genie
៥​ ចំនុច​សំខាន់ៗ​ក្នុងការ​សរសេរ​ Personal Statement ដែល​លេច​ធ្លោ​សម្រាប់​ការ​ដាក់​អាហារូបករណ៍​

ជាការពិតណាស់ Personal Statement គឺជាផ្នែកមួយយ៉ាងក្នុងការដាក់អាហារូបករណ៍មិនថាទៅបរទេស ឬក្នុងស្រុក ជាពិសេសសម្រាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតឡើងទៅ។ វាគឺជាសំនេរមួយដែលផ្តល់លទ្ធភាពដល់ម្ចាស់អាហារូបករណ៍ធ្វើការស្វែងយល់អំពីបេក្ខជន ដើម្បីធ្វើការវាយតម្លៃថាតើបេក្ខជនសាកសមនឹងទទួលបានអាហារូបករណ៍ដែរឬទេ ពោលគឺគួរជ្រើសរើសឲ្យបន្តរទៅកាន់វគ្គសម្ភាសន៍ (Interview Stage) ដែរឬទេ។ ដូច្នេះដើម្បីចូលរួមសម្រួលការលំបាក ក៏ដូចជាផ្តល់គំនិតជាជំនួយក្នុងការសរសេរ Personal Statement ដល់បេក្ខជនដែលត្រៀមខ្លួនដាក់អាហារូបករណ៍ក្នុងឆ្នាំថ្មីខាងមុខនេះ ខាងក្រោមនេះគន្លឹះសំខាន់ៗ ៥ ដែលក្រុមការងារអាឡាដាំងរៀបចំឡើងដោយយោងទៅតាមបទពិសោធន៏ផ្ទាល់ខ្លួនរបស់សមាជិកក្រុម ដែលបានឆ្លងកាត់កន្លងមក។

១) យល់ឲ្យច្បាស់ពីខ្លួនឯង

ដោយសារ Personal Statement គឺជាការបូកផ្សំរវាងពាក្យ Personal ដែលមានន័យថាផ្ទាល់ខ្លួន ឬអំពីខ្លួនអ្នក និងពាក្យ Statement ដែលមានន័យថា សំណេរ ឬសេចក្តីថ្លែងការណ៍ ទើបក្នុង Personal Statement គេឲ្យអ្នកសរសេររៀបរាប់ពីខ្លួនអ្នកដោយលើកយកពីឆាកជីវិត(your course of life) និងការយល់ឃើញរបស់អ្នកចំពោះជិវិត (your view of life)។

បើនិយាយម្យ៉ាងទៀត គឺគេចង់ដឹងថាអ្នកធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ជីវិតអ្វីខ្លះ ហើយអ្នកអាចហែលឆ្លង ឬក៏ដោះស្រាយឧបសគ្គក្នុងជីវិតបានយ៉ាងដូចម្តេចខ្លះ។ ឧទាហរណ៍ អ្នកខ្លះគាត់មានបញ្ហាក្នុងគ្រួសារ ខ្វះថវិកាក្នុងការសិក្សា ហើយគាត់ត្រូវជួយការងារឪពុកម្តាយដើម្បីរកលុយផ្គត់ផ្កង់គ្រួសារ តែដោយសារគាត់យល់ឃើញថាមានតែការអប់រំទេទើបអាចជួយរំដោះគាត់ពីការលំបាកទាំងនោះបាន បូកផ្សំជាមួយនឹងបំណងប្រាថ្នាចង់សំរេចអ្វីមួយនៅថ្ងៃអនាគត និងមានទេពកោសល្យលើការសិក្សាផងនោះ គាត់បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរហូតបានរៀននៅមហាវិទ្យាល័យ។ នេះហើយជាឧទាហរណ៍មួយរបស់ Your course of life និង your view of life ហើយតាមពិតទៅបុគ្គលម្នាក់ៗមានដំណើរជីវិតរៀងៗខ្លួន មានគោលបំណងផ្សេងៗគ្នា ដូច្នេះអ្នកគួរបង្ហាញពីភាពខុសប្លែកពីគេ (uniqueness) នោះឲ្យគណកម្មការរង្វាយតម្លៃបានស្គាល់ពីខ្លួនអ្នក នឹងការខិតខំប្រឹងប្រែងរបស់អ្នក។

២) មានគោលបំណងច្បាស់លាស់ និងយល់ឲ្យច្បាស់ពីកត្តាជំរុញរបស់វា

បន្ទាប់ពីរៀបរាប់ត្រួសៗអំពីខ្លួនអ្នករួចមក អ្នកគួរតែប្រាប់គេឲ្យដឹងពីបំណងប្រថ្នាទៅថ្ងៃអនាគតថាអ្នកចង់បានអ្វី ឬក៏ចង់ធ្វើអ្វី។ ជាការពិតណាស់ បើអ្នកមិនទាំងស្គាល់ខ្លួនឯង ឬដឹងថាខ្លួនឯងចង់បានអ្វីផងនោះ ធ្វើម៉េចអាចឲ្យអ្នកដទៃ (គណកម្មការវាយតម្លៃ) គេស្គាល់ថាអ្នកជាមនុស្សបែបណាបានទៅ។ ហើយបើគេមិនស្គាល់ថាអ្នកជាមនុស្សបែបណាផងនោះ ធ្វើម៉េចគេនឹងទុកចិត្តថាគេរើសមនុស្សមិនខុស?

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា អាហារូករណ៍ គេចំណាយថវិកា និងពេលវេលាអស់ជាច្រើនដើម្បីបណ្តាក់ទុនបណ្តុះបណ្តាលធនធានមនុស្សដើម្បីឲ្យពួកគេត្រលប់មកវិញជួយអភិវឌ្ឍប្រទេសជាតិរបស់ពួកគេដែលជាប្រទេសមិនទាន់អភិវឌ្ឍន៍ ហើយចុះបើគេជ្រើសរើសយកមនុស្សខុស គ្មានការតស៊ូប្រឹងប្រែង គ្មានសុទ្ធិនិយមក្នុងខ្លួន តើការជួយ (ផ្តល់) អាហារូករណ៍របស់ពួកគេមានប្រយោជន៍អ្វី? អញ្ជឹងហើយបានជាអ្នកត្រូវឲ្យគេដឹងពីគោលបំណងរបស់អ្នក ដើម្បីឲ្យគេមានជំនឿចិត្តថាគេរើសយកអ្នកមិនខុសនោះទេ។

៣) ការបង្ហាញភស្តុតាងនិងបទពិសោធន៍ត្រឹមត្រូវ សាកសមនិងច្បាស់លាស់

បន្ទាប់ពីបង្ហាញពីគោលបំណងរបស់អ្នក អ្នកចាំបាច់ត្រូវបង្ហាញគេថា អ្នកមិនមែនចេះតែស្រមើស្រមៃនោះទេ ពោលគឺអ្នកមានគម្រោងច្បាស់លាស់ និងមានទុនសម្រាប់សម្រេចបាននូវអ្វីដែលអ្នកប៉ង។ និយាយឲ្យសាមញ្ញទៅ គឺអ្នកត្រូវប្រាប់ពីការអប់រំរបស់អ្នក និងបទពិសោធន៍នានាដែលទាក់ទង ព្រោះបើអ្នកគ្មានមូលដ្ឋានគ្រឹះរឹងមាំនោះទេ បើទោះបីជាគេបញ្ជូនអ្នកទៅរៀននៅសាកលវិទ្យាល័យលំដាប់ល្អយ៉ាងណាក៏ដោយ ក៏ប្រហែលជាអ្នកមិនអាចទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយគេចង់ដឹងថាអ្នកបានរៀនអ្វីខ្លះហើយឬនៅដើម្បីធ្វើឲ្យច្បាស់ថាបំណងប្រាថ្នារបស់អ្នកសមហេតុផល និងអាចទៅរួច (feasible and realistic)។

៤) មានមូលហេតុច្បាស់លាស់ចំពោះការដាក់ពាក្យសុំអាហារូបករណ៍មួយនេះ នៅសាកលវិទ្យាល័យមួយនេះ ឬប្រទេសមួយនេះ

មានអាហារូបករណ៍មកពីប្រទេសជាច្រើនដែលបានផ្តល់មកឲ្យនិស្សិតកម្ពុជាក្នុងមួយឆ្នាំៗ តើមូលហេតុអ្វីបានជាអ្នកសម្រេចចិត្តជ្រើសរើសយកអាហារូករណ៍ ឬប្រទេសមួយនេះ? តើអាហារូបករណ៍នេះ មានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យអ្នកសម្រេចចិត្តជ្រើសរើសយកវា? ទាំងពីរនេះជាសំណួរដែលខាងអ្នកផ្តល់អាហារូបករណ៍គេចង់ដឹងពីអ្នក។ ប៉ុន្តែមាននិស្សិតជាច្រើនតែងតែយល់ច្រលំចំពោះគោលបំណងពិតប្រាកដរបស់សំណួរមួយនេះ។ ពួកគេតែងតែគិតថា ខាងអ្នកផ្តល់អាហារូបករណ៍ចង់ឲ្យបេក្ខជនសរសើរពីកម្មវិធី ឬប្រទេសរបស់ពួកគេបានជាគេសួរសំណួរនេះ តែតាមធាតុពិតមិនមែនដូច្នេះនោះទេ។ អ្វីដែលគេចង់ដឹងនោះគឺថា តើអ្នកបានយល់ដឹងពីគោលបំណង (Program Objectives) របស់កម្មវិធីនោះហើយឬនៅ មុននឹងធ្វើការសម្រេចចិត្ត។ គេមិនចង់បានបេក្ខជនដែលចេះតែដាក់ទាំងទទឹងទិស មិនដឹងអ្វីសោះនោះទេ។ ម្យ៉ាងវិញទៀត គេចង់ដឹងថា តើអ្នកជាមនុស្សដែលធ្វើការស្រាវជ្រាវឲ្យបានសព្វជ្រុងជ្រោយហើយ ឬនៅ ឬមួយក៏ឲ្យតែមានអាហារូបករណ៍ចេះតែដាក់ ហើយចេះតែអួត (សរសើរ) គ្រប់កម្មវិធីទាំងអស់។ មួយទៀតគេចង់ដឹងថា តើជម្រើសរបស់អ្នកក្នុងការជ្រើសរើសសាលា/ប្រទេសដែលអ្នកជ្រើសរើសនោះ ពិតជាត្រឹមត្រូវ នឹងសមប្រកបធ្វើឲ្យអ្នកអាចបំពេញនូវការរំពឹងទុក (expectation) របស់អ្នកកំរិតណា។

ដូច្នេះហើយបើសិនជាអ្នកបានអាន និងយល់ច្បាស់ពីគោលបំណងរបស់កម្មវិធីអាហារូបករណ៍នោះ អ្នកពិតជាអាចធ្វើបានល្អ ហើយឆ្លើយទៅតាមអ្វីដែលគេចង់បាន។

៥) មានគម្រោងជាក់លាក់ក្រោយធ្វើមាតុប្រទេសវិញ

ក្នុងសំណួរនេះ គេចង់ដឹងថាអ្នកនឹងប្រើប្រាស់នូវចំណេះដឹងរបស់អ្នកដើម្បីរួមចំណែកអ្វីខ្លះបន្ទាប់ពីត្រលប់មកកាន់មាតុប្រទេសវិញ។ តាមធម្មតា មានបេក្ខជនជាច្រើនឆ្លើយស្រដៀងៗគ្នា ដូចជានិយាយថា៖

«ខ្ញុំនឹងចែករំលែកចំនេះដឹងនិងជំនាញដែលទទួលបានទៅកាន់មិត្តភក្តិនិងជនរួមជាតិកម្ពុជាដ៏ទៃទៀតតាមដែលអាចធ្វើបាន»។

ដោយឡែកអ្នកអាចនិយាយបែបនេះទៅវិញថា៖

«ខ្ញំនឹងបន្តសកម្មភាព ឬគម្រោងដែលខ្ញុំធ្លាប់ធ្វើ ហើយចែករំលែកនូវបទពិសោធន៍ដែលខ្ញុំមាន ក៏ដូចជាជួយជំរុញទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងរៀនដើម្បីបានឱកាសដូចខ្ញុំដែរ។ ខ្ញុំក៏នឹងយកទុនដែលខ្ញុំបានទទួលពីការរៀនសូត្រ ក៏ដូចជាសកម្មភាពកំឡុងពេលសិក្សានៅក្រៅប្រទេសដើម្បីបន្តដំណើរទៅមុខទៀត ធ្វើយ៉ាងណាឲ្យគោលបំណងរយៈពេលវែងរបស់ខ្ញុំបានសម្រេច»។

នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះដើម្បីបង្ហាញអ្នកទាំងអស់គ្នាឲ្យមានភាពច្នៃប្រឌិតក្នុងការឆ្លើយទៅនឹងសំនួរនេះ។

ជាសរុបមក ការសរសេរ Personal Statement ទាមទារឲ្យមានភាពអត់ធ្មត់ ការតាំងចិត្តខ្ពស់ ស្គាល់ខ្លួនឯងឲ្យបានច្បាស់ថាខ្លួនចង់បានអ្វី ខ្លួនមានអ្វីហើយឬនៅដើម្បីសម្រេចនូវអ្វីដែលខ្លួនប៉ងប្រាថ្នា និងត្រូវមានគំនិតច្នៃប្រឌិតក្នុងការសរសេរ។ ចូរចងចាំថា អាហារូបករណ៍និមួយៗមានបេក្ខជនជាច្រើនរយនាក់ ពេលខ្លះអាចដល់ពាន់នាក់ដែលដាក់ ដូច្នេះបើអ្នកមិនលេចធ្លោជាងបេក្ខជនដទៃនោះទេ អ្នកនឹងមានឱកាសទាបណាស់ក្នុងការទទួលបានជោគជ័យ។ អ្នកត្រូវមានការត្រៀមខ្លួនឲ្យបានល្អមុននឹងសម្រេចចិត្តដាក់អាហារូបករណ៍ មិនមែននឹកឃើញភ្លាម ដាក់ភ្លាមនោះទេ។

គួរបញ្ជាក់ផងដែរថា អាឡាដាំងមិនមែនជាអ្នកជំនាញអ្វីនោះទេ ប៉ុន្តែក្រុមការងារយើងខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដែលមានបន្តិចបន្តួចដល់ប្អូនៗសិស្សានុសិស្សដែលមានបំណងចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសតែប៉ុណ្ណោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យរីកចម្រើនទៅមុខដូចបណ្តាប្រទេសរីកចម្រើនដទៃទៀត។ សំណាងល្អទាំងអស់គ្នា!

Like ផេក អាឡាដាំង Like Ahladang ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

Disclaimer: នេះជាកម្មសិទ្ធបញ្ញារបស់ ahladang.com ។ ហាមចំលងឬយកអត្ថបទទៅបោះផ្សាយបន្ត ដោយគ្មានការអនុញ្ញាតពីក្រុមការងារអាឡាដាំង។ ការផ្តល់សិទ្ធអាចទំនាក់ទំនងបានតាមរយៈអ៊ីមែល ahladang.biz@gmail.com ឬ ទូរស័ព្ទ ០៨៦ ៦៦៨ ៧៧៨។ 

អ្នកក៏ប្រហែលជាចាប់អារម្មណ៍

តើ រចនា ​មាន​គន្លឺះអ្វី​ខ្លះ​ដើម្បី​ផ្តល់​ជូនប្អូនៗ​ដែល​ចង់​ដាក់​ពាក្យ​អាហារូបករណ៍?

ហង្ស វុទ្ធិកា ចែករំលែកបទពិសោធន៍​ការ​ដាក់​អាហារូបករណ៍របស់លោក និងការរស់នៅរបស់លោកក្នុងប្រទេសអង់គ្លេស

ទី លឹមកុសល៖ អាហារូបករណ៍ YSEALI ល្អសំរាប់និស្សិតខ្មែរ

បូរ៉ាន់ ច័ន្ទរតនៈ៖ បង្ហើបពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT កំរិត Specialized Training College

លី វ៉េងហុង៖ ដើរតាមអ្វីដែលគាត់ចូលចិត្ត ជាងរបររកស៊ីរបស់គ្រួសារ

អ៊ុក សុវណ្ណារ៉ា ៖ សិល្បៈក្នុងការសរសេរ Personal Statement សំរាប់ដាក់អាហារូបករណ៍

ញ៉ សញ្ញេ៖ និស្សិត​ខ្មែរ​ដំបូង​បង្អស់​ដែល​ស្រាវជ្រាវអំពី​វិធីសាស្រ្ត​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពត៌មានវិទ្យា​