Tag Archives: កំហុស

អ្នកត្រូវជៀសវាងកំហុសទាំងនេះនៅពេលដាក់ពាក្យអាហារូបករណ៍

“Success often teaches you mistakes.”

ក្នុង​ការ​ដាក់ពាក្យ​​អាហារូបករណ៍ បេក្ខជន​មួយ​ចំនួន​បាន​សម្រេច​នូវ​អ្វី​ដែល​គណៈកម្មការ​ចង់​បាន ប៉ុន្តែ​ក៏​មាន​បេក្ខ​ជន​មួយ​ចំនួន​បាន​បង្កើត​កំហុស​ផង​ដែរ។ នៅ​ពេល​នេះ យើង​នឹង​នាំ​លោក​អ្នក​មក​មើល​កំហុស​ទូទៅដែល​ត្រូវ​ជៀស​វាង​​​នៅ​ពេល​ដាក់​អាហារូបករណ៍។

១. ឆ្លើយ​សំណួរ​អាហារូបករណ៍​មិន​ចំ​គោល​ដៅ

កំហុស​មួយ​ដែល​ធ្វើឲ្យ​​ឱកាស​ជោគជ័យ​របស់​អ្នក​បាត់​បង់​ គឺឆ្លើយ​​​សំណួរ​មិន​ចំ​អ្វី​​ដែល​គេ​ចង់​បាន។ បេក្ខជន​ខ្លះ​មិន​បាន​ព្យាយាម​ត្រិះរិះ​សំណួរ​ដែល​ខ្លួន​ឯង​បាន​អាន​នោះ​ទេ។ ពួក​គាត់​ចាប់​ផ្តើម​សរសេរ​ភ្លាម ព្រោះ​គិត​ថា​ខ្លួន​ឯ​ង​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​សរសេរ​ចម្លើយ។ ជួន​កាល​ ការ​ឆ្លើយ​របស់​ពួក​គាត់​គឺ​ជា​ការ​ឆ្លើយ​ឲ្យ​ខ្លួន​សោះ ប៉ុន្តែ​មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​បាន។ មួយ​វិញ​ទៀត បើ​អ្នក​ដាក់​អាហារូបករណ៍​ច្រើនប្រភេទ អ្នក​ប្រ​ហែល​ធ្លាប់​ឆ្លើយ​សំណួរ​អាហារូបករណ៍​ផ្សេង​ៗ និង​បាន​រក្សា​ចម្លើយ​ទាំង​នោះ​ទុក​។ ប្រសិន​បើ​អ្នក​យក​ចម្លើយ​ដដែល​នោះ​មក​ឆ្លើយ​សំណួរ​អាហារូបករណ៍​ថ្មី​មួយ​ទៀត អ្នក​នៅ​តែ​បង្កើត​កំហុស​ដដែលៗ។ ដូច​នេះ​អ្នក​គប្បី​សរសេរ​ចម្លើយ​ថ្មី​មួយ​ទៀត​សំរាប់​ប្រ​ភេទ​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់​ពាក្យ។

២. ដាក់​ពាក្យ​មិន​ទាន់​ពេល​កំណត់

បញ្ហា​ដាក់​ពាក្យ​មិន​ទាន់​ពេល​កំ​ណត់​កើត​ឡើង​ជារឿយៗ។ មិន​ចាំ​បាច់​និយាយ​ក៏​ដឹង​ថា​អ្នក​នឹង​ធ្លាក់​ដែរ បើ​អ្នកមិន​​បាន​ដាក់​ពាក្យ​អោយ​ទាន់​ពេល​ដែល​គេ​ចង់​បាន។ ការ​​ដាក់​ពាក្យ​អោយ​ទាន់​កាល​បរិច្ឆេទ​នេះ​ គឺ​ជា​ការ​ពិបាក​សំរាប់​សិស្ស​និង​និស្សិត​ដែល​ទើប​តែ​ដាក់​ពាក្យ​ដំបូង​ ព្រោះ​ពួក​គេ​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់។ វិធី​ងាយ​ៗ​គឺ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ប្រ​ភេទ​អាហារូបករណ៍​ដែល​អ្នក​ចង់​ដាក់ ដូច​ជា​ស្វែង​រក​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ម្ចាស់​អាហារូបករណ៍ រួច​អាន​អោយ​ច្បាស់។ បន្ទាប់​មក​អ្នកគួរ​បង្កើត​កាល​បរិច្ឆេទ​ការងារ​ដែល​ត្រូវ​បំពេញ។​ អ្នក​ត្រូវ​ធ្វើ​អាទិភាព​សំរាប់​ការងារ​ដែល​ចាំ​បាច់​ជាង​គេ។ ឧទាហរណ៍ ការ​សុំ​លិខិត​យោង​ពី​មនុស្ស​ដែល​អ្នក​ស្គាល់ ព្រោះ​ការ​សុំ​លិខិត​នេះ​អាច​ត្រូវ​ចំណាយ​រយៈ​ពេល​យូរ។​

៣. សរសេរ​ខុស​ច្រើន

ពេលដែល​​អ្នក​ដាក់​ពាក្យ​​អាហារូបករណ៍ បាន​ន័យ​ថា​អ្នក​គឺ​ជាអ្នក​សរសេរ​ដ៏​ជំនាញ​ម្នាក់។ កំហុស​បន្តិច​បន្តួច​នៅ​ក្នុង​ការ​សរសេរ​របស់​អ្នក​អាច​ធ្វើ​អោយ​អ្នក​បាត់​បង់​ឱកាស។ ត្រូវ​ចាំ​ថា​គណៈកម្មការ​វាយ​តំលៃ​ការ​ដាក់​ពាក្យ​របស់​អ្នក គឺងាយ​នឹង​ទទួល​ឥទ្ធិពល ដោយ​ឃើញ​កំហុស​របស់​អ្នក​ ដូច​ជា​ការ​ប្រកប​ពាក្យ​ខុស សរសេរ​ខុស​វេយ្យាករណ៍ ភ្លេច​ប្រើ​សញ្ញា រឺ​ប្រភេទ​និង​ទំហំ​អក្សរ​ខុស​គ្នា។ ដូច​នេះ អ្នក​គួរ​តែស្វែង​​រក​មិត្ត​ភក្តិ រឺ​អ្នក​ពូកែ​ណា​ម្នាក់​ឲ្យ​ជួយ​អាន​និង​រក​កំហុស​របស់​អ្នក មុន​ពេល​ដាក់​ពាក្យ។

៤. មិន​ចេះ​ធ្វើ​ឲ្យ​អ្នក​អាន​ចាប់​អារម្មណ៍​ការ​សរសេរ​ពាក្យ​របស់​អ្នក

ទោះ​បី​ជា​អ្នក​បាន​ឆ្លើយ​សំណួរ​ចំ​អ្វី​ដែល​គេ​ចង់​បាន​ក៏​ដោយ រឿង​មួយ​ដែល​អ្នក​គួរ​យល់​គឺ​ចំនួន​បេក្ខជន​ដែល​ដាក់​ពាក្យ​មាន​ច្រើន ហើយ​ក្នុង​ចំ​ណោម​ពួក​គេ​ក៏​មាន​អ្នក​ឆ្លើយ​ចំ​សំណួរ​ដែរ។ ដើម្បី​អោយ​លេច​ធ្លោ​ក្នុង​ចំណោម​ពួក​គេ អ្នក​ត្រូវ​ប្រាកដ​ថាការ​ប្រើ​ប្រាស់​​ពាក្យ​របស់​អ្នក​មាន​ភាព​ទាក់​ទាញ​ដល់​អ្នក​អាន និង​ធ្វើ​អោយ​គេ​ចង់​អាន​រហូត​ដល់​ចប់។ តាម​ពិត​អ្នក​គ្រាន់​តែ​សរសេរ​កថាខណ្ឌ​ខ្លី ប៉ុន្តែ​ភ្ជាប់​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ​អោយ​បាន​ល្អ ងាយ​ស្រួល​ចាំ មាន​ឧទាហរណ៍ មាន​សម្រង់​សម្តី និង​បង្កប់​សេច​ក្តី​បញ្ចប់​យ៉ាង​ពិស្តារ ជា​ការ​ស្រេច។

៥. ចេះ​តែ​ដាក់​ពាក្យ​ ទាំង​ដឹង​ថា​ខ្លួន​ឯង​​មិន​សាក​សម

មាន​ប្រ​ភេទ​អាហារូបករណ៍​ច្រើន​ណាស់​ជុំ​វិញ​ពិភពលោក ហើយ​អាហារូបករណ៍​នីមួយៗ​មាន​ចែង​នូវ​សិទ្ធិ​​សំរាប់​បេក្ខជន​របស់​ពួក​គេ។​ ទោះ​បី​ជា​អ្នក​អាច​ឆ្លើយ​សំណួរ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ក៏​មិន​អាច​ជាប់​ដែរ​ព្រោះ​អ្នក​កំពុង​ដាក់​ពាក្យ​អាហារូបករណ៍​ដែល​អ្នក​គ្មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់។ ឧទាហរណ៍ អាហារូបករណ៍​ខ្លះ​​តម្រូវ​អោយ​បេក្ខជន​មាន​បទ​ពិសោធន៍​ការងារ​ពីរ​ឆ្នាំ​យ៉ាង​តិច។ នៅ​ពេល​ដែល​អ្នក​ស្គាល់​ប្រ​ភេទ​អាហារូបករណ៍​កាន់​តែ​ច្រើន​ហើយ អ្នក​គប្បី​ធ្វើមូលដ្ឋាន​ទិន្នន័យ​មួយ​សំរាប់​រាយ​ប្រភេទ​អាហារូបករណ៍ជាមួយ​នឹង​លក្ខខណ្ឌ​របស់​​ពួកគេ។

៦. អ្នក​គឺ​ជា​សត្រូវ​​ខ្លួន​ឯង

ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់ ដែល​ការ​ពិត​មួយ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ចំ​នួន​សិស្ស​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ដាក់​ពាក្យ​អាហារូបករណ៍ ដោយ​សារ​​ការ​វាយ​តំលៃ​ខ្លួន​ឯង​ខុស។ ជា​ទូទៅ​សិស្ស​តែង​តែ​គិត​ថា​ពួក​គេ​មិន​អាច​មាន​ឱកាស​ជាប់ ហើយ​អាហារូបករណ៍ខ្លះ​​អោយ​តែ​មុខ​ជំនាញ​សិក្សា​ដែល​មិន​ត្រូវ​​នឹង​ជំនាញ​របស់​ពួកគេ។ ត្រូវ​ចាំ​ថា​អ្នក​ដែល​បាន​ជាប់​អាហារូបករណ៍​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​អារម្មណ៍​បែប​នេះដែរ។ អ្នក​ដែល​ជាប់​អាហារូបករណ៍​បាន​អោយ​យោបល់​ថា​៖

(សិស្ស​គ្រប់​គ្នា​តែង​តែចាប់​ផ្តើម​ដំបូង​ដោយ​​សង្ស័យ​​សមត្ថភាព​ខ្លួន​ឯង ប៉ុន្តែ​រឿង​សំខាន់​គឺ​ត្រូវ​ដើរ​ទៅ​មុខ។ ដាក់​ពាក្យ​ទៅ​ កុំ​ខ្លាច!)

អត្ថបទ​ទាក់​ទង

រូបមន្ត 7 C សម្រាប់ជោគជ័យក្នុងការដាក់អាហារូបករណ៍

សំណួរដែលពិបាកឆ្លើយបំផុតពេលសម្ភាសន៍អាហារូបករណ៍

កំហុស​នៃ​ការ​គ្រប់​គ្រង​ពេល​វេលា​​ដែល​មនុស្ស​ភាគ​ច្រើន​តែង​ជួប​​ប្រទះ​

time

មានមនុស្សជាច្រើនណាស់ដែលមានការលំបាកក្នុងការគ្រប់គ្រងពេលវេលារបស់ខ្លួនឲ្យបានល្អ និងធ្វើឲ្យការងាររបស់ខ្លួនជោគជ័យ។ ខាងក្រោមនេះជាកំហុសខ្លះដែលអ្នកតែងមាននាំឲ្យអ្នកគ្រប់គ្រងពេលវេលាមិនបានល្អ៖

មិនដែលបាននឹកក្នុងចិត្តឬគិតអំពីសកម្មភាពនៅថ្ងៃបន្ទាប់

នេះគឺជារឿងពិតដែលបានកើតឡើង ហើយថែមទាំងជាបញ្ហាមួយដល់ការគ្រប់គ្រងពេលវេលារបស់មនុស្ស។ មនុស្សធ្វើគម្រោងសម្រាប់ថ្ងៃបន្ទាប់ គឺជាមនុស្សដែលមានទស្សនៈវិស័យវែងឆ្ងាយ មិនគ្រាន់តែគិតតែពីបច្ចុប្បន្នទេតែគិតដល់អនាគតរបស់គេទៀតផង។ ការធ្វើបែបនេះគឺ អ្នកនឹងមានការត្រៀមខ្លួនទុកជាមុននិងកាន់តែមានកត្តាជំរុញចិត្តយើងឲ្យធ្វើវាទៀត។

មិនបានធ្វើគម្រោងទុកជាមុន

មានមនុស្សភាគច្រើនដែលធ្វើគម្រោងសម្រាប់តែថ្ងៃធ្វើការឬថ្ងៃរៀនទេ តែពួកគេមិនបានគ្រោងនៅចុងសប្តាហ៏ទេ។ បែបនេះហើយបានជានៅថ្ងៃនោះពួកគេបែរជាក្រោកយឺត ហើយធ្វើអ្វីដែលគ្មានបានប្រយោជន៍ពេញមួយថ្ងៃ។ ការល្អយ៉ាងហោចណាស់នៅចុងសប្តាហ៍អ្នកគួរគ្រោងការងារអ្វីដែលអ្នកចង់ធ្វើឲ្យបាន៥ឬ៦សកម្មភាពទើបជាការល្អ។

ក្រោកយឺតឬចាប់ផ្តើមថ្ងៃថ្មីយឺត

មនុស្សជោគជ័យភាគច្រើនសុទ្ធតែជាមនុស្សដែលក្រោកពីព្រលឹម។ ភាគច្រើនក្រោយពេលគាត់ក្រោកពីគេង គាត់តែងតែធ្វើអ្វីសំខាន់មុន ហើយបានគាត់ទៅធ្វើការ។ ផ្ទុយទៅវិញ បើសិនជាគេក្រោកយឺតវិញ គេតែងប្រញាប់រាល់ពេលវេលា ហើយយឺតរហូត។ នៅចុងបញ្ចប់គេទទួលបានថ្ងៃមួយដែលតានតឹងពេញមួយថ្ងៃ។

ផ្តោតលើការងារមិនបានការ

អ្នកត្រូវដឹងពីតួនាទីនិងអ្វីដែលខ្លួនឯងត្រូវធ្វើឲ្យបានច្បាស់។ ជាពិសេសយើងត្រូវដឹងថាត្រូវធ្វើការងារណា នៅពេលណា ការងារណាត្រូវធ្វើមុន ហើយត្រូវធ្វើតាមគម្រោងដែលខ្លួនឯងបានគ្រោងទុករួច។ តែបើសិនជាមានការងារណាធ្វើមិនបានសម្រេចទេនោះ ពួកគេតែងបន្ទោសអ្នកដទៃហើយនេះជាកំហុសធ្ងន់ណាស់។

ផុតពីមួយថ្ងៃទៅមួយថ្ងៃដោយមិនមានបំណងគោលដៅអ្វីមួយ

មនុស្សភាគច្រើនមិនសូវមានគោលបំណងច្បាស់លាស់អ្វីមួយទេក្នុងការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។ បើសិនជាអ្នកគ្មានបំណងអ្វីមួយទេ តើអ្នកធ្វើយ៉ាងម៉េចទើបអាចជោគជ័យបានទៅ? ម្យ៉ាងបើអ្នកទៅធ្វើកា តែអ្នកមិនមានចំណង់ចំណូលចិត្តនឹងធ្វើ គ្មានគោលបំណង ឬទៅគ្រាន់តែចង់បានប្រាក់ខែ អ្នកគួរតែមិនចាំបាច់ទៅទេ ហើយយកពេលរបស់អ្នកគិតថាតើអ្នកត្រូវរៀបចំគម្រោងការអនាគតបែបណាសិនល្អជាង។

មិនមានកត់ត្រាបញ្ជីការងារដែលត្រូវធ្វើ

អ្នកខ្លះនិយាយថាការធ្វើការងារដោយមិនបានរៀបចំតារាងទុកគឺភាគច្រើនមិនបានផលទេ។ ហេតុផលរបស់វាគឺថា ការធ្វើតារាងការងារជួយអ្នកឲ្យយល់ពីដំណើរការរបស់ការងារ ត្រូវធ្វើអ្វីខ្លះ និងមានទំនួលខុសត្រូវលើការងារទៀតផង។ ជួនកាលយើងមានរឿងច្រើនត្រូវបំពេញហើយយើងអាចភ្លេចវា តែបើធ្វើតារាងការងារនោះ វាជួយអ្នកច្រើនណាស់។

ធ្វើការងារគ្មានពេលសម្រាក

តើអ្នកដែលមានអារម្មណ៍ថានៅថ្ងៃនេះធ្វើការមិនបានឈប់សោះហើយថែមទាំងហត់ខ្លាំងទៀតតែមិនបានទទួលលទ្ធផលអ្វីសោះ? អ្នកតែងគិតថាខ្លួនឯងមានពេលខ្លី និងមិនគ្រប់គ្រាន់។ ចម្លើយគឺថាអ្នកត្រូវចេះធ្វើឲ្យមានសមភាពការងារនិងការសម្រាក មានន័យថាអ្នកគួររកម៉ោងធ្វើការសម្រាកខ្លះ។ បើសិនជាអ្នកចង់ធ្វើអ្វីឲ្យបានហើយ ធ្វើវាទៅ តែបើអស់កម្លាំងមិនចាំបាច់ត្រូវខំធ្វើទេ ទៅសម្រាកល្អជាង។

មិនខ្វល់ពីអ្វីទាំងអស់ហើយមិនដើរទៅមុខទៀត

ជួនកាលអ្នកគិតថាអ្នកមិនមានការងារធ្វើហើយបានចំណាយពេលទៅធ្វើរឿងដែលឥតប្រយោជន៍ទៅវិញ។ ហេតុផលទាំងនេះហើយដែលអ្នករាល់គ្នាគួរតែធ្វើតារាងការងារទុក។ អ្នកអាចដឹងថាអ្នកបានដើរទៅមុខហើយឬនៅដោយការមើលទៅលើសមិទ្ធផលទទួលបាន? បើអ្នកមិនទាន់ធ្វើវាបានទេ អ្នកគួរគិតពីវាសារជាថ្មី។

គិតថាខ្លួនឯងជាមនុស្សល្អឥតខ្ចោះ

អ្នកត្រូវតែដឹងនិងចាំក្នុងចិត្តជានិច្ចថាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះទេ។ កំហុសជាផ្នែកមួយឲ្យយើងរៀនពីវា ដើម្បីការជោគជ័យទៅពេលក្រោយ។ អ្នកមិនចាំបាច់គិតថាអ្នកត្រូវចេះអ្វីទាំងអស់ឬត្រូវជាមនុស្សគេសរសើររហូតទេ តែអ្នកត្រូវជាអ្នកខំប្រឹងធ្វើការ និងមានគោលជំហរររឹងមាំគឺអាចធ្វើបានហើយ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។