All posts by Apsara

មូលហេតុដែលអ្នកគួរតែរៀនភាសាឲ្យបានច្រើន

ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។

១.​ ឱកាសការងារ

នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។

២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ

តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។

៣. បង្កើនទំនុកចិត្តខ្លួនឯង

វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។

៤. បង្កើតមិត្តថ្មី

នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន យើងក៏អាចរៀនអ្វីថ្មីៗពីពួកគេ និងធ្វើឲ្យជីវិតរបស់យើងមានក្តីសុខ។ នេះគឺជាមូលហេតុមួយធំបំផុតក្នុងការសិក្សាភាសាបរទេស។

៥.​ មានភាពងាយស្រួលក្នុងជីវិតរស់នៅ

ពិតណាស់ប្រសិនបើយើងត្រូវទៅរស់នៅជាមួយក្រុមមនុស្សដែលនិយាយភាសាផ្សេងពីយើង សួរថាតើមានភាពងាយស្រួលក្នុងការទំនាក់ទំនងប្រចាំថ្ងៃដែរឬទេ? យើងមិនអាចដឹងបានថាគេចង់និយាយអ្វី ចង់បានអ្វីពីយើង ជួនកាលគេនិយាយពាក្យមិនល្អដាក់យើងនៅនឹងមុខយើងក៏យើងមិនដឹងដែរ។ លើសពីនេះទៅទៀត នៅពេលដែលយើងមិនចេះភាសារបស់គេ យើងអាចនឹងត្រូវគេបោកបញ្ឆោតបានដោយងាយទៀតផង។

ឃើញហើយមែនទេថាយើងនឹងទទួលបានផលប្រយោជន៍អ្វីខ្លះដោយគ្រាន់តែចេះភាសា! តោះទៅរៀនភាសាថ្មីទាំងអស់គ្នា!

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

វីធីធ្វើឲ្យអ្នកទទួលបានការជំរុញ​ទឹកចិត្ត​ឡើង​វិញពេលអ្នកធ្លាក់ទឹកចិត្ត

ជីវិត​មាន​ការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មនុស្ស​ក៏​មាន​អារម្មណ៍​ប្រែ​ប្រួល​ដែរ។ ពេល​ដែល​គេ​ចាប់​ផ្តើម​គិត​ច្រើន មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ឬ​ស្ត្រេស ពួក​គេ​នឹង​កើត​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​ទំងន់។ ការ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​ហេតុ​ផល​សំខាន់​ដែល​សម្លាប់​ទឹក​ចិត្ត​របស់​មនុស្ស​ (Motivation) ថាមពល ចំណង់​ចំណូល​ចិត្ត និងការ​តាំង​ចិត្ត​ណាមួយ។ ពេល​បាត់​បង់​​ Motivation អ្នក​ជួប​នឹង​ស្ថាន​ភាព​មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នក​មិន​ដឹង​ជា​ត្រូវ​ដើរ​ទៅ​មុខ​យ៉ាង​​ណា គិត​ថា​ខ្លួន​ឯង​មិ​ន​ល្អ​គ្រប់​គ្រាន់ ពោល​គឺ​អ្នកពិបាក​ក្រោក​ឈរ​ហើយ​​ដើរ​ទៅ​មុខក្នុង​ជីវិត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​និយាយ​អំពី​វិធី​ខ្លះ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​​អ្នក​ទទួល​បាន​ Motivation មក​វិញ។

  1. ​អនុវត្តន៍​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​និង​មើល​ពី​ចំណុច​ល្អ​របស់​អ្នក

ការ​រិះ​គន់​ខ្លួន​ឯង​គឺ​ជា​អ្វី​ដែល​នាំ​អ្នក​ទៅ​រក​ការ​ធ្លាក់​ទឹក​ចិត្ត។ បើ​សិនជា​អ្នក​បន្ទោស​ខ្លួន​ឯង​ដោយ​សារ​តែ​អ្នក​មិន​បាន​ធ្វើ​ការ​ងារ​បាន​ច្រើន ឬ អ្នក​មិន​ឧស្សាហ៍​នោះ អ្នក​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​មិន​បាន​ការ​កាន់​តែ​ខ្លាំង។ ជំនួស​ឲ្យ​ការ​គិត​អវិជ្ជមាន​បែប​នេះ អ្នក​គួរ​តែ​ប្រើ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្លួន​ឯង​បាន​កាន់​តែ​ច្រើន ឬ​ក៏​ស្វែង​រក​ពាក្យ​ទាំង​នោះពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់។ អ្នក​ក៏​គួរ​អាន​ពាក្យជំរុញ​ផ្លូវ​ចិត្ត​ពី​សៀវភៅ​ឬ​រៀង​រ៉ាវ​របស់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន។ បន្ទាប់​មក​អ្នក​អាច​មាន​អារម្មណ៍​ល្អ​ហើយ។

  1. រក​ការ​គាំ​ទ្រ និង​ជំនួយ​ពី​អ្នក​ដទៃ

ពេល​អ្នក​ធ្វើ​អ្វី​ច្រើន​ហើយ​ចេះ​តែ​មិន​បាន​សម្រេច អ្នក​ធ្លាក់ទឹក​ចិត្ត​ហើយ​ជួន​កាល​ក៏​ខ្លាច​រអារ​នឹង​ព្យយាម​តទៅ​ទៀត។ ដូច្នេះ​ហើយ បើ​មាន​ឱកាស អ្នក​គួរ​តែ​រក​អ្នក​ណា​ម្នាក់​ដែល​អ្នក​គិត​ថា​អាច​ទុក​ចិត្ត​បាន ប្រាប់​រឿង​រ៉ាវ​ទៅ​គេ​ហើយ​សុំ​ជំនួយ​ពី​គេ។ រក​មិត្តភក្តិ​ណា​ដែល​តែង​លើក​ទឹក​ចិត្ត​អ្នក​ជានិច្ច។ ពេល​ខ្លះ​ពេល​មាន​អ្នក​នៅ​ក្បែ​និង​នៅ​ខាង​អ្នក អ្នក​មាន​អារម្មណ៍​កាន់​តែ​ជឿជាក់​និង​មាន​កម្លាំង។

  1. ប្រឹង​ធ្វើ​ការងារ​នោះ​ដោយ​កុំ​សង្ឃឹម​ខ្ពស់​ពេក​ពី​លទ្ធផល

មិន​ថា​អ្នក​ណា​ជា​អ្នក​ណា ពេល​ខ្លះ​មិន​ទាន់​ទាំង​បាន​ធ្វើ​រឿង​ណា​មួយ​ផង តែ​មាន​អារម្មណ៍ល្អ​ឬ​មិន​ល្អ​ទុក​មុន​បាត់​ទៅ​ហើយ។ ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​វិញ​ក៏​ប្រហែល​គ្នា​ដែរ​ គឺ​មិន​ទាន់​ទាំង​បាន​សាក​ល្បង​ធ្វើ​រឿង​អ្វី​មួយ​ផង តែ​ចាប់​ផ្តើម​ស្រមើ​ស្រមៃ​ ​ភ័យ​ខ្លាច​​និង​ចាប់​ផ្តើម​គិត​ថា់​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រា​ន់​ មិន​អាច​ធ្វើ​បាន​បាត់​ទៅ​ហើយ។ អ្នក​គ្រាន់​តែ​កុំ​សង្ឃឹម​លើ​លទ្ធផល​ខ្ពស់​ពេក ហើយ​ខំប្រឹង​ប្រែង​ធ្វើ​ការងារ​នោះ​ទៅ។

  1. ធ្វើ​គម្រោង​ហើយ​ធ្វើ​ការងារ​តែ​ម្តង​ គឺ​មិន​មែន​រក​ការ​សប្បាយ​ទេ

ជា​ធម្មតា អ្នក​ដែល​បាក់​ទឹក​ចិត្ត​និង​គ្មាន​ការ​លើក​ទឹក​ចិត្ត​តែង​គ្មាន​អារម្មណ៍​សប្បាយ​ចិត្ត​ដូច​ជា​គេឯង​ទេ។ អ្វី​ដែល​អ្នក​ធ្លាប់​ចូល​ចិត្ត គឺ​អ្នក​លែង​មាន​អារម្មណ៍​អ្វី​ទាំង​អស់។ ដូច្នេះ​ហើយ បើ​សិនជា​អ្នក​សង្ឃឹមនឹង​​ការ​សប្បាយ​និង​ភាព​រីករាយ​ពី​ការងារ​នោះ អ្នក​អាចទៅ​ជា​មាន​អារម្មណ៍​កាន់​តែ​មិន​ល្អ​ក្នុង​ពេល​បំពេញ​ការងារ។

  1. លើក​ទឹក​ចិត្ត​ខ្លួន​ឯ​ង​ដោយ​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឯករាជ្យ

ពេល​ដែល​អ្នក​ឆ្លង​កាត់​និង​ជួប​បញ្ហា​ជូរ​ចត់​ផ្សេង​ៗ​ក្នុង​ជីវិត​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ធម្មតា​ពេល​អ្នក​ជួប​បញ្ហា​ខ្លះ​ៗ។ ​បាន​ចូល​ប្រឡូក​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​គឺ​ជា​បទ​ពិសោធន៍​មួយ​យ៉ាង​ល្អ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ និង​ចេះ​ខ្វល់​ពី​ខ្លួន​ឯង​បាន​ច្រើន។ ម្យ៉ាង​ទៀត បើសិន​ជា​អ្នក​មិនបាន​ប្រឡូក​ដោយ​ខ្លួន​ឯង​ទេ អ្នក​ពិតជា​មិន​បាន​ដឹង​ថា​ជីវិត​ជា​យ៉ាង​ណា​ទេ។

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

សៀមរាបក្លាយជាឆាកនៃការប្រកួត Super Data Race ដ៏ធំបំផុតរបស់សែលកាត

សែលកាត បានប្រកាសការប្រកួត Super Data Race 2 ដ៏ធំបំផុតនៅខេត្តសៀមរាប ជាផ្លូវការហើយ។

បើយោងតាមចំនួនការដោនឡូតកម្មវិធី Data Race កន្លងមកនេះ ក្រុមការងារសែលកាត អាចរំពឹងថាមានអ្នកចូលរួមប្រកួតប្រមាណ700នាក់ នៅថ្ងៃអាទិត្យនេះ។

អ្នកប្រកួតត្រូវបានជំរុញលើកទឹកចិត្តឲ្យទៅកាន់់ Angkor Fashion Plaza វេលាម៉ោង ២រសៀល ដើម្បីផ្ទៀងផ្ទាត់ការចុះឈ្មោះ និងទទួលយកកាបូបសម្ភារៈរបស់ខ្លួន។ ហើយការប្រកួតនឹងចាប់ផ្ដើម នៅវេលាម៉ោង3រសៀលត្រឹម។

គួរបញ្ជាក់ផងដែរថា រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា៖

  • រង្វាន់ទីមួយ ប្រាក់សុទ្ធ $5000
  • រង្វាន់ទីពីរ ម៉ូតូ New Honda Zoomer X 2017
  • រង្វាន់ទីបី ទូរស័ព្ទ Samsung Galaxy 8

ក្នុងឱកាសនោះផងដែរ តារាចម្រៀងរ៉េប Juvie Lin នឹងបើកការប្រកួតជាផ្លូវការ បន្ទាប់មកនឹងបង្ហាញវត្តមានម្ដងទៀត ក្នុងពិធីជប់លៀងក្រោយចប់ការប្រកួត រួមជាមួយទស្សនីយភាពពីក្រុមរាំ Polarix និងក្រុម Brave EDM ផងដែរ។

នាយកផ្នែកទំនាក់ទំនង ក្រុមហ៊ុន សែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា ក្រុមការងារពិតជារំភើបណាស់ ដែលបានមកដល់ខេត្តសៀមរាប និងពាំនាំមកជាមួយនូវសេវាអ៊ីនធើណិតដ៏ទូលំទូលាយបំផុតសម្រាប់ទីក្រុងនេះ។

“យើងបានចំណាយពេលប៉ុន្មានថ្ងៃនៅទីនេះ ដើម្បីជួបជជែកជាមួយប្រជាពលរដ្ឋ​ នៅខេត្ត​សៀមរាប ក៏ដូចជា សិស្ស និស្សិត ហើយមតិភាគច្រើន បានប្រាប់ថាបណ្ដាញសេវាយើងក្នុងខេត្តសៀមរាបឥឡូវនេះ រឹតតែល្អប្រសើរឡើងទ្វេរដង។”

“យើងពិតជាយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្ដេជ្ញាចិត្តដើម្បីផ្ដល់ជូននូវសេវាអ៊ីនធើណិតដែលមានតម្លៃសមរម្យបំផុតដល់កម្ពុជាទាំងមូល ក៏ដូចជាការផ្ដល់ជូននូវសេវាល្អ អ៊ីនធើណិតល្អបំផុត ព្រមទាំងព្រឹត្តិការណ៍រំភើបៗដ៏អស្ចារ្យជាច្រើន ដូចជា Super Data Race នេះជាដើម គឺវាសុទ្ធសឹងតែជាយុទ្ធសាស្ត្ររបស់យើង។”

អ្នកស្រីបានថ្លែងបន្តថា ភាពខុសប្លែកគ្នារវាងការប្រកួត Super Data Race នៅភ្នំពេញ និងសៀមរាបនោះ គឺ លើកនេះអ្នកចូលរួមទាំងអស់ តម្រូវឲ្យធ្វើដំណើរ ដោយថ្មើរជើង មិនមែនម៉ូតូទៀតឡើយ។

“យើងបានប្រមូលផ្ដុំទីតាំងនានាឲ្យនៅជិតគ្នា ដើម្បីឲ្យការប្រកួតនេះ អាចប្រព្រឹត្តទៅបានដោយថ្មើរជើង ហើយសុវត្ថិភាពសម្រាប់គ្រប់គ្នា។”

“យើងបានកែប្រែកន្លែងខ្លះៗនៅលើកម្មវិធី App ហើយសង្ឃឹមថា អ្នកប្រកួតទាំងអស់ នឹងបានរៀន និងយល់ដឹងពីអ្វីថ្មីៗនៅលើប្រព័ន្ធអនឡាញ។”

“យើងពិតជាមានមោទនភាព ចំពោះអ្វីដែលបណ្ដាញសេវារបស់យើង បានធ្វើកន្លងមកទម្រាំបានដូចសព្វថ្ងៃនេះ។ បន្ថែមពីនេះទៀត  ដើម្បីទទួលស្គាល់សមិទ្ធផលនេះ យើងជឿជាក់ថា វាគ្មានមធ្យោបាយណាប្រសើរជាង ការផ្សារភ្ជាប់ជាមួយអតិថិជន ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធន៍ដោយខ្លួនឯងថា តើបណ្ដាញសេវាពិតជាល្អដល់កម្រិតណា។”

ដំណើរទស្សនកិច្ចស្ថាបត្យកម្មបែបសប្បុរសធម៌ “Amazing Cambodia”

វត្តទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះជាវត្តចំណាស់មួយដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ស្ថិតនៅលើទីទួលបុរាណនៃប្រាសាទកំពង់ព្រះប្របនឹងមាត់បឹងទន្លេសាប ក្នុងភូមិកំពង់ព្រះ​ ឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណជិត៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ថ្មីៗនេះយុវជនស្ម័គ្រចិត្ត អាយុក្រោម២៥ឆ្នាំមួយ ក្រុមកំពុងរៀបចំបង្កើត​មូល​និធិសប្បុរសធម៌មួយក្នុងគោលបំណងទ្រទ្រង់សំណង់ បុរាណវត្តកំពង់ព្រះដែលកំពុងចាស់ទ្រុឌទ្រោមខូចខាតដោយអន្លើ ក៏ដូចជារៀបចំកញ្ចប់ទស្សនកិច្ចសិក្សា​បែបស្ថាបត្យកម្មដើម្បីបង្កើតឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់អំពីលក្ខណៈពិសេសនៃស្ថាបត្យកម្មនៃសំណង់ពុទ្ធសាសនាបុរាណដែលបានកសាងតាំងពីដើមសតវត្សរ៍ទី២០​ និងប្រាសាទកំណើតនៃ​រចនាបទកំពង់ព្រះសម័យបុរេអង្គរដែលមានអាយុកាលរាប់ពាន់ឆ្នាំហើយលាក់កំបាំងខ្លួននៅក្នុងបរិវេណវត្ត ដែលកម្រមានភ្ញៀវទេសចរណាម្នាក់បានទៅដល់។

គម្រោងនេះត្រូវបានផ្តួចផ្តើមដឹកនាំដោយ យុវជន ស៊្រិន សុខមាន វ័យ២៤ឆ្នាំ ដែលជាស្ថាបនិកគេហ ទំព័រផេក Amazing Cambodia ដែលផ្តោតសំខាន់លើការស្រាវជ្រាវ និង ផ្សព្វផ្សាយអំពីមត៌កវប្បធម៌ និង ប្រវត្តិសាស្រ្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើកិច្ចការស្រាវជ្រាវលើប្រធានបទទាំងនេះអស់រយៈពេល៥ឆ្នាំ លោកបានមើលឃើញនូវសក្តានុពលវប្បធម៌ដ៏ប្រពៃនៃតំបន់កំពង់ព្រះដែលជាស្លាកស្នាម ប្រវត្តិសាស្រ្តខ្មែរពីអតីតកាលតាំងពីសម័យចេនឡា​សតវត្សរ៍ទី៨មកម្ល៉េះ។

ម្ចាស់គម្រោងកម្មវិធីខាងលើបានបង្ហាញទស្សនៈថា “ព្រះវិហារបុរាណនិងប្រាសាទចំនួនពីរនៅ ទីតាំងនោះពិតជាមានតម្លៃខាងផ្នែកស្ថាបត្យកម្មដែលកូនខ្មែរគប្បីចំណាយពេលទៅសិក្សាស្វែងយល់បន្ថែម។ ម្យ៉ាងវិញទៀត ជីវភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្តដាច់ស្រយាលនេះក៏នៅមានកម្រិត ហើយព្រះសង្ឃ ក៏មានការខ្វះខាតដោយសារតែវត្តនេះប្រៀបបានដូចជាកូនកោះមួយនៅរដូវវស្សាពិបាកក្នុងការធ្វើដំណើរ។ ព្រះគ្រូចៅអធិការដែលមានព្រះជន្ម៦១ព្រះវស្សាកំពុងដង្ហោយសុំជំនួយថវិកាពីសប្បុរសជនជិតឆ្ងាយដើម្បីសម្រួលដល់ការអភិរក្សសម្បត្តិវប្បធម៌ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកព្រះពុទ្ធសាសនាផ្សេងៗទៀត នៅវត្តរបស់ព្រះអង្គ។ បើតាមសង្ឃដីកាផ្ទាល់របស់ព្រះអង្គក្នុងជំនួបជាមួយក្រុមការងារកាលពីថ្ងៃទី២៨​ ខែមិថុនាកន្លងទៅ វត្តកំពុងត្រូវការបច្ច័យប្រមាណជាង២០០០ដុល្លារដើម្បីដំណើរការគម្រោងខាងលើ។”

​គម្រោងកម្មវិធីនេះមិនត្រឹមតែជួយដល់វត្តកំពង់ព្រះនោះទេ តែវាជាក្តីស្រមៃរបស់និស្សិតផ្នែកស្ថាបត្យកម្ម បុរាណវិទ្យា ទេសចរណ៍ និង មុខវិជ្ជាដែលពាក់ព័ន្ធ។​ មិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងចូលរួមចំណែក​ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តកំពង់ឆ្នាំង ព្រមទាំងបង្កើតជាវេទិកាសាធារណៈសម្រាប់ប្រជាសហគមន៍បង្ហាញអំពីស្ថានភាពទូទៅ សេចក្តីត្រូវការជាក់ស្តែង និង ការរំពឹងទុកចំពោះសហគមន៍របស់ពួកគេថែមទៀតផង។

យុវជន រឿន វីរៈ សហស្ថាបនិកគម្រោងមូលនិធិ និង ជាមគ្គុទ្ទេសក៍ជំនាញនៃក្រុមដំណើរកំសាន្តស្ថាបត្យកម្មខ្មែរ (KA Tour) ក៏បានពន្យល់ដែរថា “ពួក​ខ្ញុំជឿជាក់ថានេះគឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ជួយចូល រួមចំណែកធ្វើដើម្បីប្រទេសជាតិដែលខ្ញុំកំពុងរស់នៅ។ថវិកាជាតិនៅមានកម្រិតសម្រាប់ការជួសជុសកែលម្អព្រះវិហារបុរាណ ដូច្នេះពិតជាមានចន្លោះដែលពួកយើងអាចជួយបំពេញបន្ថែម។​ ជាពុទ្ធបរិស័ទមួយរូប ការ​ជួយចែករំលែកចំពោះជនដែលខ្វះខាតជាងខ្លួនយើងជាកាយវិការប្រកបដោយសប្បុរសធម៌។”

លោកបានរំពឹងទុកថានឹងអាចរៀនសូត្របទពិសោធន៍ជីវិតបន្ថែមពីកម្មវិធីនេះច្រើន ដូចជា ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ជំនាញភាពជាអ្នកដឹកនាំ និងលក្ខណៈភូមិសាស្រ្តតំបន់លិច ទឹកបឹងទន្លេសាប “ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយសហគមន៍និងសំណង់បេតិកភ័ណ្ឌមុនពេលដែលយឺតពេល។​”

កម្មវិធីដំណើរទស្សនកិច្ចស្ថាបត្យកម្មនេះនឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ដែលមានការចូលរួមក្រោមអធិបតីភាពរបស់អជ្ញាធរដែនដីមូលដ្ឋាន មន្រ្តី ជំនាញ​នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង គណៈកម្មការវត្ត ក្រុមនិស្សិតពីសាកលវិទ្យាល័យនានា ពីរាជធានីភ្នំពេញ ក្រុមយុវជនស្ម័គ្រចិត្តខេត្តកំពង់ឆ្នាំង និង ប្រជាពលរដ្ឋសហគមន៍កំពង់ព្រះយ៉ាងច្រើកុះករ ផងដែរ ក្រោមពាក្យស្លោកថា “សិក្ខាកាមម្នាក់ដើម្បីវិភាគទានមួយចំណែក”។ អ្នកចូលរួមម្នាក់ត្រូវបង់ វិភាគទានចំនួន៣០ដុល្លារទៅលើការចំណាយគ្រប់ប្រភេទក្នុងដំណើរទស្សនកិច្ច និង មូលនិធិទ្រទ្រង់វត្ត។

សកម្មភាពសំខាន់ៗរួមមាន ការដើរទស្សនាព្រះវិហារបុរាណនិងប្រាសាទជាមួយក្រុមមគ្គុទ្ទេសក៍ ការចូលរួម ប្រឡងប្រជែងដាល់អំបុកតាមបុរាណខ្មែរ ការទទួលទាននំបញ្ចុកសាមគ្គីឥតដែនកំណត់ ការស្រង់ទឹកជូន មត៌កមនុស្សរស់ ការចែកអំណោយដល់កុមារក្រីក្រ ការជិះទូកទស្សនាភូមិបណ្តែតទឹក ការស្វែងយល់អំពី សិប្បកម្មផលិតក្អមឆ្នាំងរបស់អ្នកភូមិអណ្តូងប្ញស្សី និង ការទស្សនារបាំប្រពៃណីតំណាងខេត្តកំពង់ឆ្នាំង សម្ដែងដោយក្រុមយុវសិស្សសិល្បៈខេត្តផ្ទាល់។ គូរបញ្ជាក់ផងដែរថា កម្មវិធីនេះបានទទួលការចូលរួមសហ ការពីក្រុម Khmer Cartoon  សំអាងការ ហេង ហេង ទីរួមខេត្តកំពង់ឆ្នាំង និង ការឧបត្ថម្ភមួយចំនួនពី ហាងកាហ្វេ Misterbrew និង ហាងលក់ស្បង់ សុខ ថាវី​ ព្រមទាំងសប្បុរសជននានា។ ប្រាក់ចំណេញ១០០ ភាគរយនឹងផ្តល់ជូនគណៈកម្មការវត្ត ព្រមទាំងបែងចែកមួយចំនួនជូនប្រជាសហគមន៍ដែលខ្វះខាត។

ក្រុមការងារមូលនិធិកំពង់ព្រះសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភនាពលកន្លងមក ហើយក៏សុំអំពាវនាវដល់ស្ថាប័ន ក្រុមហ៊ុន និង សប្បុរសជនដទៃទៀតមេត្តាចូលរួមជាថវិកា ឬសម្ភារៈប្រើប្រាស់ ឬស្បៀងអាហារ ទោះតិចក្តីច្រើនក្តីទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនក្រោមរូបភាវប្បធម៌ ចែករំលែកក្នុងនាមជាឈាមជ័រខ្មែរតែមួយ។

លោកអ្នកអាចទំនាក់ទំនងឧបត្ថម្ភឬសាកសួរព័ត៌មានលម្អិត បន្ថែមស្តីពីកម្មវិធីតាមរយៈលេខទូរស័ព្ទ ០៦៩ ៦៦៤ ៨៦៩ ឬ ០៨១ ២៧២៩២៩​ឬ ០៨៦ ៦៣០​​ ០១៦។

លោកអ្នក​ក៏​អាច​ចុះ​ឈ្មោះ​កក់​សំបុត្រ​តាម​រយៈតំណរ​ភ្ជាប់​ខាង​ក្រោម៖

https://tinyurl.com/ybvvrftf

កម្មវិធីបោះជំរុំវិស្សមកាលស្តីអំពីសេចក្តីផ្តើមនៃច្បាប់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា

កម្មវិធីបោះជំរុំវិស្សមកាលលទ្ធិប្រជាធិបតេយ្យ អំពី សេចក្តីផ្តើមនៃច្បាប់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា

អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖

•ចំណេះដឹងផ្នែកច្បាប់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
•ចេះរៀបចំការប្រជុំ វគ្គបណ្តុះបណ្តាល និងជំនាញក្នុងការសម្របសម្រួល
•មានឱកាស និងសមត្ថភាពផ្ទេរចំណេះដឹងទៅកាន់អ្នកដ៏ទៃ
•កសាងទំនុកចិត្តលើខ្លួន​ឯង និងភាពជាអ្នកដឹកនាំ
•កសាងបណ្តាញ និងទំនាក់ទំនងជាមួយសហ-គមន៍នានា
•ទទួលបានបទពិសោធន៍ធ្វើការងារជាក្រុម និងឱកាសចូលរួមសកម្មភាពសង្គមផ្សេងៗ

លក្ខខណ្ឌក្នុងការចូលរួម៖

•សិស្ស ឬនិសិ្សត
•មានឆន្ទៈ និងសកម្មនៅក្នុងបញ្ហាយុត្តិធម៌សង្គម
•អាចស្នាក់នៅរយៈពេល ៥ថ្ងៃនៅជនបទ
•ចែករំលែកចំណេះដឹងទៅកាន់ក្រុមយុវជនយ៉ាង ហោចណាស់មួយវគ្គបណ្តុះបណ្តាលនៅតាមសហ-គមន៍បន្ទាប់ពីចូលរួមការបោះជំរុំនេះ

រយៈពេល ៤យប់ និង៥ថ្ងៃ៖ ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែសីហា ឆ្នាំ២០១៧

ទីកន្លែង៖ ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

ថ្ងៃឈប់​ទទួល​ពាក្យ​ចូលរួម៖ ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០

លោកអ្នកអាចទាញយកទម្រង់បំពេញ ពាក្យស្នើសុំចូលរួមតាមរយៈតំណភ្ជាប់៖http://equitablecambodia.org/website/article/3-2257.html

ឬ ធ្វើការទាក់ទងផ្ទាល់មកកាន់ លោក​និល សុខហេង

  • ទូរស័ព្ទលេខ៖ ០១១ ២៨៦ ៥២៩/០៦៩ ៦៦៨ ៣៩៨
  • អ៊ីមែល៖ [email protected]

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។