Tag Archives: Catalonia

រឿងពិត​និងនយោបាយជាប់ទាក់ទងនឹង Barcelona ក្នុងប្រទេសអេស្ប៉ាញ

សំនួរសួរថាតើ Barcelona អាចជាទីក្រុងរបស់ប្រទេសអេស្ប៉ាញបន្តទៀតទេទៅថ្ងៃមុខ?

ប្រិយមិត្តអ្នកអាន ជាពិសេសអ្នកដែលចូលចិត្តតាមដានវិស័យកីឡាបាល់ទាត់ប្រាកដជាបានស្គាល់ Barcelona ដែលជាក្លិបកំពូលមួយក្នុង La Liga របស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថាទីក្រុង Barcelona (និងជាក្លឹបបាល់ទាត់) អាចនឹងផ្តាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញដើម្បីក្លាយជារដ្ឋមួយឯករាជ្យ។ បើដូចនេះមែន ក្លឹបបាល់ទាត់កំពូល Barcelona នឹងត្រូវបានដកចេញឲ្យឈប់លេងក្នុង La Liga ជាក់ជាមិនខាន។

ប្រវត្តិសង្ខេប

Barcelona គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងបួននៃទឹកដីរបស់ជនជាតិកាតាឡាន់ (Catalan) ដែលមានភាសា ច្បាប់ និងទំនៀមទំលាប់ ខុសពីតំបន់ផ្សេងទៀតក្នុងប្រទេសអេស្ប៉ាញ។ សង្រ្គាមក្នុងសម័យស្តេច ហ្វីលីភទី៥ បានបញ្ចប់ដោយយកឈ្នះលើកាតាឡូនា (Catalonia) នៅឆ្នាំ១៧១៤ ដោយត្រូវតម្រូវឲ្យតំបន់កាតាឡូនាប្រើច្បាប់ និងភាសារបស់អេស្ប៉ាញ។ នៅក្នុងឆ្នាំ១៩៣១ កាតាឡូនាត្រូវបានអនុញ្ញាតអោយបង្កើតរដ្ឋាភិបាលផ្ទាល់ខ្លួនដែលស្ថិតក្រោមចំនុះរដ្ឋាភិបាលអេស្ប៉ាញ។ រហូតដល់ឆ្នាំ១៩៧៧ ទើបតំបន់កាតាឡូនាត្រូវបានផ្តល់ស្វ័យភាពពេញលេញ នៅពេលប្រទេសអេស្ប៉ាញក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ។

ចាប់តាំងពីពេលនោះមកជនជាតិកាតាឡាន់បន្តទាមទារឲ្យមានការពិចារណាលើឯករាជ្យភាពរបស់ខ្លួនចេញពីប្រទេសអេស្ប៉ាញ ដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសអេស្ប៉ាញប្រើប្រាស់កំណើនសេដ្ឋកិច្ចរបស់តំបន់កាតាឡូនាដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀតនៃប្រទេស ព្រោះតំបន់កាតាឡូនា (ក្នុងនោះមានទីក្រុង Barcelona) គឺជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដែលរួមបង្កើត ១៨.៨ ភាគរយ នៃផលិតផលក្នុងស្រុកទាំងអស់ (ច្រើនជាងទីក្រុង Madrid ដែលមាន ១៧.៦ ភាគរយ)។ ភាពតានតឹងកាន់តែខ្លាំង កើតឡើងចាប់ពីឆ្នាំ២០១០ ដោយក្នុងនោះរដ្ឋាភិបាលកាតាឡូនាបានធ្វើប្រជាមតិលើការទាមទារឯករាជ្យភាពពីអេស្ប៉ាញ ដែលនៅពេលនោះរដ្ឋាភិបាលអេស្ប៉ាញចាត់ទុកថាជាទង្វើខុសច្បាប់។

ការពិតអំពី Barcelona

ខាងក្រោមនេះគឺជាទង់ជាតិរបស់ជនជាតិកាតាឡាន់៖

catalonia flag

អ្នកប្រាកដជាបានយល់ហើយថាហេតុអ្វីបានជាក្រុមបាល់ទាត់ Barcelona ប្រើប្រាស់ឯកសណ្ធានស្រដៀងនឹងរូបទង់ជាតិដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។

ដោយសារតែទីក្រុង Barcelona គឺជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេក្នុងប្រទសអេស្ប៉ាញ ទើបក្រុមបាល់ទាត់មួយនេះមានលទ្ធភាពទិញយកកីឡាករបាល់ទាត់ល្បីជុំវិញពិភពលោក។

រឿងពិតមួយទៀតដែលអ្នកមិនចាប់អារម្មណ៍ គឺការប្រកួតរវាងក្រុម Barcelona និងក្រុម Real Madrid តែងតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដោយសារតែក្រុមទាំងពីរនេះហាក់បីដូចជាសត្រូវនឹងគ្នាព្រោះពួកគេមានអត្តសញ្ញាណជាតិសាសន៍ខុសគ្នា និងកំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នាលើការទាមទារឯករាជ្យសំរាប់ជនជាតិកាតាឡូនា និងសំរាប់ Barcelona ផងដែរ។

សព្វថ្ងៃនេះទោះបីជាលទ្ធផលប្រជាមតិបានបង្ហាញថាជនជាតិកាតាឡាន់ (Catalan) មិនទាន់មានការយល់ស្របពិតប្រាកដមួយនៅឡើយលើបញ្ហាឯករាជ្យភាព ជាតិនិយមនេះនឹងនៅតែបន្តទៅថ្ងៃមុខ។ ដោយឡែក អនាគតក្រុមបាល់ទាត់កំពូលរបស់អេស្ប៉ាញ Barcelona នឹងមិនដឹងថាក្លាយជាយ៉ាងណានៅឡើយទេ។ វាអាចទៅរួចដែលថាក្រុមកំពូលនេះនឹងផ្តាច់ខ្លួនពីប្រទេសអេស្ប៉ាញ ហើយគ្មានលីកបាល់ទាត់លេងនឹងគេ។