genie
បង្ហើបគន្លឹះក្នុងការ​ជ្រើស​រើស​មុខ​វិជ្ជា​ពេល​ដាក់​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​បរទេស

ការសម្រេចចិត្ត​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​អាច​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​លំបាក។ សំណួរ​ដែល​អ្នក​តែង​តែ​សួរ​ខ្លួន​ឯង​រួម​មាន៖

  • តើសាលា ឬសាកលវិទ្យាល័យ​មួយ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក?
  • តើជំនាញ​មួយ​ណា​ដែល​អ្នក​គួរ​ជ្រើស​រើស?
  • តើការសិក្សា​នោះ​ត្រូវ​ការ​រយៈ​ពេល​យូរ​ប៉ុណ្ណា?
  • តើអ្នកនឹងទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ​បន្ទាប់​ពី​សិក្សា​ថ្នាក់​អនុបណ្ឌិត​នេះ?

ប្រសិនបើអ្នក​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ផ្សង​ព្រេង ដែល​ឆ្ពោះ​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នេះ ទាំង​នេះ​គឺ​ជា​តិចនិច​ខ្លះៗ​ដែលក្រុមស្រាវជ្រាវរបស់គេហទំព័រអាឡាដាំងបានធ្វើការប្រែសម្រួល និងលើកមកចែកចាយ សម្រាប់​អ្នក​ក្នុង​ការ​យក​ទៅអនុវត្តន៍។

១. ការជ្រើសរើស​សាកលវិទ្យាល័យ​ដើម្បី​សិក្សា

ការជ្រើសរើស​សាកលវិទ្យាល័យ​មួយ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ការ​សិក្សា​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។ ភាព​ល្បីល្បាញ​និង​កិត្តិសព្ទ​របស់​សាលា ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ឱកាស​ការងារ​របស់​និស្សិត​ដែល​បាន​បញ្ចប់​ពី​ការ​សិក្សា និង​ចំណាត់​ថ្នាក់​របស់​សាលា​គឺ​សុទ្ធសឹង​តែ​ជា​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​យកមកធ្វើ​ការ​ពិចារណា។ សាលា​រៀន​ណា​ដែល​អាច​ផ្តល់​​នូវ​គុណភាព​នៃ​ការ​អប់រំ​ដល់​និស្សិត​ជា​ទូទៅ​តែង​តែ​អាច​ទាក់ទាញ​សិស្ស​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ច្រើន។ អ្វី​ដែល​ជា​ការ​សំខាន់​ពី​ទស្សនៈ​របស់​និស្សិត​នោះ​គឺ​ចង់​ឃើញ​កេរ្តិ៍ឈ្មោះ​ល្អ​របស់​គ្រឹះស្ថាន​ដែល​គេ​ចង់​រៀន ​ទាំង​ក្នុង​វិស័យ​អប់រំ និង​ក្នុង​វិស័យ​ការងារ​ដែល​អ្នក​ចង់​ធ្វើ។

. ការសម្រេច​ចិត្ត​លើឯកទេស​កម្ម
ក្រៅពីផ្ដោតអារម្មណ៍ទៅ​លើ​ការ​ជ្រើស​រើស​សាលា អ្នក​ក៏​ត្រូវ​ជ្រើស​ឯកទេស ឬ​ជំនាញ​សម្រាប់​ថ្នាក់​អនុបណ្ឌិត​របស់​អ្នក​ផង​ដែរ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​​គ្រប់គ្រង តើ​ផ្នែក​មួយណា​នៃ​ជំនាញ​គ្រប់គ្រង​ដែល​អ្នក​កំពុង​តែ​ចាប់​អារម្មណ៍ និង​ចង់​រៀន? តើ​វា​ជា​ហិរញ្ញវត្ថុ? ទីផ្សារ? ភាព​ជា​អ្នក​ដឹកនាំ? ភាព​ជា​សហគ្រិន? ការ​ជ្រើស​រើស​ជំនាញ​របស់​អ្នក​គួរ​តែ​ត្រូវ​បាន​ផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​ដែល​អ្នក​មាន​ក្នុង​ការ​សិក្សា។ ការ​ស្រលាញ់​មុខ​វិជ្ជា​ដែល​អ្នក​កំពុង​រៀន​នឹង​ជួយ​ការសិក្សា​របស់​អ្នក​ឲ្យកាន់​តែ​ល្អ​ប្រសើរ​ខ្លាំង​ឡើងៗ។

ធាតុសំខាន់​មួយ​ផ្សេង​ទៀត​ដែល​អ្នក​គួរ​តែគិត​ពិចារណា​ដែរ​នោះ​គឺ​ថា​កម្មវិធី​សិក្សា​នោះ​ស្រប​តាម​កម្មវិធី​ដែល​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​ដែរ​ឬ​ទេ។ ឧទាហរណ៍ កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិត​របស់​សាកលវិទ្យាល័ Les Roche បាន​ដាក់​បញ្ចូល​ដំណើរ​ទស្សនៈ​កិច្ច​ការ​សិក្សា​ចំនួន​ពីរ​សប្តាហ៍​ទៅ​ទីក្រុង​ឈីកាហ្គោ (Chicago) របស់​សហរដ្ឋអាមេរិក។ កម្មវិធី​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើន​ឱកាសឲ្យ​និស្សិត​របស់​ខ្លួន​ក្នុង​ការ​សិក្សា​ឈ្វេងយល់​អំពី​ពិភព​ខាង​ក្រៅ។ ក្នុង​អំឡុង​ពេល​ទស្សន​កិច្ចសិក្សា​នេះ និស្សិត​នឹង​បាន​ឈ្វេង​យល់​អំពីស្ថាប័នជា​ច្រើន ចំណាយ​ពេល​សម្រាប់​ការ​ឈ្វេង​យល់​ពីរ​បៀប​របប​នៃ​ការ​គ្រប់​គ្រង។ ដំណើរទស្សនកិច្ច​នេះ​ទៀត​សោត​គឺ​ក្នុង​គោល​បំណង​អោយ​និសិ្សតឈ្វេង​យល់​ថា​តើ​ទ្រឹស្ដី​អាច​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​សង្គម​ពិត​ដល់​កម្រិត​ណា។

៣. រយៈពេលនៃកម្មវិធីសិក្សា

កត្តា​សំខាន់​មួយ​ទៀត​គឺ​ជា​រយៈ​ពេល​នៃ​កម្មវិធី​ថ្នាក់​អនុបណ្ឌិត​ដែល​អ្នក​ចង់​សិក្សា។ មាន​កម្មវិធី​ខ្លះ​ចំណាយ​ពេល​ត្រឹម​តែ​៦ខែ ឬ​ក៏​មួយ​ឆ្នាំ​ដើម្បី​បញ្ចប់។ ខ្លះ​ទៀត​ត្រូវ​ការ​រយៈ​ពេល​រហូត​ទៅ​ដល់​១៥ខែ ឬ​២ឆ្នាំ​ដើម្បី​បញ្ចប់​។ រយៈ​ពេល​ខ្លី ឬ​វែង​គឺ​អាស្រ័យ​លើ​សាកលវិទ្យាល័យ​នីមួយៗ​តាម​ចំនួន​មុខ​វិជ្ជា​ដែល​ត្រូវ​រៀន។ សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិត​នេះ​ត្រូវ​បាន​គេ​គិត​ជា​មធ្យម​មាន​រយៈ​ពេល​អប្បបរមា​ ១៤ខែ ប្រសិន​បើ​សាលា​ទាំង​នោះ​តម្រូវ​អោយ​មាន​និក្ខេបបទ ឬ​សារណា​សម្រាប់​បញ្ចប់ការសិក្សា​។ ការ​ជ្រើស​រើស​រយៈពេល​សិក្សា​ក្រោម​មួយ​ឆ្នាំ​អាច​ប្រឈម​នឹង​ហានិភ័យ​ដែល​ថា​សញ្ញាប័ត្រ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ទូលំ​ទូលាយ​ឡើយ។

៤. ការអង្កេតមើលកម្មវិធីសិក្សា

នៅពេលដែលអ្នកធ្វើការ​សម្រេច​ចិត្ត​ទៅ​លើ​កម្មវិធី​សិក្សា​ដែល​អ្នក​ចង់​សិក្សា អ្នក​អាចធ្វើការ​ទំនាក់​ទំនង​ទៅ​សាលា ឬ​អ្នក​គ្រប់គ្រង​កម្មវិធី​សិក្សា។ យក​ឱកាស​នេះ​ដើម្បី​សួរ​សំណួរ ដែល​អ្នក​ចង់​ដឹង​អំពី​មុខវិជ្ជាដែល​នឹង​ត្រូវ​សិក្សា និង​ភាព​សម​ហេតុ​ផល​នៃ​កម្មវិធី​សិក្សា​ដែល​នឹង​ផ្តល់​ជូន​នេះ។ ទាំង​នេះ​អាច​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​ពត៌មាន​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ក្នុង​ការ​ជ្រើសរើស​មុខ​ជំនាញ​សម្រាប់​ថ្នាក់​អនុបណ្ឌិត​។

៥. ការគិតអំពីមុខរបររបស់អ្នកនាពេលអនាគត

កាលដែលមានសញ្ញាប័ត្រ​ពី​ថា្នក់​អនុបណ្ឌិត​ពិត​ជា​អាច​ជួយ​អ្នក​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ បើ​ទោះ​បី​ជាការងារ​នោះ​ស្ថិត​នៅក្នុង​ឋនៈជា​អ្វី​ក៏​ដោយ។ នាពេល​បច្ចុប្បន្ន ចំនួន​អ្នក​ប្រកួត​ប្រជែង​រវាង​អ្នក​បញ្ចប់​ការសិក្សា​មាន​កាកើន​ឡើង​គួរ​អោយ​កត់​សម្គាល់។ អ្នក​ត្រូវ​មាន​ការ​តស៊ូ ជ្រើស​រើស​ក្រុមហ៊ុន​ដែល​អ្នក​គិត​ថា​ល្អ និង​ត្រូវ​ចេះ​ដាក់​ខ្លួន​នៅ​ពេល​ចាប់​ផ្ដើម​អាជីព​របស់​អ្នក។ មាន​និស្សិត​ជា​ច្រើន​ចង់​បាន​តំណែង​ធំភ្លាមៗ​ក្នុង​ការងារ​ដែល​ពួក​គេ​ចង់​បាន​។ ជាការ​ពិត វា​អាច​នឹង​កើត​ឡើង​បាន​ដោយ​អាស្រ័យ​លើ​ជំនាញ​ដែល​អ្នក​មាន និង​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​អ្នក​បាន​អនុវត្ត​និង​ចំណេះ​ដឹង​ដែល​អ្នក​បាន​ទទួល។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ទទួល​បាន​ការងារ​ទៅ​តាម​ក្តីសុបិន្ត​របស់​អ្នក​គឺ​ក៏​ត្រូវ​អាស្រ័យ​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា ព្រម​ទាំង​កិត្តិសព្ទ​របស់​សាលា ឬកម្មវិធី​ដែល​អ្នក​បាន​សិក្សា។

សរុបសេចក្ដីមក ការ​ជ្រើស​រើស​កម្មវិធី​សម្រាប់​ថ្នាក់​អនុបណ្ឌិត​គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ នៅ​ពេល​ណា​ដែល​សម្រេច​ចិត្ត អ្នក​គួរ​តែ​ជ្រើស​រើស​សាលា​ណា​ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្បី​រន្ទឺ​នៅ​ក្នុង​កត្តា​ផលិត​កម្ម​ដែល​អ្នក​ចង់​ទៅ​ធ្វើ​ការ។ ព្រោះ​សាលា​ទាំង​នេះ​អាច​ផ្តល់​ជូន​អ្នក​នូវ​មុខ​វិជ្ជារ​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធិសិក្សា និង​បង្ហាត់​បង្ហាញ​និស្សិត​អោយ​យល់​ពីរ​បៀប​ដឹក​នាំ ឬ​ភាព​ជា​អ្នក​ដឹក​នាំ។