genie
ហង្ស វុទ្ធិកា ចែករំលែកបទពិសោធន៍​ការ​ដាក់​អាហារូបករណ៍របស់លោក និងការរស់នៅរបស់លោកក្នុងប្រទេសអង់គ្លេស

If you want a scholarship, don’t make it a thing you kind of want it – want it like you want to party or to sleep!”, Said Hang Vuthika.

vk and the stones

ហង្ស វុទ្ធិកា គឺជានិសិ្សសឆ្នើមម្នាក់នៅក្នុងដេប៉ាតេម៉ង់ សិក្សាអន្តរជាតិ (Department of International Studies) ក្នុងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វុទ្ធិកា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយជាប់ជាសិស្សឆ្នើម (លេខ១) ប្រចាំជំនាន់ទី៣នៃដេប៉ាតេម៉ង់មួយនេះ។ រំលឹកពីភាពជោគជ័យរបស់គាត់បន្តិច វុទ្ធិកាក៏ធ្លាប់ទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ ប៉ុន្តែរូបគេបានបោះបង់ចោលអាហារូបករណ៍ទាំងពីរនោះដោយសាររូបលោកត្រូវរៀនបីសាកលវិទ្យាល័យក្នុងពេលតែមួយ។ ចុងក្រោយ វុទ្ធិកាបានសម្រេចចិត្តរៀននៅវិទ្យាស្ថានភាសាបរទេសតែមួយគត់ គឺក្នុងដេប៉ាតេម៉ង់សិក្សាអន្តរជាតិ។ នៅក្នុងឆ្នាំទី២ វុទ្ធិកា បានទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសាកលវិទ្យាល័យ ម៉ុនតាណា (University of Montana) នៅសហរដ្ឋអាមេរិចរយៈពេល១ឆ្នាំលើមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ។ អាហារូបករណ៍នោះមានឈ្មោះថា Global UGRAD របស់សហរដ្ឋអាមេរិចដោយរូបលោកបានធ្វើឲ្យអន្តរជាតិឃើញថាកូនខ្មែរមានសមត្ថភាពរៀនយក GPA ខ្ពស់បាននៅក្នុងសាលកវិទ្យាល័យសហរដ្ឋអាមេរិច។ បន្ទាប់មកលោកក៏បានសិក្សានៅប្រទេសចិន តាមរយៈ Global Politics Summer School។ ក្រៅពីនោះ លោកបានទៅចូលរួម សន្និសិទ និងសិក្ខាសាលា នៅទីក្រុងញ៉ូយក ទីក្រុងវ៉ាស៊ីនតោន តៃវ៉ាន់ សៀងហៃ ឆៀងម៉ៃ និងប៊ូដាពេស ជាដើម។

ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រសិក្សាអន្តរជាតិ វុទ្ធិកាបានបង្រៀនភាសាអង់គ្លេស និងធ្វើការងារមួយនៅក្នុងក្រសួងសេដ្ឋកិច្ច ប៉ុន្តែមិនដល់មួយឆ្នាំផងលោកបានចាកចេញដោយរូបលោកទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតលើមុខវិជ្ជា នយោបាយសាធារណៈនៅសាកលវិទ្យាល័យ ណត់ធីងហេម  (University of Nottingham) ក្នុងប្រទេសអង់គ្លេស។ ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងអាហារូបករណ៍ អាឡាដាំងបានធ្វើការសាកសួរសំណួរមួយចំនួនដល់រូបលោក ដើម្បីជាទុនផ្តល់អោយយុវជនខ្មែរកាន់តែមានភាពជឿជាក់ ច្បាស់លាស់ និងខិតខំ លើការប្រមាញ់យកអាហារូបករណ៍ទៅសិក្សានៅបរទេស។ ខាងក្រោមគឺជាសំណួរសំខាន់ៗដែលក្រុមពួកយើងបានធ្វើការសាកសួរលោក ហង្ស វុទ្ធិកា៖

. តើអាហារូបករណ៍របស់លោកមានឈ្មោះអ្វី? តើនរណាជាអ្នកផ្គត់ផ្គង់អាហារូបករណ៍នោះ?

លោក ហង្ស វុទ្ធិកាបានប្រាប់ថា អាហារូបករណ៍នោះមានឈ្មោះថា Civil Society Leadership Award 2015-2016 ដែលអាហារូបករណ៍នេះត្រូវបានផ្គត់ផ្គង់ដោយ Open Society Foundation.

. តើលោកបានដឹងអំពីអាហារូបករណ៍នេះតាមរយៈអ្វី?

វុទ្ធិកា បានប្រាប់ថាលោកបានដឹងពត៌មានអាហារូបករណ៍ Civil Society Leadership Award តាមរយៈបណ្តាញសង្គម និងរាមច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍នោះពីមុន។

. តើលោកគិតថាគណៈកម្មការចង់បានអ្វីពីបេក្ខជនដាក់អាហារូបករណ៍?

លោក វុទ្ធិកា បាននិយាយថាគណៈកម្មការចង់បានបេក្ខជនដែលមានបទពិសោធន៍ការងារក្នុងសង្គម ដូចជាការងារស្ម័គ្រចិត្តជាដើម។ ប៉ុន្តែនេះគ្រាន់តែជាអាទិភាពដំបូងគេប៉ុណ្ណោះ។ ចំណុចចង់បានរបស់គណៈកម្មការក៏មើលលើសក្តានុពលរបស់បុគ្គលផ្ទាល់ផងដែរ។

. តើពិន្ទុ GPA មានសារៈសំខាន់សំរាប់អាហារូបករណ៍ Civil Society Leadership Award ដែររឺទេ?

សំរាប់អាហារូបករណ៍ Civil Society Leadership Award វិញ GPA ហាក់បីដូចជាមិនសូវសំខាន់ទេ ប៉ុន្តែបើយើងមានពិន្ទុ GPA ចាប់ពី៣.៥ឡើងទៅ រឹតតែប្រសើរដើម្បីប្រកួតជាមួយបេក្ខជនដ៏ទៃទៀត។ បើយើងមានពិន្ទុ GPA ខ្ពស់ យើងអាចដាក់ពាក្យរៀននៅសាកលវិទ្យាល័យល្អៗបាន ប៉ុន្តែបើ GPA ទាបពេក ក៏មិនអាចទៅរៀនសាលកវិទ្យាល័យល្អៗដែរ។ អាហារូបករណ៍នេះផ្តោតសំខាន់ទៅលើការចូលរួមក្នុងសង្គមអោយបានច្រើន រឺក៏មានបទពិសោធន៍ការងារច្រើន និងមានគោលដៅសិក្សាច្បាស់លាស់។ ជាទូទៅ គេមើលលើគ្រប់ចំណុចទាំងអស់នៅក្នុងពាក្យអាហារូបករណ៍របស់យើង។

. តើលោកគិតថាហេតុអ្វីបានជាបេក្ខជនខ្លះធ្លាក់អាហារូបករណ៍នេះ?

បញ្ហាមួយគឺបេក្ខជនដែលធ្លាក់មិនអាចសុំពាក្យចូលរៀននៅសាកលវិទ្យាល័យដែលពួកគេចង់បានជោគជ័យ។ បើសិនជាបាន GPA ទាបពេក ពាក្យសុំចូលរៀនកាន់តែពិបាក។ សំរាប់ម្ចាស់កម្មវិធីអាហារូបករណ៍ ជាប់រឺធ្លាក់គឺអាស្រ័យលើលក្ខណៈវិនិច្ឆ័យ (All requirements) ទាំងមូល មិនផ្តោតលើ GPA តែមួយទេ។

. មាននិស្សិតមួយចំនួនចង់ទៅរៀនបន្តថ្នាក់អនុបណ្ឌិត ប៉ុន្តែពួកគេមិនច្បាស់ថាត្រូវជ្រើសរើសមុខវិជ្ជាមួយណារៀន តើលោកមានជាបទពិសោធន៍ រឺយោបល់ យ៉ាងណាដែរសំរាប់អ្នកដែលចង់ដាក់អាហារូបករណ៍?

តាមចម្លើយរបស់លោក វុទ្ធិកាយល់ថាដំបូងត្រូវមើលខ្លួនឯងសិន ដូចជាប្រវត្តិសិក្សា ចំណាប់អារម្មណ៍ និងគោលដៅការងាររបស់យើងទៅថ្ងៃអនាគត (គ្មាននរណាស្គាល់ខ្លួនឯងច្បាស់ជាងខ្លួនឯងនោះទេ)។ បន្ទាប់មកយើងត្រូវធ្វើការស្រាវជ្រាវទៅលើមុខវិជ្ជា និងការណែនាំរបស់អាហារូបករណ៍ដែលយើងចង់ដាក់។ ត្រូវព្យាយាមបំពេញការទាមទារទាំងអស់របស់អាហារូបករណ៍។ បើយកល្អគួរធ្វើការងារណាមួយសិនព្រោះការងារអាចធ្វើឲ្យយើងកាន់តែយល់ច្បាស់ពីអ្វីដែលយើងចង់រៀនតទៅថ្នាក់អនុបណ្ឌិត។ ម៉្យាងវិញទៀត គប្បីស្គាល់អ្នកដែលមានបទពិសោធន៍ការងារ និងការសិក្សាអោយបានច្រើន ដើម្បីសួរយោបល់របស់ពួកគេនៅពេលដែលយើងមានគំរោងដាក់អាហារូបករណ៍។ មានរាមច្បងមួយចំនួនមានបទពិសោធន៍រៀនច្រើន ដូចនេះគាត់អាចផ្តល់យោបល់ល្អសំរាប់មុខវិជ្ជាដែលយើងចង់រៀន។ វុទ្ធិកា ក៏ចង់ឲ្យនិស្សិតខ្មែរក្លាហាន និងចេះលើកទឹកចិត្តខ្លួនឯងទោះបីជាដាក់អាហារូបករណ៍ធ្លាក់ក៏ដោយ។

(វុទ្ធិកា៖ ត្រូវគិតថាអ្នកអាចធ្វើបាន។ រួចដាក់ពាក្យ បើធ្លាក់ ដាក់ម្តងទៀតគឺដាក់រហូត ហើយត្រូវប្រកាន់ភ្ជាប់ the Rule of Thumb។)

. តើរៀននៅប្រទេសអង់គ្លេសលោកមានបញ្ហាប្រឈមអ្វីខ្លះ?

លោកបានបន្តថា ធម្មតាទេរៀននៅក្រៅប្រទេសមិនងាយស្រួលទេ គឺត្រូវឃ្លាតឆ្ងាយពីគ្រួសារ ហើយជាពិសេសត្រូវសម្របខ្លួនក្នុងវប្បធម៌ថ្មីមួយ និងប្រើភាសាទំនាក់ទំនងដែលមិនមែនជារបស់ប្រទេសដើមកំណើតយើង។ លោកបន្តថាបញ្ហាចម្បងគឺ បញ្ហាភាសាដែលដើរតួយ៉ាងសំខាន់ក្នុងការសិក្សា ព្រោះថាយើងត្រូវអាន សរសេរ និយាយ និងស្តាប់ នូវអ្វីដែលមិនមែនជាភាសាសំរាប់ប្រើទំនាក់ទំនងធម្មតា ប៉ុន្តែស្ថិតនៅក្នុងបរិបទសិក្សានៃជំនាញរបស់យើងដែលកំពុងរៀន។ មួយវិញទៀតនោះគឺគាត់មានការពិបាកបន្តិចជាមួយអាកាសធាតុនៅក្នុងប្រទេសអង់គ្លេសដោយសារកំរិតសីតុណ្ហភាពផ្លាស់ប្តូរលឿន។ វុទ្ធិកាប្រាប់ថាគាត់មានការលំបាកថែទាំសុខភាពរាងកាយផង និងសុខភាពផ្នែកអារម្មណ៍ផងដោយសារការងារច្រើន។

(វុទ្ធិកា៖ ដោយសារតែមានការងារច្រើន ចំពោះខ្ញុំត្រូវខិតខំរៀន ប៉ុន្តែរៀនឲ្យឆ្លាត)។

IMG_5619

. តើលោកមានជាយោបល់អ្វីខ្លះដើម្បីត្រៀមខ្លួនដាក់អាហារូបករណ៍ ដល់និសិស្សដែលចង់យកអាហារូបករណ៍ Civil Society Leadership Award ដូចជារូបលោក?

លោក វុទ្ធិកា បានបង្ហាញថាការដាក់អាហារូបករណ៍ Civil Society Leadership Award ត្រូវត្រៀមលក្ខណៈបួន៖

ទី១៖ ប្រវត្តិការសិក្សា (ទាំងភាសាអង់គ្លេស និង GPA)។

ទី២៖ បទពិសោធន៍ទាក់ទង (ទាំងមុខវិជ្ជាដែលយើងរៀន និងការងារសង្គម)។

ទី៣៖ ការសិក្សា និងការស្រាវជ្រាវ រួមទាំងផែនការការងារនៅថ្ងៃអនាគត។

ទី៤៖ គិតថាអ្នកមានអ្វីខ្លះដើម្បីចែករំលែកដល់ប្រទេសអ្នកបន្ទាប់ពីរៀនចប់។

សូមបញ្ជាក់ជាថ្មីម្តងទៀត លោកវុទ្ធិកា កំពុងរៀនថ្នាក់អនុបណ្ឌិតផ្នែកនយោបាយសាធារណៈនៅក្នុងប្រទេសអង់គ្លេសតាមរយៈអាហារូបករណ៍ Civil Society Leadership Award។ លោកបាននិយាយប្រាប់ក្រុមអាឡាដាំងថា ក្រោយពីលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោកចង់បម្រើការក្នុងស្ថាប័នរដ្ឋ និងបង្រៀនក្នុងសាលកវិទ្យាល័យ ប៉ុន្តែនេះគ្រាន់តែជាគំរោងរបស់លោកប៉ុណ្ណោះ ព្រោះលោកនឹងបត់បែនតាមស្ថានភាពការងារ។

Vuthika: Scholarships are for people, and you are one of them, so it is POSSIBLE.

Scholarship Celebration 2015 UoN

សូមអរគុណលោក ហង្ស វុទ្ធិកា ដែលបានផ្តល់បទសម្ភាសន៍ដល់អាឡាដាំង។

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត។

 

 

Facebook Comments