កំហុសដ៏ធំបំផុត3យ៉ាងរបស់អ្នកសម្ភាសន៍អាហារូបករណ៍

១) ទន្ទេញឲ្យចាំនូវចម្លើយទុកមុន  

វាមិនមែនជារឿងល្អទាល់តែសោះដែលអ្នកត្រូវទន្ទេញឲ្យរត់មាត់នូវចម្លើយរបស់សំណួរដែលអ្នកគិតថានឹងត្រូវចេញ។ ទី១ គឺថាអ្នកគួរតែមើលទៅឲ្យដូចធម្មជាតិ ព្រោះកាលណាអ្នកប្រឹងសូត្រនូវអ្វីដែលអ្នកចាំនោះ គណៈកម្មការអាចគិតថាចម្លើយរបស់អ្នកត្រូវបានរៀបចំដោយអ្នកណាផ្សេងទៀតក៏អាចថាបាន។ទី២ បើអ្នកពឹងលើការទន្ទេញចាំ ស្រាប់តែដល់ពេលនិយាយ អ្នកភាំង ឬភ្លេចចំនុចណាមួយ វាអាចធ្វើឲ្យអ្នកមានភាពស្រឡាំងកាំង និយាយអ្វីមិនចេញទៅវិញ។

២) មិនចាំនូវអ្វីដែលខ្លួនបានសរសេរនៅក្នុងពាក្យសុំ ឬអត្ថបទរបស់ខ្លួន

រឿងដ៏អាក្រក់មួយទៀតនោះគឺការមិនចាំនូវអ្វីដែលអ្នកបានសរសេរនៅក្នុងពាក្យសុំ ឬអត្ថបទរបស់អ្នក។ ការមិនឲ្យសូត្ររត់មាត់ដូចដែលបានលើកឡើងនៅក្នុចំនុចទី១នោះ មិនមែនមានន័យថាមិនឲ្យអ្នកត្រៀុមស្លួនទុកជាមុននោះទេ។ អ្នកគួរតែចងចាំនូវអ្វីដែលអ្នកបានសរសេរ ព្រោះថាបើអ្នកខ្លួនឯងមិនដឹងថាខ្លួនបានសេសេរពីអ្វីផងនោះ តើនរណាគេនឹងឲ្យអាហារូបករណ៍ទៅអ្នក។ ដូច្នេះហើយគួរត្រៀមខ្លួន ហើយយល់នូវគ្រប់ចំនុចដែលអ្នកបានសេសេរ មិនមែនចាំឲ្យស្ទាត់គ្រប់ពាក្យនោះទេ។

៣) ភិតភ័យខ្លាំងហួសហេតុ

គេចង់បានបេក្ខជនដែលមានភាពក្លាហាន មិនមែនមនុស្សដែលគ្រាន់តែចូលអង្គុយសម្ភាសន៍ជាមួយគេប៉ណ្ណឹងសោះ ភ័យស្លេកស្លាំង ញញីរញញ័រ បែកញើសប៉ុនៗគ្រាប់ពោតទោះបីនៅក្នុងម៉ាស៊ីនត្រជាក់នោះទេ។ ដូច្នេះហើយ ចូរធ្វើខ្លួនឲ្យស្វាហាប់ ក្លាហានឡើង ដើម្បីឲ្យគណៈកម្មការគេមើលឃើញពីសក្កានុពលរបស់យើង។

បើសិនជាអ្នកមានចំនុចខ្សោយណាមួយក្នុងបីចំនុចដែលបានរៀបរាប់ខាងលើនេះ សូមខិតខំប្រឹងប្រែងកែលម្អឡើងដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសន៍យកអាហារូបករណ៍។ សូមឲ្យមានសំណាងល្អ!

Facebook Comments