បូរ៉ាន់ ច័ន្ទរតនៈ៖ បង្ហើបពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT កំរិត Specialized Training College

Ratanak 1

យុវជន បូរ៉ាន់ ច័ន្ទរតនៈ ជានិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនិស្សិត ដែលទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT Scholarship កាលពីឆ្នាំ ២០១៥ ដើម្បីទៅសិក្សាថ្នាក់ Specialized Training College នៅប្រទេសជប៉ុន។ រតនៈជាអតីតនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងអតីតសិស្សវិទ្យាល័យបាក់ទូក ហើយសព្វថ្ងៃកំពុងតែសិក្សាជំនាញពត៌មានវិទ្យានៅសាលាបច្ចេកទេសមួយនៅទីក្រុងតូក្យូប្រទេសជប៉ុន។

ថ្ងៃនេះសហការីរបស់គេហទំព័រអាឡាដាំងដែលកំពុងតែសិក្សានៅប្រទេសជប៉ុនដែរនោះ បានជួបសម្ភាសដោយផ្ទាល់ជាមួយរតនៈ ទាក់ទងនឹងការដាក់ពាក្យ ក៏ដូចជាការត្រៀមខ្លួនយ៉ាងណាដើម្បីប្រកួតប្រជែងយកជ័យលាភីអាហារូបករណ៍មួយនេះ។ លើសពីនេះទៅទៀត រតនៈក៏បង្ហាញពីគន្លឹះក្នុងការសិក្សាផងដែរ។

១. រតនៈអាចជម្រាបជូនបានទេថាតើអាហារូបករណ៍ MEXT ជាអ្វី?

រតនៈ៖ បាទបង អាហារូបករណ៍ MEXT ឬហៅម្យ៉ាងទៀតថា Monbukagakusho គឺជាអាហារូបករណ៍​របស់​រដ្ឋាភិបាលជប៉ុនដែលផ្តល់មកឲ្យនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំដើម្បីទៅសិក្សាលើមុខជំនាញផ្សេងៗនៅប្រទេសជប៉ុន។ អាហារូបករណ៍នេះចែកចេញជាបួនកំរិត មានជាអាទ៌ កំរិតថ្នាក់ស្រាវជ្រាវ (Research students) កំរិតថ្នាក់ឧត្តមសិក្សា (undergraduate students) កំរិតថ្នាក់មធ្យមសិក្សាបច្ចេកទេស (college of technology students) និងកំរិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college students)។ ចំណែកខ្ញុំស្ថិតនៅក្នុងកំរិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

២. តើកំរិតនីមួយៗ មានលក្ខណៈពិសេស ឬក៏ចំណុចខុសគ្នាយ៉ាងដូចម្តេចខ្លះ?

រតនៈ៖ បើនិយាយជារួមទៅ គឺគ្រប់កំរិតទាំងអស់មានលក្ខណៈខុសៗគ្នា ទាំងចំនួនមុខវិជ្ជាដែលត្រូវប្រឡង ទាំងរយៈពេលនៃការសិក្សានៅប្រទេសជប៉ុន។ ជាឧទាហរណ៍ ដូចកំរិតខ្ញុំអញ្ចឹង មុខវិជ្ជាដែលត្រូវប្រឡងមានតែគណិតវិទ្យា និងភាសាអង់គ្លេសប៉ុណ្ណោះ ហើយដំណាក់កាលនៃការប្រកួតប្រជែងមានតែការប្រឡងវគ្គជម្រុះវិញ្ញាសារសរសេរ និងវគ្គសម្ភាសន៍ បន្ទាប់មក​ត្រូវរង់ចាំលទ្ធផលពីប្រទេសជប៉ុន ហើយបើជាប់អាហារូបករណ៍នេះ យើងនឹងត្រូវសិក្សាមុខវិជ្ជាជំនាញរយៈពេល​ ៣ ឆ្នាំ បូកថែម ១ឆ្នាំសម្រាប់សិក្សាភាសាជប៉ុន។ ដោយឡែកចំពោះកំរិតផ្សេងវិញ ឧទាហរណ៍សម្រាប់កំរិតថ្នាក់ស្រាវជ្រាវ បើតាមខ្ញុំដឹង វិញ្ញាសារប្រឡងគឺមានតែ ភាសាអង់គ្លេស ឬ ភាសាជប៉ុនតែប៉ុណ្ណោះ ប៉ុន្តែការប្រកួតប្រជែងវិញមានច្រើនដំណាក់កាល ចាប់ផ្តើមពីវិញ្ញាសារសេសេរ (ភាសាអង់គ្លេស ឬជប៉ុន) ដំណាក់កាល​គម្រោងកិច្ចការស្រាវជ្រាវ ដំណាក់កាលសម្ភាសន៍ផ្ទាល់មាត់ ការដាក់ពាក្យស្នើសុំលិខិតឲ្យចូលរៀនពីសាកលវិទ្យាល័យណាមួយរបស់ប្រទេសជប៉ុន (Acceptance Letter) រហូតដល់ការរង់ចាំលទ្ធផលចុងក្រោយ។ ចំពោះកំរិតពីរផ្សេងទៀត ក៏មិនខុសគ្នាដែរ គឺមុខវិជ្ជាប្រឡងច្រើន ហើយបើចង់ដឹងច្បាស់អាចចូលទៅកាន់គេហទំព័ររបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបាន។

៣. ចុះវិញ្ញាសាប្រឡងចំពោះកំរិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈវិញ រតនៈគិតថាមាន​កម្រិតលំបាកយ៉ាងម៉េចដែរ?

រតនៈ៖ ខ្ញុំគិតថាលំបាកគួរសមដែរ ប៉ុន្តែមិនមែនដល់ថ្នាក់ធ្វើមិនកើតនោះទេ។ តាមពិតទៅវិញ្ញាសារគណិតវិទ្យាទាក់ទងទៅនឹងមេរៀននៅវិទ្យាល័យច្រើន គ្រាន់តែថាវិញ្ញាសារគឺជាភាសាអង់គ្លេសដោយសារតែវាត្រូវបានចេញដោយក្រសួងអប់រំជប៉ុនដោយផ្ទាល់តែម្តង។ ដូច្នេះវាអាចជាឧបសគ្គមួយសម្រាប់សិស្សនិស្សិតកម្ពុជាដែលមិនធ្លាប់បានសិក្សាគណិតវិទ្យាជាភាសាអង់គ្លេសពីមុនមក។ ចំពោះវិញ្ញាសារភាសារអង់គ្លេសវិញមានទម្រង់ស្រដៀងទៅនឹងតេស្ត TOEFL និង IELTS តែមិនមានផ្នែកស្តាប់ និងសរសេរទេ។

៤.តើរតនៈដាក់ពាក្យសុំអាហារូបករណ៍ប៉ុន្មានដងដែរទើបជាប់ ឬក៏ដាក់តែម្តងជាប់ភ្លាមតែម្តង?

រតនៈ៖ ខ្ញុំគិតថាសំណាងដែរបង ខ្ញុំដាក់តែម្តងក៏បានជាប់ (សើចតិចៗ)។

៥.តើរតនៈត្រៀមខ្លួនដូចម្តេចខ្លះដើម្បីប្រឡងយកអាហារូបករណ៍មួយនេះបាន? អាចចែកចាយជាមួយប្រិយមិត្តរបស់យើងបានទេ?

រតនៈ៖​ តាមពិតទៅអាហារូបករណ៍នេះមិនអាចនិយាយបានថាពិបាកឬក៏ងាយស្រួលនោះទេ អាចនិយាយបានម្យ៉ាងទៀតថាវាងាយសម្រាប់អ្នកដែលបានត្រៀមខ្លួនរួចជាស្រេច តែពិបាកបន្តិចសម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ប្រភេទអាហារូបករណ៍មួយនេះ។ ឧទាហរណ៍ សិស្សឬនិស្សិតដែលមកពីជនបទឆ្ងាយៗដែលទើបមកបន្ដការសិក្សានៅរាជធានីភ្នំពេញជាដើម ពួកគាត់អាចមិនដឹងសូម្បីតែថាតើគួរទៅកន្លែងណាដើម្បីទទួលបានពាក្យសុំប្រឡងឬក៏ព៍ត៌មានផ្សេងៗទាក់ទងនឹងអាហារូបករណ៍។ តាមពិតទៅ សម្រាប់អាហារូបករណ៍នេះ ខ្ញុំមានចំណាប់អារម្មណ៍តាំងពីរៀននៅវិទ្យាល័យមកម៉្លេះ។ ដូច្នេះហើយ ខ្ញុំហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយគឺខ្ញុំផ្ដោតខ្លាំងជាងគេលើភាសាអង់គ្លេស និងគណិតវិទ្យា ព្រោះវាជាមុខវិជ្ជាចាំបាច់បំផុតសម្រាប់ដណ្ដើមអាហារូបករណ៍បរទេស ហើយវាមិនមែនតែសម្រាប់អាហារូបករណ៍រដ្ឋាភិបាលប្រទេសជប៉ុនប៉ុណ្ណោះទេ អាហារូបករណ៍ដទៃទៀតក៏ដូចគ្នាដែរ មានដូចជាអាហារូបករណ៍សឹង្ហបុរី ចិន រុស្សីជាដើម។

.ចំពោះអាហារូបករណ៍ MEXT Scholarship នេះ គេទាមទារអ្វីផ្សេងដែរ ឬទេ ក្រៅពីការប្រឡងវិញ្ញាសារសរសេរ និងការសម្ភាសន៍ផ្ទាល់មាត់: ឧទាហរណ៍ដូចជា GPA ខ្ពស់ លិខិតយោង (Recommendation letters) សំណេរផ្ទាល់ខ្លួន (Personal statement) ឬក៏ឯកសារផ្សេងៗដែរទេ?

រតនៈ៖​ នៅពេលដាក់ពាក្យប្រលងគឺគេមិនទាមទារអ្វីទាំងអស់ ការសំខាន់នោះគឺយើងត្រូវប្រឡងអោយជាប់វិញ្ញាសាសរសេរជាមុនសិន។ ហើយបើវិញ្ញាសាសរសេរយើងទទួលបានពិន្ទុខ្ពស់នោះ យើងក៏មានសង្ឃឹមខ្ពស់ដែរ។ ពេលដែលយើងជាប់វគ្គជម្រុះវិញ្ញាសាសរសេរហើយ ទើបគេតម្រូវអោយយើងទៅសុំព្រឹត្តិប័ត្រពិន្ទុ និងលិខិតឧទេ្ទសបានពីលោកគ្រូ អ្នកគ្រូដែលបង្រៀននៅក្នុងសាលារៀន។ ពេលហ្នឹងខ្ញុំរៀននៅសាលាតិចណូមិនសូវជាផ្ដោតសំខាន់ប៉ុន្មានទេ ព្រោះដោយសារសម្លឹងឃើញអាហារូបករណ៍បរទេស។ ដូច្នេះហើយ GPA បញ្ចប់ឆ្នាំទី១ទទួលបានត្រឹមតែ៣.០ប៉ុណ្ណោះ បើប្រៀបនឹងអ្នកដាក់អាហារូបករណ៍ដទៃទៀត ហើយចំំណែកឯលិខិតឧទ្ទេសនាម ខ្ញុំក៏មិនបានទៅសុំពីគ្រូៗច្រើនអ្នកដែរ បើតាមខ្ញុំចាំ ខ្ញុំដាក់តែមួយគត់។ ប៉ុន្តែដំណាក់កាលនោះខាងស្ថានទូតក៏បានណែនាំអោយបំពេញពាក្យម្ដងទៀតដើម្បីបញ្ជូនទៅអោយខាងរដ្ឋាភិបាលដែលទទួលបន្ទុកអាហារូបករណ៍នៅប្រទេសជប៉ុន។ នៅក្នុង​លិខិតនោះដែរគឺចំណុចសំខាន់គេអោយយើងសរសេរពន្យល់អំពីមូលហេតុដែលជ្រើសយកមុខជំនាញដែលយើងចង់រៀននៅប្រទេសជប៉ុន ហើយនិងប្រវត្តិនៃការសិក្សាជាដើម។ តែខ្ញុំគិតថាវាចាំបាច់ដេរ ព្រោះនៅពេលសម្ភាសន៍ គេនឹងអាចសួរយើងទាក់ទងនឹងសេចក្ដីដែលបានសរសេរក្នុងករណីគេចង់ដឹងបន្ថែមនៅពេលដែលគេមិនច្បាស់ត្រង់ចំណុចណាមួយ។

. ចុះដំណាក់កាលនៃការប្រឡងរហូតដល់ការចាកចេញដំណើរមកសិក្សានៅប្រទេសជប៉ុន ត្រូវចំណាយរយៈពេលប៉ុន្នានដែរ?

រតនៈ៖​ ដំណាក់កាលនីមួយៗហាក់ដូចជាចំណាយពេលគួរសមតែដំណាក់កាលដែលខ្ញុំគិតថាយូរជាងគេនោះគឺដំណាក់កាលចុងក្រោយគេបង្អស់គឺដំណាក់កាលមួយដែលបេក្ខជនប្រលងដឹងថាជាប់វគ្គសម្ភាសន៍ហើយ ហើយត្រូវរង់ចាំការសម្រេចពីខាងរាជរដ្ឋាភិបាលជប៉ុនតែម្ដង។ ខ្ញុំមិនសូវចាំអំពីដំណាក់កាលនីមួយៗច្បាស់លាស់នោះទេ តែកាលបរិច្ឆេទទាំងនោះតែងមានសរសេរនៅក្នុងគេហទំព័ររបស់ស្ថានទូត។ ខ្ញុំគ្រាន់តែដឹងថាត្រូវប្រលងវិញ្ញសាសរសេរនៅអំឡុងខែមិថុនា និងត្រូវចាកចេញនៅដើមខែមេសា ឆ្នាំបន្ទាប់តែប៉ុណ្ណោះ។

. តើរតនៈមានអ្វីផ្តាំផ្ញើដល់ប្អូនៗ ឬបងៗដែលមានបំណងចង់ដាក់អាហារូបករណ៍នេះដែរ ឬទេ?

ចំពោះខ្ញុំ អ្វីដែលចង់ផ្ដាំផ្ញើដល់បងប្អូនដែលមានបំណងដាក់អាហារូបករណ៍នេះ ប្រការទីមួយគឺត្រូវរួសរាន់ទៅដាក់ពាក្យអោយទាន់ពេល គឺអោយបានមុនកាលបរិច្ឆេទកំណត់ ព្រោះធ្លាប់មានមិត្តខ្ញុំម្នាក់គាត់ទៅដាក់ពាក្យមិនទាន់ អញ្ចឹងវាពិបាកណាស់ គឺយើងទាល់តែចាំដល់ឆ្នាំក្រោយទៀត ព្រោះថាគ្រប់អាហារូបករណ៍ផ្ដល់អោយម្ដងក្នុងមួយឆ្នាំ។ ហើយចំពោះប្អូនៗណាដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រលងយក Specialized Training College គឺសូមកុំស្ទាក់ស្ទើរអោយសោះ ត្បិតអីមានប្អូនៗខ្លះគ្រាន់តែលឺថារៀនជំនាញហ្នឹងគេអោយបានតែ៣ឆ្នាំតិចណាស់ ហើយមិនទទួលបានបរិញ្ញាបត្រអញ្ចឹង មើលទៅស្ដាយឆ្នាំខំរៀននៅស្រុកខ្មែរ។ តែតាមពិតទៅសាលានៅទីនេះសុទ្ធតែមានស្ដង់ដារត្រឹមត្រូវ ជាពិសេសយើងមានឱកាសរៀនជាមួយនឹងអ្នកជំនាញ (Expert) ទៀតផង។ លើសពីនេះទៅទៀតនោះគឺអ្វីដែលគេចង់តែងតែសួរនោះគឺថា រៀនចប់៣ឆ្នាំហើយត្រឡប់មកស្រុកវិញមែនទេ? ចម្លើយនោះគឺទេ ព្រោះយើងអាចបន្តអាហារូបករណ៍បានយ៉ាងហោចណាស់ក៏ត្រឹមបរិញ្ញបត្រដែរ ប៉ុន្តែគេទាមទារអោយយើងជាសិស្សដែលប្រកាន់វិន័យខ្ជាប់ខ្ជួនគឺទៅរៀនកុំអោយខាន ហើយត្រូវប្រលងយកពិន្ទុអោយបានខ្ពស់។ មានសិស្សច្បងនៅទីនោះច្រើនណាស់ដែលទទួលបានជោគជ័យ។ មួយវិញទៀតដោយសារនៅទីនេះយើងត្រូវរៀនជាភាសាជប៉ុន ដូច្នេះអ្នក​ដែលមានបំណង គួរតែរៀនភាសាជប៉ុនអោយហើយវាជាការល្អ។

Ratanak 3

ទាំងអស់នេះគឺជាបទពិសោធនល្អៗដែលរតនៈបានចែកជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។ រតនៈបានតាំងចិត្តយ៉ាងមុតមាំថា រូបគេនឹងព្យាយាមប្រឹងប្រឹងប្រែងរៀនអោយចប់ហើយត្រឡប់ទៅប្រទេសកំណើតវិញ ​ក្តីសុបិន្តរបស់រតនៈនោះគឺចង់ក្លាយជាអ្នកដែលមានជំនាញច្បាស់ម្នាក់ ហើយគេនឹងយកចំណេះដឹងដែលគេមានទៅជួយខ្មែរ ព្រោះថាប្រទេសខ្មែររបស់យើងនៅមានចំណុចខ្វះខាតច្រើន បើប្រៀបនឹងស្រុកគេនៅទីនេះ។ រតនៈសង្ឃឹមយ៉ាងមុតមាំថាបើទោះជាពេលនេះគេមិនទាន់មានរបស់ទំនើបល្អៗច្រើនមែនក៏ដោយ តែអនាគតនៅឆ្ងាយទៀត ដូច្នេះហើយអ្វីដែលត្រូវធ្វើនៅពេលនេះគ្មានអ្វីក្រៅពីរៀនអោយចេះនូវអ្វីដែលនៅនឹងមុខសិននោះទេ ហើយបន្ទាប់មកថាតើគេគួរធ្វើអ្វីបន្តទៀតនោះ គឺចាំពេលដែលគេរៀនចេះច្បាស់សិន។

Ratanak 2

Rathnak family

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

អត្ថបទទាក់ទងនឹង MEXT Scholarship៖

  1. វិញ្ញាសារប្រឡងគំរូ សម្រាប់អាហារូបករណ៍ MEXT Scholarship ទៅប្រទេសជប៉ុន
  2. ចំនួនបេក្ខជនដាក់អាហារូបករណ៍ MEXT ទៅជប៉ុនក្នុងមួយឆ្នាំៗ
Facebook Comments