Tag Archives: ការងារស្ម័គ្រចិត្ត

តំលៃនិងប្រយោជន៍ នៃការងារស្ម័គ្រចិត្ត៖ មូលដ្ឋានគ្រឹះនៃអាឡាដាំង

តាមការសង្កេតមើលលើសកម្មភាពសង្គមសព្វថ្ងៃ ឃើញថាអត្រាសន្ទុះកើនឡើងនៃការងារស្ម័គ្រចិត្តពីយុវជននៃតាមបណ្តាសាកលវិទ្យាល័យនានាមានការផ្លាស់ប្តូរគួរអោយចាប់អារម្មណ៍។ នៅមិនទាន់ចូលរៀនបរិញ្ញាបត្របានប៉ុន្មានផង និស្សិតមួយចំនួនចង់បានការងារស្ម័គ្រចិត្តធ្វើ អ្នកខ្លះទទួលបានព័ត៌មានពីមិត្តភក្តិ និងខ្លះតាមសាលាតែម្តង។ ការងារស្ម័គ្រចិត្តគឺជាការងារជួយដល់សង្គមមួយផ្នែក ហើយវាអាចធ្វើអោយក្រុមនិស្សិតវ័យក្មេងមានអារម្មណ៍សប្បាយ និងរីករាយក្នុងការធ្វើវាដើម្បីជួយដល់សង្គម និងយកបទពិសោធន៍ធ្វើការងារជាក្រុមជាមួយមនុស្សប្លែកៗ។ មានសំនួរមួយដែលនៅតែដិតជាប់ជាចម្ងល់របស់យុវជន ថាតើការងារសង្គមផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ពួកគេ ហើយជួយពួកគេក្នុងរូបរាងបែបណាខ្លះ។ និស្សិតខ្លះស្ម័គ្រចិត្តលុះត្រាតែមានប័ណ្ណសរសើរ រឺលិខិតទទួលស្គាល់ រីឯខ្លះចង់បានប្រាក់កម្រៃសម្រាប់ពួកគេ។ ទាំងនេះអាឡាដាំងសូមលើកយកបទពិសោធន៍ដែលពួកយើងបានធ្វើការងារស្ម័គ្រចិត្ត ដើម្បីពន្យល់បង្ហាញពីតំលៃនិងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្ត តាមទស្សនៈរបស់សមាជិកអាឡាដាំង ចាប់ពីពេលដំបូង រហូតដល់ពួកយើងបានចាប់ផ្តើមបង្កើតអាឡាដាំងលេចជារូបរាងឡើងមក។

មុនពេលចូលការងារស្ម័គ្រចិត្ត

ជាបទពិសោធន៍ ពួកយើងសុទ្ធសឹងជួបប្រទះរឿងប្រហាក់ប្រហែលគ្នានៅពេលចង់ធ្វើការងារស្ម័គ្រចិត្តដំបូង គឺពួកយើងគ្រាន់តែចង់ធ្វើ ដោយពេលខ្លះមិនទាំងដឹងថាការងារស្ម័គ្រចិត្តជាអ្វី ហើយផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ពួកយើងផង។ ពួកយើងគ្រាន់តែឃើញមានយុវជនវ័យដូចយើងចូលរួម ពួកយើងក៏ចង់មានអ្វីដូចគេដែរ ក្នុងនាមជានិស្សិតដូចគ្នា។ ហើយពួកយើងក៏សម្រេចចិត្តចូលរួម ដោយមិនមានព័ត៌មានពេញលេញ។ ពេលខ្លះពួកយើងគិតថាចង់ចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្ត ព្រោះចង់យកបទពិសោធន៍ទាំងនោះដាក់ក្នុង CV សម្រាប់ដាក់ពាក្យការងារ រឺអាហារូបករណ៍ទៅថ្ងៃមុខ។ ហើយពេលខ្លះពួកយើងគិតថាចង់ស្ម័គ្រចិត្តនៅកន្លែងនឹង ហើយចង់បានការងារធ្វើដែលមានប្រាក់ខែនៅកន្លែងនឹងតែម្តង (វាគួរអោយអស់សំណើចណាស់)។ ហើយពេលខ្លះពួកយើងគិតថាគ្រាន់តែចង់បានក្រដាសមួយសន្លឹកគឺប័ណ្ណសរសើរ ទើបជំរុញខ្លួនឯងអោយចូលរួម។ ពេលដំបូង អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់មានអារម្មណ៍បែបនេះដែរហើយ មានគ្រប់បែបគ្រប់យ៉ាង។ មានពេលមួយនោះពួកយើងក៏សម្រេចចិត្តចូលរួមទៅ។ ចុះបន្ទាប់មក?

បន្ទាប់ចូលការងារស្ម័គ្រចិត្តលើកទី១

នៅពេលពួកយើងបានភ្លក់ការងារស្ម័គ្រចិត្តលើកដំបូងហើយ ពួកយើងមានអារម្មណ៍ថាសប្បាយព្រោះពួកយើងបានសម្រេចការងារមួយ ហើយបានស្គាល់មនុស្សពូកែៗជាច្រើន ហើយចាប់ផ្តើមប្រៀបធៀបខ្លួនឯងជាមួយអ្នកពូកែដែលពួកយើងសរសើរ។ ហើយក្នុងដំណាក់កាលនេះ ពួកយើងក៏បានដាក់ខ្លួនឯងចូលទៅក្នុងក្រុមមួយទៅហើយ។ អារម្មណ៍បែបនេះធ្វើអោយពួកយើងរឹតតែចង់បន្តការងារនេះជាមួយក្រុម ហើយចង់រកការងារស្ម័គ្រចិត្តតាមសមាគម និងអង្គការល្បីៗផ្សេងៗទៀត ព្រោះវាសប្បាយហើយបានស្គាល់មនុស្សច្រើន។ ក្នុងដំណាក់កាលនេះ ពួកយើង​យល់ថាខ្លួនឯងអស្ចារ្យហើយចង់ពិសោធន៍ខ្លួនឯងបន្តទៀត។ ប៉ុន្តែពេលនឹង ពួកយើងនៅតែមានចម្ងល់មួយដដែល គឺមិនដឹងថាអ្វីដែលយើងធ្វើហ្នឹងមានប្រយោជន៍អ្វីខ្លះដល់ពួកយើងទៅថ្ងៃមុខឡើយ។

ជំហ៊ានមួយសម្រាប់ខ្លួនឯង

មិនបានប៉ុន្មានផង ពួកយើងភ្ញាក់ខ្លួនថាយើងបានធ្វើការងារស្ម័គ្រចិត្តច្រើនដែរហើយ ហើយពួកយើងក៏គិតចង់សម្រាក និងគិតចង់បន្តធ្វើរឿងមួយផ្សេងទៀត វាជាការងារដើម្បីផលប្រយោជន៍ខ្លួនឯង និងបន្តការសិក្សាអោយចប់សិន។ ចំពេលជាមួយគ្នា ពួកយើងក៏អាចប្រើប្រាស់បទពិសោធន៍ការងារស្ម័គ្រចិត្តដើម្បីទាញយកផលប្រយោជន៍ពួកយើងវិញបណ្តើរៗ ដូចជាការដាក់អាហារូបករណ៍ ដាក់ការងារធ្វើជាបុគ្គលិកផ្លូវការ រឺបង្កើតអ្វីមួយដោយខ្លួនឯង។ ហើយពួកយើងក៏ចាប់ផ្តើមដើរជំហ៊ានមួយសម្រាប់ខ្លួនឯង (ពេលនោះពួកយើងបានបង្កើតអាឡាដាំង ដោយសារពួកយើងបានធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា)។

ថ្ងៃមួយនោះ

រហូតដល់ពេលមួយ ពួកយើងបានការងារមួយដែលពួកយើងចង់បាននិងចូលចិត្តធ្វើ និងបានបន្តការសិក្សាទៅក្រៅប្រទេស។ គិតមកវិញសួរខ្លួនឯងថា តើការងារស្ម័គ្រចិត្តបានជួយពួកយើងដែររឺទេ? តាមការពិត ការងារស្ម័គ្រចិត្តបានជួយពួកយើងអោយដល់គោលដៅដោយមិនដឹងខ្លួនទៅហើយ។​ នៅពេលដែលពួកយើងកំពុងធ្វើការងារស្ម័គ្រចិត្ត ពួកយើងបានបង្កើនសមត្ថភាពអោយខ្លួនឯង រៀននិងលួចចំណេះដឹងថ្មីៗពីអ្នកដ៏ទៃ បំពេញភាពក្លាហាននិងមានជំនឿទុកចិត្តលើខ្លួនឯង ទទួលបានយោបល់និងប្រឹក្សាពីរាមច្បង បង្កើតបណ្តាញនិងទទួលបានព័ត៌មានដែលជាប្រយោជន៍ មានក្រុមអ្នកគាំទ្រពីក្រោយ មានកំណត់ត្រាការងារជួយសង្គមប្រើប្រាស់ ស្គាល់សង្គមខាងក្រៅកាន់តែច្បាស់។ ទាំងអស់នេះហើយដែលជាមាសពេជ្រនៃការងារស្ម័គ្រចិត្តពិតប្រាកដ មិនមែនក្រដាសមួយសន្លឹក និងប្រាក់កំរៃលើកទឹកចិត្តបន្តិចបន្តួចនោះទេ។ មានថ្ងៃនោះ ទើបពួកយើងមានថ្ងៃនេះ ហើយមកដល់ថ្ងៃនេះទើបពួកយើងដឹងពីអត្ថប្រយោជន៍ការងារស្ម័គ្រចិត្តច្បាស់។ វាមិនត្រឹមតែជាស្ពានជួយពួកយើងអោយដល់គោលដៅទេ ថែមទាំងជួយដល់សង្គមទៀត។ ដូចនេះ ការងារស្ម័គ្រចិត្ត មានទាំងតំលៃ (សង្គម) និងផលប្រយោជន៍ (ខ្លួនឯង)។​

 

តើការចូលរួមធ្វើការងារស្ម័គ្រចិត្តមានសារៈប្រយោជន៍អ្វីខ្លះ?

ការស្ម័គ្រចិត្ត ជាការចូលរួមធ្វើសកម្មភាពអ្វីមួយដោយមិនគិតពីប្រាក់កម្រៃ ឬប្រយោជន៍ផ្ទាល់ខ្លួន។ ការស្ម័គ្រចិត្តអាចស្ថិតក្នុងរូបភាពច្រើនយ៉ាង ដូចជា ការជួយធ្វើការងារសង្គម ការជួយដល់អ្នកដ៏ទៃ ការជួយសហគមន៍ ឬប្រទេសជាតិរបស់យើង។

តើហេតុអ្វីយុវជនគួរចូលរួមធ្វើការងារស្ម័គ្រចិត្តឲ្យបានច្រើន?

ការធ្វើការងារស្ម័គ្រចិត្តមានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា៖

១. វាជួយឲ្យយើងរស់នៅបានយូរ និងល្អសម្រាប់សុខភាពរបស់យើង៖ តាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលចូលរួមធ្វើការងារស្ម័គ្រចិត្តរស់នៅដោយរីករាយ និងមានសុខភាពល្អជាងអ្នកដែលមិនបានចូលរួមធ្វើការងារស្ម័គ្រចិត្ត។​

២. កាត់បន្ថយភាពតានតឹង៖ អ្នកជំនាញបាននិយាយថា នៅពេលដែលយើងផ្តោតអារម្មណ៍របស់យើងទៅលើការងារអ្វីមួយ ឬនរណាម្នាក់ឲ្យបានច្រើនជាងគិតតែពីរឿងខ្លួនឯង អាចធ្វើឲ្យយើងមិនសូវប្រឈមនឹងបញ្ហាស្ត្រេស។ ម្យ៉ាងវិញទៀត វាជួយឲ្យយើងមានការគិតប្រកបដោយសុទិដ្ឋិនិយម អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។

៣. បង្កើនចំណងមិត្តភាព៖ នៅពេលដែលយើងធ្វើការងារស្ម័គ្រចិត្ត យើងមានឱកាសក្នុងការជួបនូវមនុស្សថ្មីៗជាច្រើន ព្រមទាំងអាចរៀនបានច្រើនពីពួកគេផងដែរ។ នេះគឺជាចំណុចមួយដែលសំខាន់បំផុត ព្រោះថាមនុស្សយើងម្នាក់ៗតែងតែត្រូវការពឹងពាក់គ្នាទៅវិញទៅមក ហើយប្រសិនបើយើងស្គាល់មនុស្សឲ្យបានកាន់តែច្រើន ឱកាសការងារ និងភាពជោគជ័យក៏មានច្រើនជាងអ្នកដែលមិនសូវបានធ្វើការងារស្ម័គ្រចិត្ត។

​៤.​ ជួយដល់ការដាក់អាហារូបករណ៍៖ ធម្មតានៅពេលដែលគេសម្រេចចិត្តឲ្យអាហារូបករណ៍យើងទៅរៀននៅបរទេសក្តី ឬអាហារូបករណ៍ក្នុងស្រុកក្តី ជានិច្ចកាលគេចង់ដឹង ចង់ឃើញថាតើយើងជាបុគ្គលម្នាក់ដែលមានគំនិតគិតពីសង្គមដែរឬទេ ឬក៏ជាបុគ្គលដែលគិតតែពីប្រយោជន៍សួនតួ។

៥. ជាឱកាសដែលយើងអាចរៀនអ្វីដែលថ្មី៖ យើងអាចទទួលបានចំណេះដឹងថ្មីៗជាច្រើន ដឹងថាដើម្បីធ្វើការងារអ្វីមួយ យើងត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ត្រូវរៀបចំបែបណា។​ យើងអាចមានបពិសោធន៍ជាច្រើនបន្ទាប់ពីចូលរួមធ្វើការងារស្ម័គ្រចិត្ត។

៦. អភិវឌ្ឍនូវបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងយល់ដឹងពីសង្គមច្រើន ៖ ក្រោយពីបានជួបមនុស្សថ្មី និងធ្វើការងារជាច្រើន វាជួយឲ្យយើងមានភាពរហ័សរហួន មានទំនួលខុសត្រូវ និងយល់ពីសង្គមបានច្រើនជាងមុន។ ជាទូទៅ ការធ្វើការងារ ខុសពីទ្រឹស្តីដែលយើងបានរៀន ព្រោះថាយើងបានរៀនផ្ទាល់ ជួបផ្ទាល់នូវបញ្ហាសង្គមដែលយើងកំពុងតែជួបប្រទះ។

៧. ស្វែងយល់ពីខ្លួនឯងបានកាន់តែច្រើន៖ អ្នកខ្លះមិនសូវច្បាស់ក្នុងចិត្តថានៅថ្ងៃអនាគតខ្លួនចង់ធ្វើអ្វីឲ្យពិតប្រាកដ ជាពិសេសមិនដឹងថាខ្លួនមានទេពកោសល្យអ្វី ពេលខ្លះបន្ទាប់ពីធ្វើការងារស្ម័គ្រចិត្តហើយ យើងអាចរកឃើញថាខ្លួនចូលចិត្តអ្វី ពូកែអ្វី ហើយការងារអ្វីដែលសាកសមនឹងខ្លួន។

៨. យើងអាចជួយសហគមន៍របស់យើង៖ នេះជាឱកាសដ៏ពិសិដ្ឋសម្រាប់យុវជន យុវតី ក៏ដូចជាបុគ្គលគ្រប់រូបក្នុងការតបស្នង និងជួយទៅកាន់សង្គម ឬប្រទេសជាតិដែលយើងរស់នៅ ព្រោះយើងត្រូវចាំថាយើងគ្រប់គ្នាជាកោសិកាដ៏សំខាន់ដែលជួយធ្វើឲ្យប្រទេសជាតិរីកចម្រើនបាន។

ការចូលរួមធ្វើការងារស្ម័គ្រចិត្ត មិនចាំបាច់តែជួយក្នុងលក្ខណៈទ្រង់ទ្រាយធំនោះទេ យើងគ្រាន់តែចាប់ផ្តើមគិតថាតើយើងអាចធ្វើអ្វីបានខ្លះ ជួយអ្វីបានខ្លះដល់សង្គមមួយនេះ ហើយចាប់ផ្តើមធ្វើវា ព្រោះថាការងារស្ម័គ្រចិត្តមិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ដល់សង្គមនោះទេ វាក៏អាចជួយដល់ខ្លួនយើងផ្ទាល់បានយ៉ាងច្រើនផងដែរ។

ឱកាសធ្វើការងារស្ម័គ្រចិត្ត

ដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានជាតិភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានរៀបចំនូវកម្មវិធីមួយឡើង នោះ​គឺកម្មវិធី Phnom Penh Model United Nations នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។

ដេប៉ាតេម៉ង់សិក្សាអន្តរជាតិយើងមានកិត្តិយសប្រកាសស្វែងរកយុវជនស្ម័គ្រចិត្តចំនួន ២៦នាក់ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជួយក្នុងកម្មវិធី Model United Nations Conference។

របៀបដាក់ពាក្យ៖

  • សិស្សនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចបំពេញពាក្យសុំតាមអនឡាញបាននៅទីនេះ៖ Application Form

ថ្ងៃផុតកំណត់៖​ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦។

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​