All posts by ពុធ សម្ផស្សចរិយា

មេរៀនជីវិតល្អៗដែលអាចសិក្សាបានពី Mr. Bean

ខ្ញុំជឿថា មនុស្សភាគច្រើនប្រាកដជាធ្លាប់បានទស្សនាការសម្ដែងកំប្លែងរបស់ Mr. Bean រួចហើយ។ ប្រាកដណាស់ កំប្លែងគ្រប់វគ្គរបស់ Mr. Bean ពិតជាបានធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍រីករាយ។ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថា ការសម្ដែងរបស់ Mr. Bean ថែមទាំងបានបង្កប់នូវអត្ថន័យអប់រំមេរៀនជីវិតយ៉ាងច្រើន។

Mr. Bean animated
ប្រភពរូបភាព brandchanne

មុននឹងចូលទៅដល់អត្ថន័យអប់រំនៅក្នុងរឿង យើងគួរក្រឡេកមកមើលពីជីវប្រវត្តិសង្ខេបៗរបស់តារាកំប្លែងមួយរូបនេះសិន។ តារាកំប្លែង និងអ្នកនិពន្ធ Mr. Bean មានឈ្មោះពិតថា Rowan Sebastian Atkinson ជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៥៥ នៅទីក្រុង Consett នៃរដ្ឋ Durham ប្រទេសអង់គ្លេស។ លោក Atkinson (ឬ Mr. Bean) បានសិក្សានៅសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យ Oxford រួចបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មអគ្គិសនី។ មនុស្សជាច្រើនមានចង្ងល់ថា ហេតុអ្វីគាត់សិក្សាអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី តែបែរជាទៅធ្វើតារាកំប្លែងទៅវិញ? ដើមឡើយ គាត់គ្រាន់តែសម្ដែងតាមកម្មវិធីក្នុងសាលាធម្មតាប៉ុណ្ណោះ។ ប៉ុន្តែការសម្ដែងយូរទៅ ធ្វើឲ្យគាត់ចាប់អារម្មណ៍ផ្នែកសម្ដែងកាន់តែខ្លាំង រហូតធ្វើឲ្យគាត់បោះបង់ចោលគោលបំណងដែលចង់បន្តការសិក្សាថ្នាក់បណ្ឌិត ហើយបែរជាទៅចាប់យកអាជីពជាតារាសម្ដែងទៅវិញ។ នេះក៏យើងអាចយកជាមេរៀនបានដែរថា មិនប្រាកដថាយើងរៀនអ្វី ត្រូវតែប្រកបអាជីពដែលយើងរៀននោះទេ។ មនុស្សគឺត្រូវចេះបទបែនតាមកាលៈទេសៈ ហើយជ្រើសរើសយកអ្វីដែលខ្លួនចង់ធ្វើ។ នៅឆ្នាំ ១៩៧៩ Mr. Bean បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី Not the Nine O’clock News បន្ទាប់មកគឺកម្មវិធី The Black Adder រួចមកក៏សម្ដែងជា Mr. Bean។ ក្រោយពីបានដឹងពីប្រវត្តិខ្លះរបស់ Mr. Bean យើងត្រលប់មកមើលមេរៀនដែលយើងអាចសិក្សាពីរឿងកំប្លែងរបស់ Mr. Bean ម្ដង។

១. ការដោះស្រាយបញ្ហា

ក្នុងភាគកំប្លែងរបស់ Mr. Bean យើងតែងតែឃើញថា រាល់ពេលដែល Mr. Bean ជួបបញ្ហា គាត់តែងតែរិះរកវិធីគ្រប់ប្រភេទមកដោះស្រាយបញ្ហា ទោះបីជាដំណោះស្រាយខ្លះមើលទៅដូចជាមិនសូវប្រក្រតីបន្ដិចក៏ដោយ ក៏គ្មានបញ្ហាណាដែលគាត់មិនអាចដោះស្រាយបាននោះទេ។ ឧទាហរណ៍ ដូចក្នុងភាគកំប្លែងមួយរបស់គាត់ ពេលនោះក្នុងវ៉ាលីគាត់មិនអាចដាក់បន្ថែមខោជើងវែងចូលមួយទៀតទេ គាត់ក៏យកកន្រ្ដៃមកកាត់ខោនោះឲ្យខ្លី ហើយដាក់វាចូលវ៉ាលីបានយ៉ាងងាយស្រួល។ ពេលគាត់គ្មានជក់លាបពណ៍ជញ្ជាំងផ្ទះគាត់ គាត់យកតុក្កតាខ្លាឃ្មុំរបស់គាត់មកប្រើជំនួសឲ្យជក់។ យើងអាចសិក្សាបានថា មនុស្សត្រូវមានភាពច្នៃប្រឌិត និងរិះរកដំណោះស្រាយពេលជួបបញ្ហា។ វិធីដោះស្រាយមានច្រើនបែប វាត្រូវការតែមនុស្សមានគំនិតក្នុងការប្រើប្រាស់វា ឬ អត់ប៉ុណ្ណោះ។

២. ធ្វើជាខ្លួនឯង កុំខ្វល់ពីសម្ដីអ្នកដទៃ

មនុស្សមួយចំនួនមានហ៊ានក្នុងការបង្ហាញពីភាពជាខ្លួនឯងពិតប្រាកដឲ្យអ្នកដទៃឃើញនោះទេ ដោយហេតុថាខ្លាចត្រូវបានមនុស្សក្នុងសង្គមវាយតម្លៃមកលើអាកប្បកិរិយារបស់ខ្លួន។ ផ្ទុយទៅវិញ Mr. Bean គាត់ធ្វើអ្វីដែលគាត់គិតថាសប្បាយចិត្តដោយមិនខ្វល់ថាមនុស្សក្នុងសង្គមគិតយ៉ាងម៉េចមកលើគាត់។ នេះអាចបញ្ជាក់ឲ្យឃើញថា ភាពរីករាយគឺស្ថិតនៅលើខ្លួនយើង មិនស្ថិតនៅលើអ្នកដទៃ ឬ គំនិតរបស់អ្នកដទៃនោះទេ។

៣. ភាពរីករាយជាជម្រើសរបស់យើង

ក្នុងរឿងកំប្លែង យើងតែងតែឃើញ Mr. Bean រីករាយស្ទើរតែគ្រប់ពេល ហើយបើសិនជាគាត់មិនសប្បាយចិត្តទេ គាត់តែងរកគ្រប់វិធីដើម្បីធ្វើឲ្យខ្លួនគាត់សប្បាយចិត្ត។ យើងអាចសន្និដ្ឋានបានថា ភាពរីករាយមិនមែនចេះតែកើតឡើងឯងៗនោះទេ តែយើងត្រូវចេះបង្កើតវាឡើង។

៤. ធ្វើច្រើនជាងនិយាយ

បើតាមរយៈរឿងកំប្លែងរបស់ Mr. Bean គាត់មិនសូវជានិយាយប៉ុន្មានទេ តែគាត់ប្រើកាយវិការច្រើនជាងនិយាយ។ ទោះជាគាត់មិននិយាយ តែគ្រប់រឿងកំប្លែងរបស់គាត់ គាត់ប្រើកាយវិការ ដែលទោះបីជាជាតិសាសន៍ណាក៏អាចមើលរឿងកំប្លែងរបស់គាត់យល់ដែរ។ ចំនុចនេះក៏អាចបញ្ជាក់បានថា មិនប្រាកដថាការដែលនិយាយច្រើនជារឿងដែលល្អនោះទេ បើគ្មានសកម្មភាពជាក់ស្ដែងមកបញ្ជាក់។ ដូចទៅហ្នឹងពាក្យមួយឃ្លាជាភាសាអង់គ្លេសថា “Actions speak louder than words” ។

ក្រោយពីបានស្វែងយល់ពីជីវប្រវត្តិ និងមេរៀនជីវិតមួយចំនួនដែលបានដកស្រង់ចេញពីការសម្ដែងរបស់ Mr. Bean រួចមក សង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកវាជាបទពិសោធ ក៏ដូចជាមេរៀនក្នុងជីវិត ហើយយកវាទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរ។

សូមអានបន្ថែម៖

  1. https://www.biography.com/people/rowan-atkinson-9191636
  2. https://www.totalphase.com/blog/2016/04/mr-bean-electrical-engineer/
  3. https://gineersnow.com/engineering/rowan-atkinson-electrical-engineering-worldwide-comedy

បុគ្គលិកលក្ខណៈក្នុងភាពជាអ្នកដឹកនាំរបស់​លោក លី ក្វាន់ យូ

មនុស្សភាគច្រើនប្រាកដជាបានស្គាល់នាយករដ្ឋមន្ដ្រីទីមួយរបស់ប្រទេសសិង្ហបុរីគឺ លោក លី ក្វាន់ យូ(Lee Kuan Yew)។ លោក លី ក្វាន់ យូ កើតនៅក្នុងគ្រួសារចិនដែលជាអ្នកមានទ្រព្យរស់នៅក្នុងប្រទេសសិង្ហបុរីតាំងពីសតវត្សរ៍ទី ១៩ ហើយបន្ទាប់ពីសង្រ្គាមលោកលើកទី ២ លោកបានទៅសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យ Fitzwilliam នៅ Cambridge ចក្រភពអង់គ្លេស។ ថ្វីត្បិតតែគាត់បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ ប៉ុន្តែកិត្តិស័ព្ទរបស់លោកនៅតែត្រូវបានគេទទួលស្គាល់ស្ទើរគ្រប់ទីកន្លែង ដោយសារតែគាត់ជានាយករដ្ឋមន្រ្ដីដែលកាន់តំណែងយូរបំផុត(១៩៥៩-១៩៩០) ហើយបានធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសដែលរីកចម្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ យើងអាចសិក្សាពីភាពជាអ្នកដឹកនាំរបស់គាត់តាមរយៈ ៖

ប្រភព៖ ក្របសៀវភៅ The Singapore Story: Memoirs of Lee Kuan Yew

១. ភាពស្មោះត្រង់

គុណសម្បត្តិដ៏លេចធ្លោបំផុតរបស់គាត់គឺ ភាពស្មោះត្រង់។ គាត់មិនដែលភ័យខ្លាចពេលដែលគាត់និយាយពាក្យពិត ទោះបីជាវាអាចប៉ះពាល់ដល់អ្នកណាក៏ដោយ។ គាត់ក៏ធ្លាប់បាននិយាយថា “I have been accused of many things in my life, but not even my worst enemy has ever accused me of being afraid to speak my mind.” ដែលមានន័យថា “ខ្ញុំត្រូវបានគេចោទប្រកាន់ពីរឿងជាច្រើនក្នុងមួយជីវិតរបស់ខ្ញុំ ប៉ុន្តែសូម្បីតែសត្រូវដ៏អាក្រក់របស់ខ្ញុំក៏មិនដែលធ្លាប់បានចោទខ្ញុំពីការភ័យខ្លាចក្នុងការនិយាយពីគំនិតរបស់ខ្ញុំនោះទេ។”

ពិតណាស់ដែលអ្នកខ្លះប្រហែលជាមានការអាក់អន់ចិត្តជាមួយនឹងការរិះគន់ចំៗពីយើង ប៉ុន្តែនេះក៏ជាហេតុដែលធ្វើមនុស្សជាច្រើនជឿទុកចិត្តលើយើង ហើយវាជាគន្លឺះសម្រាប់មេដឹកនាំផងដែរ ។

២. ការរៀបចំផែនការ

ដោយការមើលឃើញពីសារៈសំខាន់មួយចំនួន លោក លី ក្វាន់ យូ បានរៀបចំគោលដៅរយៈពេលវែងសម្រាប់ការដឹកនាំប្រកបដោយភាពជោគជ័យបន្សល់ទុកដល់អ្នកជំនាន់ក្រោយមុនពេលដែលគាត់លាលែងពីតំណែងជានាយករដ្ឋមន្រ្តី។ ជាការពិត ភាពជោគជ័យគឺមិនមានទេ បើគ្មានអ្នកស្នងតំណែង។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ គួរតែមានចិត្តទូលាយក្នុងការចែករំលែកបទពិសោធន៍ និងដំបូន្មានដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តការរីកចម្រើនទៅមុខទៀត។

រូបថតរបស់ Eric Tay។
ប្រភព៖ អនាមិក

៣. មិនងាយចុះចាញ់

លោក លី ក្វាន់ យូ ធ្លាប់បានឆ្លងកាត់ដំណាក់កាលដ៏លំបាកកំឡុងពេលនៃការបែងចែករវាងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ទោះជាជូបការបរាជ័យ គាត់មិនបានបោះបង់ចោលដែរ ប៉ុន្តែគាត់ថែមទាំងបានពង្រឹងការតាំងចិត្តរបស់គាត់ និងបន្តជឿជាក់ថាគាត់នឹងអាចអភិវឌ្ឍប្រទេសសិង្ហបុរីឲ្យបានតាមការរំពឹងទុករបស់គាត់។ វាពិតណាស់ដែលមេដឹកនាំត្រូវមានការបេ្ដជ្ញាចិត្តយ៉ាងមុតមាំ មិនថាក្នុងកាលៈទេសៈណាទេ។ នរណាក៏អាចដឹកនាំបានដែរ ប៉ុន្តែអាចក្លាយជាអ្នកដឹកនាំល្អ ឬ អត់ វាអាស្រ័យលើការតស៊ូមិនចុះចាញ់ទោះមានឧបសគ្គលំបាក។

៤. ការផ្ដល់ឱកាសសម្រាប់មនុស្សគ្រប់គ្នា

វិសមភាពនៅក្នុងសង្គមនៅតែជាកត្តាដែលមិនអាចជៀសបាន ប៉ុន្តែលោក លី ក្វាន់ យូ បានប្រកាន់គោលជំហរថា មនុស្សជនជាតិណាក៏មានឱកាសក្លាយទៅជាមនុស្សដែលមានសក្ដានុពល ក្លាយជាចំណែកមួយរបស់ប្រទេសសិង្ហបុរីដែរ។ គាត់មិនអនុញ្ញាតឲ្យការប្រកាន់ពូជសាសន៍កើតមាននៅក្នុងប្រទេសរបស់គាត់នោះទេ ដោយគាត់ជឿជាក់ថា ក្នុងសង្គមមួយ មនុស្សមិនគួរត្រូវបានគេឲ្យតម្លៃយោងទៅលើពូជសាសន៍ ធនធានទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគួរតែត្រូវបានគេឲ្យតម្លៃអាស្រ័យលើការចូលរួមចំណែករបស់ពួកគេនៅក្នុងសង្គមដោយកម្លាំងកាយ និងប្រាជ្ញាស្មារតី។

លោក លី ក្វាន់ យូ ពិតជាបុគ្គលដ៏គួរឲ្យកោតសរសើរ មិនថាចំណេះដឹង ឬ របៀបនៃការដឹកនាំរបស់គាត់ ដែលយើងអាចយកគាត់ជាគំរូ ជាពិសេសគឺ ភាពជាអ្នកដឹកនាំរបស់គាត់។ មិនថាការដឹកនាំប្រទេស សង្គម គ្រួសារ យើងអាចយករបៀបដឹកនាំរបស់គាត់មកធ្វើជាគំរូបាន។

ឯកសារយោងមួយចំនួនដែលអ្នកអាចចូលអានបន្ថែមបាន៖

  1. Key Leadership Lessons from the Late Mr. Lee Kuan Yew | (2018). Justlogin. Retrieved from https://justlogin.com/key-leadership-lessons-from-the-late-mr-lee-kuan-yew-the-visionary-leader-who-fashioned-singapore-as-we-know-it/
  2. Lee Kuan Yew – Leadership Transformed Singapore – BUSINESS & LEADERSHIP. (2018). BUSINESS & LEADERSHIP. Retrieved from https://www.businessandleadership.com/leadership/item/lee-kuan-yew-leadership-transformed-singapore/
  3. Yew, L. (2018). Lee Kuan Yew. Biography. Retrieved from https://www.biography.com/people/lee-kuan-yew-9377339

 

 

ប្រភព៖ Channel News Asia

មច្ចុរាជតាមដងផ្លូវ

ខ្ញុំមានសេចក្តីតក់ស្លុតជាខ្លាំងនៅពេលណាខ្ញុំបើកបណ្តាញសង្គមហ្វេសប៊ុកម្តងៗបានឃើញពត៌មានគ្រោះថ្នាក់ចរាចរណ៍ខ្លះដាច់ក្បាលដាច់ខ្លួន ចោរឆក់កាបូបដួលស្លាប់ក្នុងថ្លុកឈាមពាសពេញផ្លូវ បើកបរបញ្ច្រាស់ទិស បើកបរក្នុងស្ថានភាពស្រវឹង បើកឡានដេញវាយគ្នាដូចក្នុងរឿងភាគហុងកុង។

វាជារឿងដ៏គួរឲ្យសង្វេគជាខ្លាំងដែលយុវជនយុវនារីរបស់យើងដែលធ្វើដំណើរតាមដងផ្លូវមកត្រូវរងគ្រោះដោយសារមច្ចុរាជឥតប្រណីបែបនេះ។ តាមពិតទៅ សុវត្ថិភាពផ្លូវថ្នល់គួរត្រូវបានធានាដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបមានសន្តិភាពផ្លូវចិត្តនៅពេលចេញចរយាត្រាជិតឆ្ងាយម្តងៗ។ ជាអកុសល មានជនរងគ្រោះជាច្រើនបានស្លាប់បាត់បង់ជីវិត ខ្លះពិការអស់មួយជីវិតដោយសារតែយមរាជតាមផ្លូវថ្នល់នេះឯង។ យើងសង្កេតឃើញថា បច្ចុប្បន្នមានការរឹតបណ្ដឹងច្បាប់ចរាចរណ៍ ដូចជា បង្កើនការយាមល្បាតតាមដងផ្លូវ ពីសំណាក់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ការតម្លើងភ្លើងសញ្ញាចរាចរណ៍ថ្មីតាមស្ដុបនីមួយៗ ការគូសគំនូសខណ្ឌចែកផ្លូវជាដើម ដើម្បីរក្សាសុវត្ថិភាព និងបង្កភាពងាយស្រួលជូនអ្នកដំណើរ។ ស្របពេលដែលការរឹតបណ្តឹងច្បាប់មានការកើនឡើង ករណីដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់នៅតែកើតមាន។ នេះក៏ជាហេតុដែលបង្កឲ្យអ្នកបើកបរដែលមិនគោរពច្បាប់ភាគច្រើន អាចជួបគ្រោះថ្នាក់ដល់ខ្ឡួនឯង​ និងអ្នកដទៃដោយសារ​ការគេចវេសពីសមត្ថកិច្ចដែលឈរត្រួតពិនិត្យ​ទៅលើអ្នកបើកបរតាមដងផ្លូវ។

បើតាមការចេញផ្សាយរបស់កាសែតភ្នំពេញបុស្តិ័ និងកម្ពុជាថ្មីបានឲ្យដឹងថារយៈពេលបួនឆ្នាំចុងក្រោយបានករណីគ្រោះថ្នាក់ចរាចរណ៍លើសពី ៣០០០ករណីក្នុងមួយឆ្នាំៗដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ផងដែរ (រូបភាពទី១) ដែលនេះជាអត្រាគ្រោះថ្នាក់ដល់ខ្ពស់បំផុតមួយលើពិភពលោក។​  បើតាមការចុះផ្សាយរបស់វីអូអេ ដោយស្រង់យកលទ្ធផលសិក្សារបស់ Handicap International ក្នុងឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យរាជរដ្ឋាភិបាលកម្ពុជាខាតបង់ ៣៣៧ លានដុល្លាក្នុងឆ្នាំនោះ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។

រូបភាពទី១ របាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែរកម្ពុជាថ្មី និង B) ភ្នំពេញបុស្តិ៍។

មានមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដូចជា ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការបើកប្រជែង បើកបរក្នុងស្ថានភាពស្រវឹង បត់មិនប្រយ័ត្ន បញ្ហាសុខភាព កត្តាយានយន្ត កត្តាផ្លូវ និងកត្តាផ្សេងៗជាច្រើនទៀត (រូបភាពទី ២)។

រូបភាពទី ២ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែតកម្ពុជាថ្មី។

គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈ ហើយត្រូវចំណាយលើការព្យាបាលផ្សេងៗទៀតផង។​បើជិះម៉ូតូ សូមពាក់មួកសុវត្ថិភាព មើលឆ្វេងស្តាំមុននឹងបត់ កុំជិះទន្ទឹមគ្នាដែលនាំឲ្យប៉ះដៃចង្កូតគ្នាដួល ហើយបើសិនជាអាចចូរប្រយ័ត្នប្រយែងបើមានកាបូបយួរដៃ ឬពាក់គ្រឿងអលង្ការ។ ចំពោះអ្នកជិះរថយន្ត ឬរឺម៉កកុំអាងខ្លួនធំមិនគិតពីអ្នកដទៃ កុំបើកបរក្នុងស្ថានភាពស្រវឹង។ ដូច្នេះហើយ សូមបងប្អូនមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ហើយសូមបើកបរដោយមានទំនួលខុសត្រូវ ចៀសវាងបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃដែលមិនអ្វីសោះនោះទទួលនូវផលលំបាកដោយសារយើងផងដែរ។

អត្ថបទដោយ៖

លោក  អ៊ុក សុវណ្ណារ៉ា, និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ  (TIT)

កញ្ញា ពុធ សម្ផស្សចរិយា, និស្សិតវិទ្យាស្ថានភាសាបរទេស (IFL)

ឯកសារយោង

A. http://kampucheathmey.com/kpt/?p=120579

B. https://www.phnompenhpost.com/national/nearly-1800-die-roads-2017

C. https://www.voanews.com/a/traffic-accidents-are-leading-cause-of-death-in-cambodia/3403777.html

អ្នករៀនភាសាអង់គ្លេសមិនគួរមើលរំលងគេហទំព័រទាំងនេះទេ

ខាងក្រោមនេះគឺជាបញ្ជីគេហទំព័រអនឡាញឥតគិតថ្លៃ សម្រាប់ជាជំនួយក្នុងការ រៀនភាសាអង់គ្លេសរបស់ សិស្ស​ និស្សិត។ 

  1. English Language Centre Study Zone (http://web2.uvcs.uvic.ca/elc/studyzone/) – គេហទំព័រនេះមានប្រភពមកពីសាកលវិទ្យាល័យ Victoria។ គេហទំព័រនេះពន្យល់ ពីមេរៀនវេយ្យាករណ៍យ៉ាងសង្ខេប និងងាយយល់។ ចំពោះមេរៀនអំណានមាន ភ្ជាប់ជាមួយសំណួរយល់ដឹង។
  2. English Grammar in Use (http://englishgrammarinuse.net/) – សៀវភៅ វេយ្យាករណ៍របស់លោក Raymond Murphy សម្រាប់អ្នកសិក្សាភាសាអង់គ្លេសនេះគឺ ស្ទើរតែល្អឥតខ្ចោះទៅហើយ។ សៀវភៅនេះបានពន្យល់យ៉ាងក្បោះក្បាយពីមេរៀន រួមទាំងមានលំហាត់សម្រាប់អនុវត្តន៍ទៀតផង។ ខ្ញុំបានរក្សាទុកសៀវភៅរបស់គាត់ ជាយូរឆ្នាំ ហើយខ្ញុំក៏សប្បាយចិត្តជាខ្លាំងដែលឃើញវាត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុង ប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ។
  3. John Fleming’s ESL Grammar Help (http://www.deanza.edu/directory/faculty-websites.html) – គេហទំព័រនេះល្អសម្រាប់ជនជាតិដើមនិយាយភាសាអង់គ្លេសដែល ចង់ស្វែងយល់ឲ្យច្បាស់ពីក្បួនវេយ្យាករណ៍របស់ពួកគេ។
  4. ESL Blue (http://eslbluesapps.com/partypqf.htm) -​ គេហទំព័រនេះមានរួមបញ្ចូល នូវសំណួរ​ ចម្លើយដែលទាក់ទងនឹងវេយ្យាករណ៍ជាច្រើន។
  5. Label Me! (http://www.enchantedlearning.com/label/simple.shtml) – គេហទំព័រដែល អាចព្រីនសន្លឹកកិច្ចការចេញមកបាននេះជាគេហទំព័រដែលល្អសម្រាប់ការបង្រៀន។ វា មានរូបភាពសម្រាប់ឲ្យសិស្សមើល និងបំពេញពាក្យឲ្យត្រូវនឹងរូបភាព។ ឯកសារ ទាំងនេះស័ក្តិសមសម្រាប់សិស្សគ្រប់កម្រិត។

  1. Ello (http://www.elllo.org/english/) – សម្រាប់គេហទំព័រនេះប្រមូលផ្ដុំទៅដោយ ឃ្លីបសម្លេងដែលត្រូវបានបែងចែកទៅតាមប្រធានបទ កម្រិត និងការសង្កត់សម្លេង របស់អ្នកនិយាយ។ ខ្ញុំលើកយកគេហទំព័រនេះមកដើម្បីផ្ដល់ឲ្យអ្នកទាំងអស់គ្នានូវ ឃ្លីបសម្លេងដែលរួមបញ្ចូលការសង្កត់សម្លេងរបៀបខុសៗគ្នា។ នៅលើគេហទំព័រនេះ មិនមែនមានត្រឹមតែការសន្ទនាធម្មតាទេ ប៉ុន្តែការសន្ទនាក្នុងនេះមានទាំងអ្នកនិយាយ ភាសាអង់គ្លេសជនជាតិដើម និង​មិនមែនជាជនជាតិដើម។
  2. Musical English Lessons (http://www.musicalenglishlessons.org/music-index.htm) – គេហទំព័រនេះមានលក្ខណៈច្របូកច្របល់បន្ដិចបន្ដួច ប៉ុន្តែវាផ្ដល់នូវសន្លឹកកិច្ចការ ដោយឥតគិតថ្លៃជាមួយនឹងអត្ថបទចម្រៀង ដែលមានចន្លោះទុកសម្រាប់បំពេញពាក្យ ដែលបាត់រួចជាស្រេច។ វាមានបញ្ជីបទចម្រៀង ហើយអត្ថបទបទចម្រៀងនីមួយៗ មានភ្ជាប់ជាមួយគន្លឹះប្រាប់ពី របៀបប្រើប្រាស់បទចម្រៀងសម្រាប់ការបង្រៀន នៅក្នុងថ្នាក់។
  3. English Club (https://www.englishclub.com/esl-worksheets/conversation/) – សន្លឹកកិច្ចការរបស់ English Club នេះមានមេរៀនតូចៗរបស់មុខវិជ្ជាផ្សេងៗជាច្រើន។ វាថែមទាំងមានប្រធានបទជាច្រើនសម្រាប់មេរៀនសន្ទនាកម្រិតខ្ពស់ និងប្រធានបទ សម្រាប់ការសន្ទនាធម្មតា។ មេរៀននីមួយៗរួមបញ្ចូលវាក្យស័ព្ទ និងសំណួរទាក់ទង នឹងប្រធានបទ។
  4. Randall’s ESL Cyber Listening Lab (http://www.esl-lab.com/) – គេហទំព័រ Randall នេះគឺជាគេហទំព័រដ៏អស្ចារ្យបំផុត ដែលប្រមូលផ្ដុំទៅដោយលំហាត់ទាក់ទងនឹង ជំនាញក្នុងការស្ដាប់យ៉ាងច្រើន។ វាមានឃ្លីបសម្លេង ដែលឃ្លីបសម្លេងទាំងនោះ មានលំហាត់មុន និងក្រោយការស្ដាប់ ហើយនិងសំណួរយល់ដឹង។ គេហទំព័រនេះ ស័ក្តិសមសម្រាប់សិស្សកម្រិតទាប មធ្យម និងខ្ពស់។  
  5. Takako’s Great Adventure (http://international.okanagan.bc.ca/takako/) – គេហទំព័រ នេះបានបង្ហោះមេរៀនមួយក្នុងចំណោមមេរៀនដែលខ្ញុំចូលចិត្តជាងគេ គឺឃ្លីបសម្លេង ដែលនិទានពីដំណើរផ្សងព្រេងនៅក្នុងប្រទេសកាណាដារបស់ ក្មេងស្រីជនជាតិជប៉ុន ម្នាក់ពេលដែលនាងបានជួបបុរសម្នាក់នៅព្រលានយន្ដហោះ ហើយបានអះអាងថា ជាពូរបស់នាង។ ឃ្លីបសម្លេងនេះចែកចេញជា ១០ភាគ ហើយក្នុងមួយភាគៗមាន សំណួរអំពីវាក្យស័ព្ទ និងសំណួរយល់ដឹង។ រឿងនិទាននេះវែងបន្តិចមែន ប៉ុន្តែវា ស័ក្តិសមបំផុតសម្រាប់អ្នកសិក្សាកម្រិតខ្ពស់។

  1. Tall Tales (http://strangenewsstories.eslreading.org/home/sitemap.html) – អត្ថបទ អំណានខ្លះៗនៅក្នុងវេបសាយនេះមានភ្ជាប់ជាមួយលំហាត់សម្រាប់ឲ្យសិស្សអនុវត្តន៍។
  2. Academic English Café (http://www.academicenglishcafe.com/) – នេះជា គេហទំព័រល្អមួយសម្រាប់ ជំនាញក្នុងការសរសេរដែលប្រកបដោយភាពច្នៃប្រឌិត ហើយវាល្អសម្រាប់សិស្សកម្រិតវិទ្យាល័យ ឬ ខ្ពស់ជាងនេះ។
  3. Online Writing Lab (OWL) (https://owl.english.purdue.edu/owl/resource/678/01/) – វាជាជំនួយការដ៏អស្ចារ្យសម្រាប់ការសរសេរប្រវត្តិរូបសង្ខេប​(Resumes) និងឯកសារ ផ្សេងៗ។ គេហទំព័រនេះអាចជួយដល់និស្សិតសាកលវិទ្យាល័យ និងមនុស្សពេញវ័យ ដែលមានបំណងស្វែងរកការងារធ្វើក្នុងប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស។

  1. BBC Learning English (http://www.bbc.co.uk/learningenglish/) – នេះជាគេហទំព័រ ដ៏ធំមួយដែលមានរៀបចំជាមេរៀនវេយ្យាករណ៍​ លំហាត់ មេរៀនផ្សេងៗដែលផ្អែកលើ ព្រឹត្តិការណ៍កើតឡើងនៅក្នុងពេលបច្ចុប្បន្ន។ វាជាគេហទំព័រដ៏អស្ចារ្យសម្រាប់ គ្រូបង្រៀនភាសាអង់គ្លេសកម្រិតមនុស្សពេញវ័យ ព្រោះវាមានផ្នែកបង្រៀនភាសា អង់គ្លេសសម្រាប់មុខជំនួញ និងមេរៀនដែលទាក់ទងនឹងជីវិតជាក់ស្ដែងដូចជា ការជួលផ្ទះ និង​ការជិះរថភ្លើងក្រោមដីជាដើម។
  2. Breaking News English (http://www.breakingnewsenglish.com/) – នៅទីនេះអ្នកអាច រកបាននូវមេរៀនដែលមានទាំងវាក្យស័ព្ទ និងសំណួរពិភាក្សា ហើយថែមទាំងអត្ថបទ ពត៌មានទាក់ទងនឹងព្រឹត្តិការណ៍បច្ចុប្បន្ន។ គេហទំព័រនេះគឺសម្រាប់អ្នករៀនកម្រិត មធ្យម ឬ ខ្ពស់ ប៉ុន្តែយើងក៏អាចយកមេរៀនសម្រាប់កម្រិតមធ្យម ឬ ខ្ពស់នោះ មកធ្វើការកែប្រែវាឲ្យអាចប្រើប្រាស់បានសម្រាប់សិស្សកម្រិតទាបបានដែរ។
  3. Business English Materials (http://www.businessenglishmaterials.com/) – មេរៀនភាសាអង់គ្លេសនៅទីនេះ ភាគច្រើនទាក់ទងនឹងភាសាអង់គ្លេសសម្រាប់ មុខជំនួញ។ គេហទំព័រមួយនេះជាដៃគូរបស់គេហទំព័រ Breaking News English ខាងលើ។ មេរៀនរបស់វាទាក់ទងនឹងក្រុមហ៊ុនដែលទទួលបានភាពជោគជ័យផ្សេងៗ គ្នាជាច្រើនរាប់ចាប់ពីក្រុមហ៊ុន Apple រហូតដល់ក្រុមហ៊ុន Zara។ មេរៀនក្នុងនេះ រួមមានអំណាន ល្បែងកំសាន្ដផ្សេងៗ លំហាត់ និង​ សំណួរ។
  4. Postscript (http://www.linguarama.com/ps/index.htm) – គេហទំព័រ មួយនេះផ្ដល់ឲ្យនូវមេរៀនតូចៗ និង​សន្លឹកកិច្ចការផ្សេងៗ។ ចុចយកពាក្យ “Themes” ដែលអ្នកនឹងឃើញនៅផ្ទាំងខាងឆ្វេងរបស់គេហទំព័រ ដើម្បីងាយស្រួលក្នុងការស្វែងរក មេរៀនតាមចំណងជើងផ្សេងៗដែលមានដូចជា ការគ្រប់គ្រង​ ​ ធនាគារ ​ទីផ្សារ។ល។ វាល្អសម្រាប់ថ្នាក់រៀនភាសាអង់គ្លេសកម្រិតមធ្យម ឬ ខ្ពស់ជាងនេះ។