លី វ៉េងហុង៖ ដើរតាមអ្វីដែលគាត់ចូលចិត្ត ជាងរបររកស៊ីរបស់គ្រួសារ

 

Venghong

នៅ​ក្នុង​ឆ្នាំ​២០១៤ លី វ៉េង​ហុង​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិក្សា​អន្តរជាតិ​​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ដោយ​បញ្ជប់​ជា​មួយ​​កម្ម​វិធី​សិស្ស​កិត្តិយស (Honor Program) ដែល​ជា​កម្ម​វិធី​ប្រកួត​ប្រជែង​មួយ​ក្នុង​ចំណោម​សិស្ស​ពូកែ​ប្រ​ចាំ​ជំនាន់។ បញ្ចប់​ការ​សិក្សា​ភ្លាម វ៉េង​ហុង បាន​ប្រ​ឡង​ជាប់​ធ្វើ​ជា​គ្រូ​ឧទ្ទេស​ក្នុង​ដេប៉ាតេម៉ង់​សិក្សា​អន្តរជាតិ​រយៈ​ពេល​មួយ​ឆ្នាំ។​ បន្ទាប់​មក​ គ្រូ​​វ័យ​ក្មេងរូប​នេះ​ បានជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​លើ​មុខ​វិជ្ជា​​ទំនាក់​ទំនង​អន្តរជាតិ​ដែល​គេ​ចូល​ចិត្ត នៅ​សាកល​វិទ្យា​ល័យ​អឺរ៉ុប​កណ្តាល (Central European University) ស្ថិត​ក្នុង​ទី​ក្រុង​ ប៊ូដាប៉េស នៃ​ប្រ​ទស​ហុង​ហ្ការី។ ដើម្បី​ជ្រាប​ដឹង​កាន់​តែ​ច្បាស់​លើ​ការ​ដាក់​អាហារូបករណ៍​មួយ​នេះ អាឡាដាំង​ បាន​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​ វ៉េងហុង​ ដូច​ខាង​ក្រោម៖

១. តើ​វ៉េង​ហុង​បាន​ដឹង​អំពី​ដំណឹង​កម្ម​វិធី​អាហារូបករណ៍​តាម​រយៈ​អ្វី?

វ៉េង​ហុង បាន​ឲ្យ​ដឹង​ថា​រូប​លោក​​បាន​ឃើញ​​ដំណឹង​​កម្ម​វិធី​នេះ​​ត្រូវ​បាន​ចែក​ចាយ​ដល់​ក្រុម​និសិស្ស​​សិក្សា​អន្តរជាតិ នៅ​ក្នុង​ Facebook Group របស់​ដេប៉ាតេម៉ង់​។ បន្ទាប់​មក​​រូប​លោក​ក៏​មាន​ចំណាប់​អារម្មណ៍ ទើប​រួស​​រាន់​រៀប​ចំ​ដាក់​ពាក្យ​អាហារូបករណ៍​តែ​ម្តង។

២. តើ​អាហារូបករណ៍​នោះ​ឈ្មោះ​អ្វី? តើ​ម្ចាស់​ឧបត្ថម្ភ​ជា​នរណា?​

លោក​បាន​ប្រាប់​ថា តាម​ពិត​ទៅ​ អាហារូបករណ៍​នោះ​គឺ​ជា​របស់​សាកល​វិទ្យា​ល័យ​ផ្ទាល់​តែ​ម្តង​ ជា​ប្រ​ភេទ​អាហារូបករណ៍​ដែល​គ្មាន​ឈ្មោះ​ និង​គ្មាន​ម្ចាស់​ឧបត្ថម្ភ​ទេ គឺ​ខាង​សាកល​វិទ្យា​ល័យ​អឹរ៉ុប​កណ្តាល​តែង​តែ​ផ្តល់​ឲ្យ​និស្សិត​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នរណា​ក៏​អាច​ដាក់​បាន​ដែរ។ វ៉េង​ហុង​ក៏​ចង់​ឲ្យ​និស្សិត​ខ្មែរ​​ព្យាយាម​ដាក់​អាហារូបករណ៍​នេះ​ដែរ​ ព្រោះ​អាហារូបករណ៍​នេះ​មាន​ច្រើន​ប្រ​ភេទ ដូច​ជា​អាហារូបករណ៍​ពេញ (ថ្លៃសំបុត្រយន្តហោះដោយខ្លួនឯង) និង​អាហារូបករណ៍​មិន​ពេញ (ត្រូវ​ទទួល​បន្ទុក​​ថ្លៃ​ស្នាក់​នៅ​ ​អាហារ និងការចំណាយផ្សេងៗ​ដោយ​ខ្លួន​ឯង)។

៣. តើ​វ៉េង​ហុង​គិត​ថាគណៈ​កម្មការ​វិនិច្ឆ័យ​អាហារូបករណ៍​ចង់​បាន​អ្វី​ពី​បេក្ខជន?

វ៉េង​ហុង​បាន​បន្ត​ថា ក្នុង​នោះ​មាន​ច្រើន​ដែល​គណៈ​កម្មការ​ចង់​បាន​​ដូចជា​សំនេរ​អំពី​ខ្លួន​ឯង (personal statement) សំនេរអំពីប្រធានបទមួយដែលទាក់ទងនឹងជំនាញរបស់ខ្លួនដោយ​បញ្ចេញនូវគំនិតផ្ទាល់ខ្លូន និងមាន​អំណះ​អំណាងត្រឹមត្រូវ (answers with reference) ប្រវត្តិរូបសង្ខេប​ការងារ (CV) ពិន្ទុភាសា​អង់​គ្លេស (English proficiency) មុខ​ជំនាញ​ដែល​ទាក់​ទង និង​ជា​ពិសេស​គឺ​មាន​ GPA ខ្ពស់​ចាប់​ពី៣.០​ឡើង​ទៅ។​

៤. តើ​ GPA គឺ​ជា​បញ្ហា​ចំបង​​សំរាប់​និស្សិត​ដែល​​ចង់​ដាក់​អាហារូបករណ៍​នោះ​មែនទេ? តើ​លោក​​មាន​អ្វី​​បន្ថែម​ទៀត​ទេ​​សំរាប់​ឲ្យ​បេក្ខ​ជន​​​រៀប​ចំ​ខ្លួន?

រូប​លោក​បន្ថែម​ថា បា្រកដ​ណាស់​ GPA មាន​សារៈ​សំខាន់​ណាស់​ ​ បើទោះជា GPA មិនអាចបញ្ចាក់ពីសមត្ថភាព រឺសក្តានុពលភាពនៃការសិក្សារបស់យើងទាំងស្រុងក៏ដោយ តែវាជាសូចនាករ (indicator) មួយដ៏សំខាន់ដែលអាច​ឆ្លុះ​បញ្ចាំង​អំ​ពី​ការ​ខិត​ខំ​​ប្រឹង​​​ប្រែង​របស់​បេក្ខជន​​ក្នុង​រយៈ​ពេល​​បួន​ឆ្នាំ។ ចំពោះ​អ្វី​បន្ថែម​ទៀត​នោះ​មាន​ដូច​ជា៖

  • បេក្ខជន​ត្រូវ​ដឹង​ពី​របៀប​សរសេរ​សំនេរ​ផ្ទាល់​ខ្លួន (personal statement) ឲ្យ​បាន​ល្អ គឺ​ជា​ប្រ​ភេទ​សំនេរ​ផ្លូវ​ការ​មួយ​ដែល​​អាច​ទទួល​យក​បាន​ការសិក្សា​ថ្នាក់​អនុ​បណ្ឌិត ព្រោះ​ការ​សរសេរ​របស់​បេក្ខជន​គឺ​ឆ្លុះ​បញ្ចាំង​អំ​ពី​ចំណេះ​ដឹង​ផ្នែក​ភាសា និង​ចំណេះ​ដឹង​ទូ​ទៅ​​​ដែល​គណៈកម្ម​ការ​ធ្វើការ​វាយ​តំលៃ​។​ អ្វីដែលសំខាន់នោះគឺអានសំនួរអោយបានច្បាស់ ប្រសិនបើមិនយល់ច្បាស់ យើងគួរតែពិភាក្សាជាមួយមិត្តភក្តិ រឺលោកគ្រូ អ្នកគ្រូមុននឹងសម្រេចចិត្តឆ្លើយនឹងសំណួរ ដើម្បីជៀសវាងនូវការចំណាយពេលឥតប្រយោជន៍ ក្នុងការឆ្លើយនូវអ្វីដែលគេមិនចង់បាន។
  • ពិនិត្យ​ព័ត៌មាន​​ទាក់​ទង​នឹង​លក្ខខណ្ឌ​របស់​​ស្ថាប័ន​រឺ​ដេប៉ាតេម៉ង់​នៃ​សាកល​វិទ្យា​ល័យ​បន្ថែម​និង​យ៉ាង​លម្អិត ដូច​ជា​ការ​ឧបត្ថម្ភសំរាប់​អាហារូបករណ៍ ពិន្ទុ​ភាសា​អង់គ្លេស ថ្លៃ​ដាក់​ពាក្យ និងបរិច្ឆេទ​កំណត់​ជាដើម។​ បើ​សិន​ជា​​បេក្ខជន​ចង់​ជាប់​ ត្រូវ​ប្រាកដ​ថា​​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​ដែល​គេ​ចង់​បាន។
  • បេក្ខ​ជន​​គួរ​ព្យាយាម​ធ្វើការស្វែងយល់​ពី​ស្ថាប័ន​បន្ថែម​តាម​រយៈ​អតីត​និស្សិត​ដែល​បាន​រៀន​នៅ​ក្រៅ​ប្រ​ទេស ព្រោះ​ពួក​​គេ​អាច​មាន​បទ​ពិសោធន៍​​ដាក់​ពាក្យ​ទៅ​រៀន​បរទេស​​ដែល​យើង​មិន​ដឹង។
  • បន្ទាប់​មក​បេក្ខជន​គួរ​តែ​មាន​មនុស្ស​ម្នាក់​រឺពីរនាក់​ជា​អ្នក​អាន​ការ​ឆ្លើយ​សំណួរ​ និង​សំណេរ​ផ្ទាល់​ខ្លួន​​របស់​ពួក​គេ។ ត្រូវ​ពិនិត្យ​តាំង​ពី​វេយ្យាករណ៍​ឡើង ​ការ​ប្រើ​ប្រាស់​ពាក្យ និង​គំនិត​បញ្ចេញ​មតិ​នៅ​ក្នុង​សំនេរ​នោះ។

៥. តាម​យោបល់​របស់​លោក តើ​​បេក្ខជន​ដ៏​ទៃ​ដាក់​ពាក្យ​មិន​ជោគ​ជ័យ​ដោយ​សារ​មូលហេតុ​អ្វី?

លោក​​គិត​ថា​នៅ​ក្នុង​ការ​ដាក់​ពាក្យ​របស់​អាហារូបករណ៍​នោះ គឺ​មាន​លក្ខខណ្ឌ​ជាច្រើន​រូច​​មក​ហើយ ក្នុង​នោះ​មាន​នៅ​លើ​ទម្រង់​ពាក្យ​អាហារូបករណ៍តែ​ម្តង បន្ទាប់​មក​គេ​វាយ​តំលៃ​​​តាម​រយៈ​ការ​សម្ភាសន៍​ទៀត​។ ដូចនេះ​ធម្មតា​បើ​បេក្ខជន​​មិន​អាច​មាន​គ្រប់​លក្ខខណ្ឌ​នោះ​ទេ ប្រាកដ​ជា​ធ្លាក់ ដូច​ជា​ការ​ឆ្លើយ​សំណួរ​ជាដើម។ ប៉ុន្តែ​ក្នុង​នោះ​ក៏​អាច​ដោយ​សារ​មក​ពី​មាន​ GPA ទាប​ពេក​ផង​ដែរ។​ លោក​យល់​ឃើញ​ថា​ការ​ឆ្លើយ​សំណួរ​​សំខាន់​ជាង​គេ ព្រោះ​គេ​អាន​ចម្លើយ​របស់​យើង​ហើយ​ គេ​អាច​ដឹង​អំ​ពី​យើង​ច្បាស់។ ការ​ឆ្លើយ​សំណួរ​ត្រូវ​ត្រៀម​តាំង​ពី គំនិត អំណះអំណាង និង​វេយ្យាករណ៍ ជាដើម ព្រោះ​គណៈកម្ម​ការ​នឹង ពិនិត្យមើលលើសំនេររបស់យើង ថាតើយើងឆ្លើយសំណួរបានល្អ និងច្បាស់លាស់កម្រិតណា។

៦. មាន​និស្សិត​មួយ​ចំនួន​មិន​ទាន់​​ច្បាស់​ថា​ខ្លួន​ត្រូវ​ជ្រើស​រើស​មុខ​វិជ្ជា​អ្វី​ដើម្បី​រៀន​​បន្ត​នៅ​ក្នុង​ថ្នាក់​អនុបណ្ឌិត តើ ​វ៉េង​ហុង​ មាន​ជា​អ្វី​ជា​ទុន​​សម្រាប់​​ពួក​គេ​ដែររឺ​ទេ?

តាម​គំនិត​របស់​លោក​វ៉េង​ហុង​ គាត់​យល់​ថា​ការ​រៀន​ថ្នាក់​អនុបណ្ឌិត​ស្រេច​តែ​លើ​ការ​ជ្រើស​រើស​របស់​បុគ្គល   ម្នាក់ៗ​តែ​ប៉ុណ្ណោះ បាន​ន័យ​ថា​មិន​មែន​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវ​ទៅ​រៀន​នោះ​ទេ។​ បើយើងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតទាំងបង្ខំចិត្ត វាអាចធ្វើអោយយើងខាតពេលវេលា និងមិនអាចសម្រេចបាននូវគោលដៅរបស់យើង។ ប៉ុន្តែ​ប្រ​សិន​បើ​និស្សិត​ចង់​ជ្រើស​រើស​មុខ​ជំនាញ​រៀន​បន្ត គួរ​ពិចារណា​លើ​កត្តា​២។ ទី​១ គឺ​មើល​ទៅ​លើ​​ថា​តើ​ថ្នាក់​អនុបណ្ឌិត​ដែល​និស្សិត​ចង់​រៀន​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​ជំនាញ​ដែល​ពួគ​គេ​ធ្លាប់​​រៀន​ដែរ​រឺ​ទេ។ ជា​ធម្ម​តា​ការ​រៀន​ថ្នាក់​អនុបណ្ឌិត​មាន​ការ​លំបាក ដូច្នេះបើ​យើង​ជ្រើស​រើស​ជំនាញ​ដែល​យើង​មាន​ស្រាប់​ វា​ងាយ​ស្រួលជាង។ ប៉ុន្តែ​បើ​យើង​ទៅ​រៀន​មុខ​ជំនាញ​ថ្មី យើង​អាច​​​ប្រ​ឈម​មុខ​នឹង​ផល​លំ​បាក​ច្រើន។ ទី​២​ គឺ​ត្រូវ​មើល​លើ​​ការងារ​ដែល​យើង​ចង់​ធ្វើ។ អ្នក​អាច​ជ្រើស​រើស​មុខ​ជំនាញ​ណា​ដែល​អាច​ជួយ​ដល់​ការងារ​នៅ​ថ្ងៃ​អនាគត​របស់​អ្នក​បាន ព្រោះវាអាចជួយជំរុញយើងឲ្យខំប្រឹងរៀន។​ កត្តាទាំង២ខាងលើនឹងធ្វើអោយយើងរៀនដោយភាពរីករាយ និងមិនងាយអស់សង្ឃឹមនៅពេលយើងជួបប្រទះនូវឧបសគ្គផ្សេងៗដែលយើងមិនបានរំពឹងទុកជាមុន។

៧. តើ​អ្នក​ជួប​ប្រ​ទះ​បញ្ហា​ប្រ​ឈម​អ្វី​ខ្លះ​នៅ​ពេល​សិក្សា​នៅ​ទី​នោះ? តើ​អ្នក​អាច​ផ្តល់​ជា​គន្លឹះ​មួយ​ចំនួន​សំរាប់​និស្សិត​ដែល​ចង់​រៀន​នៅ​ក្រៅ​ប្រ​ទេស​ដែរ​រឺ​ទេ?

តាម​ការ​សាក​សួរ​ពី​អាឡាដាំង ប្រាកដ​ណាស់​​វ៉េង​ហុង​បាន​​ជួប​ប្រ​ទះ​បញ្ហា​មួយ​ចំនួន​​ក្នុង​ការ​មក​រៀន​នៅ​ទី​ក្រុង​ ប៊ូដាប៉េស​ នេះ៖

ទី១៖​ គឺ​បញ្ហា​​ផ្ទាល់​ខ្លួន​ដូចជាត្រូវ​ក្លាយ​ជា​មនុស្ស​មាន​ឯក​រាជ្យ​ដោយ​ខ្លួន​ឯងលើ​អ្វី​ៗ​ទាំង​អស់​ សូម្បី​តែ​ពេល​គាត់​​មាន​ជំងឺ​។ វា​ពិត​ជា​លំបាក​​ណាស់​ខណៈ​ដែល​ត្រូវ​រស់​នៅ​ម្នាក់​ឯង​ ជា​ពិសេស​ ​វ៉េង​ហុង​ បាន​ទទួល​រង​ការ​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង​នៅ​ប្រ​ទេស​ហុង​ហ្កា​រី​ផ្ទាល់ នៅចុងសប្តាហ៍នៃ ឆមាសរដូវរងារ​ (Winter Semester)។ បញ្ហានេះ ស្ទើរតែធ្វើឲ្យលោកបោះបង់ចោលនូវការសិក្សា ព្រោះលោកត្រូវចំណាយពេលព្យាបាលជំងឺផង និងត្រូវបញ្ចប់កិច្ចការឲ្យគ្រូផង។ ក៏ប៉ុន្តែ ដោយលោកស្រលាញ់មុខវិជ្ចាដែលកំពុងសិក្សា និងមានគោលដៅច្បាស់លាស់ដែលត្រូវសម្រេច លោកក៏បន្តពុះពារឧបសគ្គទាំងនោះដោយភាពងាយស្រួល។

ទី២៖ បញ្ហ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង​ដូច​ជា​​អាកាស​ធាតុ​ត្រជាក់​ពេក ត្រូវ​ញាំ​អាហារ​ដែល​មិន​ធ្លាប់​ញាំ និង​ទំនាក់​ទំនង​ជាមួយ​ជន​ជាតិ​បរទេស​នៅ​ទី​នោះ។ ពិបាក​កាន់​តែ​ខ្លាំង​នោះ គឺ​បញ្ហា​ប្រ​ឈម​នឹង​ការសិក្សា គឺ​គាត់​ត្រូវ​អាន​ និង​សរសេរ​ច្រើន។

ទី៣៖ រៀន​​ថ្នាក់​អនុបណ្ឌិត​នៅ​ទី​នោះ​ពិបាក​ដោយ​សារ​តែ​គាត់​ជ្រើស​រើស​កម្ម​វិធី​រយៈ​ពេល​មួយ​ឆ្នាំ ដូច្នេះ​​ត្រូវ​រៀន​ច្រើន។ គាត់​ក៏​ផ្តល់​ជា​គំនិត​អោយ​និស្សិត​ជ្រើស​រើស​យក​កម្ម​វិធី​ពីរ​ឆ្នាំ​វិញ​ ព្រោះ​វា​មាន​ពេល​ច្រើន​ដែល​មិន​សូវ​មាន​សម្ពាធ​ពី​សាស្រ្តាចារ្យ ហើយយើងអាចមានពេលអានសៀវភៅដែលយើងចូលចិត្ត និងចូលរូមកម្មវិធីផ្សេងៗនៅក្នុងសាលាផងដែរ។​

បើ​សិន​ជា​អ្នក​ចង់​មក​រៀន​នៅ​ក្រៅ​ប្រ​ទេស​ វ៉េង​ហុង​ផ្តល់​ជា​គំនិត​យោ​បល់​មួយ​ចំនួន​ដូច​ជា៖

ទី១៖ ត្រូវ​ត្រៀម​ខ្លួន​ប្រ​យុទ្ធក្នុងសមរភូមិថ្មី (ចូរ​កុំ​ប្រៀប​ធៀប​​ការ​អប់​រំ​បរទេស​ជាមួយ​ប្រ​ទេស​កម្ពុជា​អោយ​សោះ មិនមែនមានន័យថា គេល្អជាងយើងទាំងស្រុងនោះទេ​ អ្វីដែលសំខាន់គឺប្រព័ន្ធអប់រំមានភាពខុសគ្នា ដូច្នេះយើងត្រូវ​ចេះ​រៀន​សម្របខ្លួនអោយបានឆាប់បំផុត)

ទី២៖ គួរ​ត្រូវ​រៀន​ឲ្យ​ឆ្លាត​ជា​ជាង​ខំ​ប្រឹង​រៀន (តែប្រសិនជាអាច​ ​គួរ​តែ​ធ្វើ​តុល្យភាព​រវាង​របៀប​រៀន​ទាំង​២)

ទី៣៖ ត្រូវមានភាពមោះមុត​ក្នុង​ការ​រៀន ប៉ុន្តែ​ពង្រីក​ជំនាញ​សិក្សា​របស់​អ្នក​ (ដូចជាការអានសៀវភៅ និងព័ត៌មានផ្សេងៗដែលទាក់ទងនឹងជំនាញរបស់យើង)

ទី៤៖ ភាសា​អង់​គ្លេស​សំខាន់​ជាង​គេ​ បើ​សិន​ជា​អ្នក​ចង់​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​សិក្សា (អ្វី​ៗ​ត្រូវ​រៀន​ជា​ភាសា​អង់​គ្លេស ហើយ​អ្នក​គួរ​ទម្លាប់​ខ្លួន​ជា​មួយ​ជីវិត​អាន និង​និយាយ​ជា​ភាសា​អង់​គ្លេស)

ទី៥៖ ត្រូវ​ចេះ​ចំអិន​ម្ហូប​ដោយ​ខ្លួន​ឯង​ (វាអាចជួយឲ្យយើងដកឃ្លាពីការសិក្សា ដើម្បីកាត់បន្ថយភាពតានតឹង)

ទី៦៖ បើ​​អ្នក​ត្រូវ​មក​​ក្រៅ​ប្រ​ទេស​ហើយ​រក​កន្លែង​ស្នាក់​នៅ​ដោយ​ខ្លួន​ឯង​ អ្នក​គួរ​តែ​មក​មុន​មួយ​សប្តាហ៍​មុន។

៨. តើ​លោក​មាន​គំរោង​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​បន្ទាប់​ពី​ត្រឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ?

មើល​ទៅ​ហាក់​បី​ដូច​ជា​ លោក លី វ៉េង​ហុង​ មាន​គំរោង​រួច​ទៅ​ហើយ។ គាត់​នឹង​មិន​ជ្រើស​រើស​យក​ការ​រក​ស៊ី​របស់​​គ្រួសារ​គាត់​នោះ​ទេ​។ រូប​លោក​នឹង​បន្ត​ការ​បង្រៀន​របស់​លោក​នៅ​ក្នុង​វិទ្យា​ស្ថាន​ភាសា​បរទេស​លើ​ជំនាញ​សិក្សា​អន្តរជាតិ និង​ចាប់​ផ្តើម​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​សរសេរ​អត្ថបទ​ និង​សៀវ​ភៅចំណេះ​ដឹង​​​ដល់​និស្សិត​ខ្មែរ​​​ជំនាន់​ក្រោយ។​

venghong

“បើចង់ខ្លាំងក្នុងរយៈពេលដ៏ខ្លី គឺត្រូវព្រឹងប្រកួតប្រជែងជាមួយអ្នកដទៃ តែខ្ញុំសម្រេចចិត្តប្រើរយៈពេលវែងដើម្បីអភិវឌ្ឍន៍ភាពខ្លាំងរបស់ខ្លួន ដោយធ្វើការប្រកួតប្រជែងនឹងខ្លួនឯង ព្រោះវាជាការប្រកួតប្រជែងមួយដែលប្រកបដោយសេចក្តីសុខ និងអាចធ្វើអោយយើងខ្លាំងដោយមិនដឹងខ្លួន។” លី វ៉េងហុង

venghong

“បើអ្នកដទៃមិនយល់ពីយើង វាមិនមែនជាបញ្ហានោះទេ តែបើយើងមិនយល់ពីខ្លួនឯងទើបជាបញ្ហា ព្រោះវាអាចធ្វើឲ្យយើងកើតជំងឺ​ គឺជំងឺរស់នៅកំដរសង្គម។” លី វ៉េងហុង

Venghong

Like ផេក អាឡាដាំង Like Ahladang ដើម្បី​ទទួលបានពត៌មានជាច្រើនទៀត។​

Facebook Comments