Tag Archives: 7C

រូបមន្ត 7 C សម្រាប់ជោគជ័យក្នុងការដាក់អាហារូបករណ៍

ដូចដែលប្រិយមិត្តរបស់គេហទំព័រអាឡាដាំងបានដឹងរួចមកហើយថា ជារៀងរាល់​ឆ្នាំអាហារូបករណ៍ដែលផ្តល់មកឲ្យសិស្សនិស្សិតកម្ពុជាច្រើនមែនទែនសម្រាប់ផ្តល់ឱកាសក្នុងការកសាងធនធានមនុស្សក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើប្រៀបធៀបជាមួយនឹងចំនួនសិស្សានុសិស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ចំនួនអាហារូបករណ៍ទាំងនោះនៅមានបរិមាណតិចនៅឡើយដែលជាហេតុធ្វើឲ្យមានការប្រកួតប្រជែងខ្ពស់ក្នុងការដណ្តើមយកជ័យជម្នះនៅលើសង្វៀនអាហារូបករណ៍។ ដូច្នេះហើយ ដើម្បីឲ្យបានសម្រេចក្នុងការទទួលបានអាហារូបករណ៍ អ្នកគួរត្រៀមយុទ្ធសាស្រ្តមួយចំនួនដើម្បីទប់ទល់នឹងបេក្ខជនដទៃទៀត។ ថ្ងៃនេះក្រុមស្រាវជ្រាវរបស់យើងខ្ញុំនឹងយើងយកអត្ថបទប្រែសម្រួលមួយដោយមានការបន្ថែមនូវបទពិសោធន៍ផ្ទាល់ខ្លួនខ្លះផងនោះ មកចែកជូនប្រិយមិត្តទាំងអស់គ្នាទុកជាការត្រិះរិះពិចារណា ហើយបើគិតថាល្អ ពេញចិត្តអាចយកទៅអនុវត្តបាន។ វិធីសាស្រ្តដែលនឹងត្រូវលើកមកបកស្រាយនេះមានឈ្មោះថា “វិធីសាស្រ្ត C ទាំង ៧។ តោះ! រីករាយទាំងអស់គ្នា។

១) Content

Content នៅទីនេះសំដៅទៅលើអ្វីដែលជាមាតិកាសំខាន់របស់ពត៌មានដែលអ្នកទទួល។ ឧទាហរណ៍អ្នកអានសៀវភៅ ឬក៏អត្ថបទណែនាំអំពីរបៀបដាក់អាហារូករណ៍ អ្នកគួរឈ្វេងយល់ថាតើអ្វីដែលអ្នកកំពុងអាននោះពិតជាមានប្រយោជន៍អាចយកជាការបានដែរឬទេ។ ចូរប្រើប្រាស់ពត៌មានដែលអ្នកទទួលបានឲ្យ​មានប្រយោជន៍ និងមានប្រសិទ្ធភាព ជៀសវាងខាតពេលឥតប្រយោជន៍ និងទទួលពត៌មានខុស។

២)​ Commitment

ការតាំងចិត្តមានសារៈសំខាន់ណាស់ក្នុងការដាក់អាហារូបករណ៍។ មិនមែនគ្រប់គ្នាសុទ្ធតែដាក់ពាក្យម្តង ចប់នោះទេ។ អ្នកខ្លះដាក់ធ្លាក់ៗ ឡើងស្ពឹកមុខ តែគេមិនបោះបង់ នៅទីបញ្ចប់គេក៏ទទួលបានអាហារូករណ៍នោះតាមបំណង។

៣) Communicate 

ពាក្យចាស់លោកពោលថា “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់“។ ជាការពិតណាស់អ្នកមិនមែនដឹងគ្រប់រឿងទទួលបានពត៌មានគ្រប់ពេលវេលានោះទេ ដូច្នេះហើយត្រូវហ៊ានសួរឬប្រាប់មិត្តភក្តិរបស់អ្នកថាអ្នកចង់ដាក់អាហារូបករណ៍ បើសិនជាមានពត៌មានអ្វីទាក់ទងនឹងអាហារូបករណ៍សូមជួយប្រាប់ផង។ មួយវិញទៀត បើសិនជាមានផេក ឬគេហទំព័រណាដែលផ្តល់សេវាឥតគិតថ្លៃដូចជាអាឡាដាំងជាដើម អ្នកគួរសួរ ឬសុំ​ជាយោបល់ ហើយធ្វើដូចនេះអ្នកនឹងទទួលបានពត៌​មាន ក៏ដូចជាបទពិសោធន៍ខ្លះៗផងដែរ។ ហើយបើសិនជាអ្នកមានទំនាក់ទំនងល្អ ស្គាល់អ្នកដែលធ្លាប់ជាប់អាហារូបករណ៍ពីមុនមក អ្នកអាចសាកសួរពួកគេបាន។

៤) Causes

ឆ្លៀតឱកាសធ្វើការងារស្ម័គ្រចិត្តទៅលើអ្វីដែលអ្នកមានចំណាប់អារម្មណ៍ខ្លាំង (volunteer for causes you’re passionate about)។ អ្នកដែលមានបទពិសោធន៍ការងារស្ម័គ្រចិត្តច្រើន មើលទៅគួរជាទីចាប់អារម្មណ៍របស់អ្នកផ្តល់​អាហារូបករណ៍មែនទែន ពីព្រោះថាគេក៏ជាអ្នកស្ម័គ្រចិត្តផ្គត់ផ្គង់ថវិកាឲ្យអ្នកដែលត្រូវការវាដើម្បីសិក្សាដែរ។ ដូច្នេះហើយ បទពិសោធន៍ស្ម័គ្រចិត្តគឺជារឿងល្អមួយដែលអ្នកមិនគួរមើលរំលង។

៥) Create

បើសិនជាមិនមានឱកាសណាដែលត្រូវបានគេផ្តល់​ឲ្យទេ អ្នកត្រូវចេះបង្កើតឱកាសមួយដោយខ្លួនឯង។ ឧទាហរណ៍ថា នៅសាលារបស់អ្នកមិនមានក្លឹបសិក្សាដែលអ្នកចង់ចូលរួមនោះទេ អ្នកអាចបង្កើតក្លឹបមួយដោយខ្លួនឯង។ វាសំខាន់ណាស់ព្រោះវាអាចបង្ហាញថាអ្នកមានសមត្ថភាពក្នុងការដឹកនាំ និងបង្កើតថ្មី (take initiative)។

៦) Compliment

នៅពេលដែលអ្នកបំពេញពាក្យសុំអាហារូបករណ៍ សូមកុំដាក់ខ្លួនហួសហេតុពេក។ និយាយរួម ត្រូវចេះលក់ខ្លួន គឺត្រូវចេះប្រូម៉ូតខ្លួន លើកសរសើរពីលទ្ធផលដែលសម្រេចបានទាំងការសិក្សា និងការងារផ្សេងៗ។ បើអ្នកមិនប្រាប់គេ គេម៉េចនឹងដឹង? ប៉ុន្តែ​ត្រូវ​ចេះ​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ។ កុំ​និយា​យ​ត្រង់​ពេក ដោយ​គ្មាន​ភស្តុតាង។

៧) Curriculum

បើសិនជាសាលារបស់អ្នករៀនតាមបែបក្រេឌីត អ្នកគួរតែថ្លឹងថ្លែង (balance) រវាងមុខវិជ្ជាដែលអ្នកជ្រើសរើស កុំរើសយកមុខវិជ្ជាណាដែលលំបាកទាំងអស់ ឬស្រួលទាំងអស់។ អាហារូបករណ៍ភាគច្រើន គេគិតលើ GPA ដូច្នេះបើ GPA អ្នកទាបពេក ប្រហែលជាគេផ្តល់ឱកាសឲ្យអ្នកផ្សេង តែបើអ្នករៀនតែមុខវិជ្ជាស្រួលពេក គេគិតថាអ្នកមិនមានសមត្ថភាពរៀនមុខវិជ្ជាដែលលំបាក។ អញ្ជឹងហើយ ត្រូវគិតលើរឿងនេះ។

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងខ្លះៗតាមរយៈអត្ថបទមួយនេះ។ បើ​មានចន្លោះខ្វះខាតត្រង់ណានោះ យើងខ្ញុំរីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា។ សូមអរគុណ!