍នេះដែរ។ ប៉ុន្តែជាសំណាង ខ្ញុំបានដឹងវាតាមរយៈការចែករំលែកពត៌មានមួយនៅសណ្ឋាគារ Intercontinental ហើយវាបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍។

  • តើការទៅរៀនអនុបណ្ឌិតមានទាក់ទងជាមួយមុខវិជ្ជាដែលវណ្ណារ័ត្នបានរៀននៅ IFL និង ITC ទេ?

អត់ទេ។ សម្រាប់ ITC គឺអត់តែម្តង ប៉ុន្តែសម្រាប់មុខវិជ្ជាទំនាក់ទំនងអន្តរជាតិនៅ IFL វិញទាក់ទងច្រើន។ ហើយខ្ញុំគិតថាយើងគួរជ្រើសរើសរៀនមុខវិជ្ជាតែមួយបានហើយ ដើម្បីមានពេលវេលាគ្រប់គ្រាន់រៀនយកពិន្ទុ GPA ឲ្យបានខ្ពស់ និងប្រឡូកក្នុងការងារខាងក្រៅបានច្រើន ដែលទាំងអស់នេះសុទ្ធសឹងជាអ្វីដែលគេចង់បានពេលដែលយើងដាក់ពាក្យអាហារូបករណ៍។

  • តាមគំនិតរបស់ វណ្ណារ័ត្ន តើគណៈកម្មាធិការអាហារូបករណ៍សម្លឹងចង់បានអ្វីពីអ្នកដាក់ពាក្យ?

ដំបូងសូមនិយាយថាចម្លើយរបស់ខ្ញុំមិនទូទៅទេ ព្រោះខ្ញុំក៏មិនសូវជ្រាបច្បាស់ដែរ។ ប៉ុន្តែបើតាមខ្ញុំគិត អាហារូបករណ៍នេះផ្តោតទៅលើការបង្កើតឲ្យមានឥទ្ធិពលក្នុងសង្គម អ្វីដែលអ្នកបានធ្វើសម្រាប់សង្គម ទោះបីជាប្រវត្តិការសិក្សាល្អក៏ត្រូវបានគេពិចារណាដែរ។ សម្រាប់ខ្ញុំបានធ្វើការនៅក្រុមហ៊ុនវិស័យកសិកម្មមួយ ហើយខ្ញុំបានដឹងអំពីរបៀបធ្វើអោយដំណាំលូតលាស់ប្រសើរ។ ខ្ញុំចង់និយាយថា វាមិនចាំបាច់ជាឥទ្ធិពលមួយធំពេកទេដែលយើងធ្វើសម្រាប់សង្គម។ អោយតែយើងមានបទពិសោធន៍ការងារ ទោះជាការងារស្ម័គ្រចិត្តក្តី គឺយើងនឹងមានឱកាស។ ប្រវត្តិការសិក្សាវិញក៏ត្រូវការដែរ បើយើងបានអានច្រើន យើងនឹងអាចឆ្លើយបានល្អទៅនឹងសំនួរសម្ភាសន៍ ហើយមានអាហារូបករណ៍មួយចំនួនពិតជាផ្តោតលើប្រវត្តិការសិក្សាល្អមែន។ បើបាន GPA ចាប់ពី ៣.៥ ឡើងទៅគឺនឹងមានឱកាសខ្ពស់ ប៉ុន្តែមិនមែនបានន័យថាអ្នកដែលបានតិចជាងនឹងគ្មានឱកាសនោះទេ។ សំខាន់គឺត្រូវសាកល្បងមើលសិន។ អ្នកត្រូវដឹងថាមានអាហារូបករណ៍ច្រើនណាស់ដែលរង់ចាំអ្នក បើអ្នកមិនព្យាយាមទេអ្នកដទៃដែលចាប់យកឱកាសនេះនឹងបានជោគជ័យមុន។

  • ចុះតើ វណ្ណារ័ត្ន គិតថាហេតុអ្វីបានជាអ្នកដាក់ពាក្យខ្លះធ្លាក់? តើមកពីកត្តាអ្វី?

គឺសំណាង វាក៏ជាអ្វីមួយដែលរួមចំនែកដែរ។ បើខ្ញុំដែលទើបតែបញ្ចប់ការសិក្សាដាក់ពាក្យហើយមានអ្នកដែលបានបញ្ចប់ការសិក្សាមុនខ្ញុំដែលមានបទពិសោធន៍ការងារច្រើនទៅដាក់ពាក្យដែរ ប្រហែលជាខ្ញុំមានសង្ឃឹមតិច។ ខ្ញុំសំណាងប្រហែលជាមិនមានមនុស្សច្រើនដាក់អាហារូបករណ៍នេះ ព្រោះពួកគេមិនសូវដឹងពីអាហារូបករណ៍នេះ។ មួយទៀតដូចការប្រឡង IELTS ដែរគឺ criteria។ បើយើងអាចបំពេញ criteria ទាំងអស់បានយើងនឹងជាប់។ ក្នុងនោះយើងត្រូវមានទាំងបទពិសោធន៍ការងារ និងប្រវត្តិការសិក្សាល្អ បើសិនមានមួយអត់មួយក៏ចន្លោះប្រហោងដែរ។ បើបានទាំងពីរ គឺយើងបំពេញ criteria ដែលគេចង់បាន។

  • វណ្ណារ័ត្នទើបតែបញ្ចប់ការសិក្សាសោះ ប៉ុន្តែទទួលបានអាហារូបករណ៍ទៅរៀននៅសាលាលីក្វាន់យូ ដ៏ល្បីក្នុងតំបន់អាស៊ី តើអ្វីទៅដែលធ្វើឲ្យវណ្ណារ័ត្នខុសពីអ្នកដ៏ទៃ ព្រោះមានអ្នកខ្លះអាយុច្រើនមានបទពិសោធន៍ការងារក៏ច្រើនជាងវណ្ណារ័ត្នដែលមិនបានជាប់អាហារូបករណ៍នេះ?

ខ្ញុំនៅតែគិតថាមកពីសំណាង។ សំណាងកាន់តែមាន ពេលយើងកាន់តែខិតខំ។

  • សន្មត់ថាពេលនេះ វណ្ណារ័ត្នកំពុងនិយាយទៅកាន់និស្សិតឆ្នាំទី៤ រឺនិស្សិតដែលទើបបញ្ចាប់ការសិក្សាហើយ តើ វណ្ណារ័ត្ន មានអ្វីនិយាយទៅកាន់ពួកគេ? តើពួកគេគួរបន្តការសិក្សានៅបរទេសរឺនៅក្នុងស្រុក?

បើសិនជានិស្សិតចង់ដាក់អាហារូបករណ៍ គួរចាប់ផ្តើមធ្វើវាឲ្យបានលឿន មិនចាំបាច់ចាំរហូតដល់ពេលរៀនចប់នោះទេ។ អ្នកអាចត្រៀមពីរបៀបរៀបចំការដាក់ពាក្យ ការឆ្លើយសំនួរក្នុងពាក្យអាហារូបករណ៍ ដើម្បីអោយស៊ាំទៅនឹងវា។ បើអ្នកចូលចិត្តរៀនដូចខ្ញុំ ខ្ញុំគិតថាអ្នកអាចរៀនបន្តអនុបណ្ឌិត ព្រោះនៅពេលដែលយើងមានអាយុម្ភៃជាង យើងនឹងមានសញ្ញាបត្រអនុបណ្ឌិតមួយ ហើយយើងនៅសល់ពេលវេលា១០ឆ្នាំខាងមុខទៀតដើម្បីធ្វើអ្វីមួយសម្រាប់សង្គម។

  • តើ សុវណ្ណារ័ត្ន មានគម្រោងអ្វីបន្ទាប់ពីត្រឡប់មកពីការសិក្សាវិញ?

បន្ទាប់ពីខ្ញុំបានរៀននិងយល់ដឹងអំពីការអនុវត្តគោលនយោបាយសាធារណៈនៅប្រទេសសឹង្ហបុរីហើយ ខ្ញុំនឹងត្រឡប់មកប្រទេសកម្ពុជាវិញនិងបម្រើការងារនៅតាមស្ថាប័នអង្គការ ដោយប្រើប្រាស់គោលនយោបាយសាធារណៈ។ ទន្ទឹមនឹងពេលនោះ ខ្ញុំក៏នឹងពិចារណាបន្តយកបណ្ឌិតផងដែរ។

14423775_1352838558082748_1183064814_o

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។