genie
អ៊ុក សុវណ្ណារ៉ា ៖ សិល្បៈក្នុងការសរសេរ Personal Statement សំរាប់ដាក់អាហារូបករណ៍

ការសរសេរ Personal Statement មិនពិបាកនោះទេ អ្នកណាក៏អាចសរសេរបានដែរ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ការសរសេរ Personal Statement ដែលល្អ ទើបពិបាក។ ដោយសារតែវាលំបាកអញ្ចឹងហើយ ទើបមាននិស្សិតមួយចំនួនមានអារម្មណ៍មិនស្រណុកចិត្ត និងគ្មានទំនុកចិត្តលើខ្លួនឯងថានឹងអាចសរសេរបានល្អ។ អ្នកខ្លះទៀត គ្រាន់តែលឺថាអាហារូបករណ៍គេទាមទារឲ្យសរសេរ Personal Statement គឺខ្លាចលែងហ៊ានដាក់ពាក្យសុំអាហារូបករណ៍នោះតែម្តង។ តាមពិតទៅវាជារឿងល្អទៅវិញទេដែលការសរសេរ Personal Statement នោះលំបាក ព្រោះថាបើយើងលំបាក បេក្ខជនដទៃទៀតក៏លំបាកដូចគ្នា អញ្ចឹងបើយើងព្យាយាមធ្វើឲ្យបានល្អជាងគេទៅ យើងនឹងជោគជ័យបាត់ទៅហើយ។

បើទោះជាការសេសេរ Personal Statement ឲ្យបានល្អវាលំបាក តែមិនមែនមានន័យថាវាមិនអាចទៅរួចនោះទេ។ វាលំបាកក៏ព្រោះតែប្រហែលជាអ្នកមិនធ្លាប់បានដឹង ឬក៏យល់ពីវាប៉ុណ្ណោះ។ អ្វីក៏ដោយ វាមានក្បួនខ្នាត និងរបៀបរបបក្នុងការធ្វើរបស់វា។ ដូចគ្នាដែរ ដើម្បីសរសេរ Personal Statement ឲ្យបានល្អ មិនមែនចេះតែសរសេរប៉ាតណាប៉ាតណីនោះទេ ត្រូវយល់ពីបែបបទនៃការសរសេរ និងដឹងពីគ្រឿងផ្សំរបស់វា ដូចដែលពាក្យចាស់លោកពោលថា សម្លរឆ្ងាញ់ព្រោះគ្រឿង។ អាស្រ័យហេតុនេះ បើអ្នកដាក់ចិត្តថាដាក់អាហារូបករណ៍ហើយនោះ ត្រូវតែយល់ដឹងពីវា។

តើធាតុផ្សំរបស់ Personal Statement មានអ្វីខ្លះទៅ?

បើតាមរយៈបទពិសោធន៍ផ្ទាល់របស់ខ្ញុំក្នុងការដាក់អាហារូបករណ៍ហើយទទួលបានជោគជ័យ ក៏ដូចជាបានធ្វើការប្រៀបធៀបរវាង Personal Statement របស់បេក្ខជនដែលធ្លាប់បានជាប់អាហារូបករណ៍ និងរបស់អ្នកដែលមិនទាន់បានជាប់ ខ្ញុំកត់សំគាល់ឃើញថា សំណេរដែរល្អគឺមានលក្ខណៈស្រដៀងគ្នាមួយចំនួនធំ ហើយខ្ញុំនឹងលើកយកបង្ហាញជូននៅក្នុងអត្ថបទមួយនេះ។ ខាងក្រោមនេះជាធាតុផ្សំសំខាន់ៗដែលអ្នកគួរយកមកគិតមុននឹងចាប់ផ្តើមសរសេរ។

១) តើអ្នកជានរណា?

Your course of life, your view of life

ដោយសារ Personal Statement គឺជាការបូកផ្សំរវាងពាក្យ Personal ដែលមានន័យថាផ្ទាល់ខ្លួន ឬអំពីខ្លួនអ្នក និងពាក្យ Statement ដែលមានន័យថា សំណេរ ឬសេចក្តីថ្លែងការណ៍ ទើបក្នុង Personal Statement គេឲ្យអ្នកសរសេររៀបរាប់ពីខ្លួនអ្នកដោយលើកយកពីឆាកជីវិត(your course of life) និងការយល់ឃើញរបស់អ្នកចំពោះជិវិត (your view of life)។ បើនិយាយម្យ៉ាងទៀត គឺគេចង់ដឹងថាអ្នកធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ជីវិតអ្វីខ្លះ ហើយអ្នកអាចហែលឆ្លង ឬក៏ដោះស្រាយឧបសគ្គក្នុងជីវិតបានយ៉ាងដូចម្តេចខ្លះ។ ឧទាហរណ៍ អ្នកខ្លះគាត់មានបញ្ហាក្នុងគ្រួសារ ខ្វះថវិកាក្នុងការសិក្សា ហើយគាត់ត្រូវជួយការងារឪពុកម្តាយដើម្បីរកលុយផ្គត់ផ្កង់គ្រួសារ តែដោយសារគាត់យល់ឃើញថាមានតែការអប់រំទេទើបអាចជួយរំដោះគាត់ពីការលំបាកទាំងនោះបាន បូកផ្សំជាមួយនឹងបំណងប្រាថ្នាចង់សំរេចអ្វីមួយនៅថ្ងៃអនាគត និងមានទេពកោសល្យលើការសិក្សាផងនោះ គាត់បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរហូតបានរៀននៅមហាវិទ្យាល័យ។ នេះហើយជាឧទាហរណ៍មួយរបស់ Your course of life និង your view of life ហើយតាមពិតទៅបុគ្គលម្នាក់ៗមានដំណើរជីវិតរៀងៗខ្លួន មានគោលបំណងផ្សេងៗគ្នា ដូច្នេះអ្នកគួរបង្ហាញពីភាពខុសប្លែកពីគេ (uniqueness) នោះឲ្យគណកម្មការរង្វាយតម្លៃបានស្គាល់ពីខ្លួនអ្នក នឹងការខិតខំប្រឹងប្រែងរបស់អ្នក។

២) តើអ្នកចង់បានអ្វី? ហេតុអ្វី (តើមានអ្វីជំរុញឲ្យអ្នកមានបំណងប្រាថ្នានោះ)

Your hopes & wishes

បន្ទាប់ពីរៀបរាប់ត្រួសៗអំពីខ្លួនអ្នករួចមក អ្នកគួរតែប្រាប់គេឲ្យដឹងពីបំណងប្រថ្នាទៅថ្ងៃអនាគតថាអ្នកចង់បានអ្វី ឬក៏ចង់ធ្វើអ្វី។ ជាការពិតណាស់ បើអ្នកមិនទាំងស្គាល់ខ្លួនឯង ឬដឹងថាខ្លួនឯងចង់បានអ្វីផងនោះ ធ្វើម៉េចនឹងអ្នកដទៃ (គណកម្មការរង្វាយតម្លៃ) គេនឹងស្គាល់ថាអ្នកជាមនុស្សបែបណា បើគេមិនស្គាល់ថាអ្នកជាមនុស្សបែបណាផងនោះ ធ្វើម៉េចគេនឹងទុកចិត្តថាគេរើសមនុស្សមិនខុស? យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា អាហារូករណ៍ គេចំណាយថវិកា និងពេលវេលាអស់ជាច្រើនដើម្បីបណ្តាក់ទុនបណ្តុះបណ្តាលធនធានមនុស្សដើម្បីឲ្យពួកគេត្រលប់មកវិញជួយអភិវឌ្ឍប្រទេសជាតិរបស់ពួកគេដែលជាប្រទេសមិនទាន់អភិវឌ្ឍន៍ ហើយចុះបើគេជ្រើសរើសយកមនុស្សខុស គ្មានការតស៊ូប្រឹងប្រែង គ្មានសុទ្ធិនិយមក្នុងខ្លួន តើការជួយ (ផ្តល់) អាហារូករណ៍របស់ពួកគេមានប្រយោជន៍អ្វី? អញ្ជឹងហើយបានជាអ្នកត្រូវឲ្យគេដឹងពីគោលបំណងរបស់អ្នក ដើម្បីឲ្យគេមានជំនឿចិត្តថាគេរើសយកអ្នកមិនខុសនោះទេ។

៣) តើអ្នកមានអ្វីដើម្បីសម្រេចបំណងរបស់អ្នកហើយឬនៅ?

Your study background & related experience

បន្ទាប់ពីបង្ហាញពីគោលបំណងរបស់អ្នក អ្នកចាំបាច់ត្រូវបង្ហាញគេថា អ្នកមិនមែនចេះតែស្រមើស្រមៃនោះទេ គឺមានគម្រោងច្បាស់លាស់ និងមានទុនសម្រាប់សម្រេចបាននូវអ្វីដែលអ្នកប៉ង។ និយាយឲ្យសាមញ្ញទៅ គឺអ្នកត្រូវប្រាប់ពីការអប់រំរបស់អ្នក និងបទពិសោធន៍នានាដែលទាក់ទង ព្រោះបើអ្នកគ្មានមូលដ្ឋានគ្រឹះរឹងមាំនោះទេ បើទោះបីជាគេបញ្ជូនអ្នកទៅរៀននៅសាកលវិទ្យាល័យលំដាប់ល្អយ៉ាងណាក៏ដោយ ក៏ប្រហែលជាអ្នកមិនអាចទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយគេចង់ដឹងថាអ្នកបានរៀនអ្វីខ្លះហើយឬនៅដើម្បីធ្វើឲ្យច្បាស់ថាបំណងប្រាថ្នារបស់អ្នកសមហេតុផល និងអាចទៅរួច (feasible and realistic)។

៤) មូលហេតុអ្វីបានជាអ្នកដាក់ពាក្យសុំអាហារូបករណ៍មួយនេះ ហើយនៅសាកលវិទ្យាល័យ ឬប្រទេសមួយនេះ?

Your motivation for applying for this program, and reason for study at that university/ in that country

មានអាហារូបករណ៍មកពីប្រទេសជាច្រើនដែលបានផ្តល់មកឲ្យនិស្សិតកម្ពុជាក្នុងមួយឆ្នាំៗ តើមូលហេតុអ្វីបានជាអ្នកសម្រេចចិត្តជ្រើសរើសយកអាហារូករណ៍ ឬប្រទេសមួយនេះ? តើអាហារូបករណ៍នេះ មានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យអ្នកសម្រេចចិត្តជ្រើសរើសយកវា? ទាំងពីរនេះជាសំណួរដែលខាងអ្នកផ្តល់អាហារូបករណ៍គេចង់ដឹងពីអ្នក។ ប៉ុន្តែមាននិស្សិតជាច្រើនតែងតែយល់ច្រលំចំពោះគោលបំណងពិតប្រាកដរបស់សំណួរមួយនេះ។ ពួកគេតែងតែគិតថា ខាងអ្នកផ្តល់អាហារូបករណ៍ចង់ឲ្យបេក្ខជនសរសើរពីកម្មវិធី ឬប្រទេសរបស់ពួកគេបានជាគេសួរសំណួរនេះ តែតាមធាតុពិតមិនមែនដូច្នេះនោះទេ។ អ្វីដែលគេចង់ដឹងនោះគឺថា តើអ្នកបានយល់ដឹងពីគោលពំណង (program objectives) របស់កម្មវិធីនោះហើយ ឬនៅមុននឹងធ្វើការសម្រេចចិត្ត។ គេមិនចង់បានបេក្ខជនដែលចេះតែដាក់ទាំងទទឹងទិស មិនដឹងអ្វីសោះនោះទេ។ ម្យ៉ាងវិញទៀត គេចង់ដឹងថា តើអ្នកជាមនុស្សដែលធ្វើការស្រាវជ្រាវឲ្យបានសព្វជ្រុងជ្រោយហើយ ឬនៅ ឬមួយក៏ឲ្យតែមានអាហារូបករណ៍ចេះតែដាក់ ហើយចេះតែអួត (សរសើរ) គ្រប់កម្មវិធីទាំងអស់។ មួយទៀតគេចង់ដឹងថា តើជម្រើសរបស់អ្នកក្នុងការជ្រើសរើសសាលា/ប្រទេសដែលអ្នកជ្រើសរើសនោះ ពិតជាត្រឹមត្រូវ នឹងសមប្រកបធ្វើឲ្យអ្នកអាចបំពេញនូវការរំពឹងទុក (expectation) របស់អ្នកកំរិតណា។ អញ្ចឹងហើយបើសិនជាអ្នកបានអាន និងយល់ច្បាស់ពីគោលពំណងរបស់កម្មវិធីអាហារូបករណ៍នោះ អ្នកពិតជាអាចធ្វើបានល្អ ហើយឆ្លើយទៅតាមអ្វីដែលគេចង់បាន។

៥) តើអ្នកមានគម្រោងដូចម្តេចបន្ទាប់ពីត្រលប់មកកាន់មាតុប្រទេសវិញ?

Your plan upon returning to your homecountry

ក្នុងសំណួរនេះ គេចង់ដឹងថាអ្នកនឹងប្រើប្រាស់នូវចំណេះដឹងរបស់អ្នកដើម្បីរួមចំណែកអ្វីខ្លះបន្ទាប់ពីត្រលប់មកកាន់មាតុប្រទេសវិញ។ បើតាមខ្ញុំធ្លាប់ដឹង មានបេក្ខជនជាច្រើនឆ្លើយស្រដៀងៗគ្នា “I will share the knowledge and skill I obtain during my stay in (country) with my friends and Cambodian fellows.” អ្នកគួរតែធ្វើអ្វីឲ្យប្លែកពីនេះ ឧទាហរណ៍ដូចជា ខ្ញំនឹងបន្តសកម្មភាព ឬគម្រោងដែលខ្ញុំធ្លាប់ធ្វើ ហើយចែករំលែកនូវបទពិសោធន៍ដែលខ្ញុំមាន ក៏ដូចជាជួយជំរុញទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងរៀនដើម្បីបានឱកាសដូចខ្ញុំដែរ។ ខ្ញុំក៏នឹងយកទុនដែលខ្ញុំបានទទួលពីការរៀនសូត្រ ក៏ដូចជាសកម្មភាពកំឡុងពេលសិក្សានៅក្រៅប្រទេសដើម្បីបន្តដំណើរទៅមុខទៀត ធ្វើយ៉ាងណាឲ្យគោលបំណងរយៈពេលវែងរបស់ខ្ញុំបានសម្រេច។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះដើម្បីបង្ហាញអ្នកទាំងអស់គ្នាឲ្យមានភាពច្នៃប្រឌិតក្នុងការឆ្លើយទៅនឹងសំនួរនេះ។

ជាសរុបមក ការសរសេរ Personal Statement ទាមទារឲ្យមានភាពអត់ធ្មត់ ការតាំងចិត្តខ្ពស់ ស្គាល់ខ្លួនឯងឲ្យបានច្បាស់ថាខ្លួនចង់បានអ្វី ខ្លួនមានអ្វីហើយឬនៅដើម្បីសម្រេចនូវអ្វីដែលខ្លួនប៉ងប្រាថ្នា និងត្រូវមានគំនិតច្នៃប្រឌិតក្នុងការសរសេរ។ ចូរចងចាំថា អាហារូបករណ៍នីមួយៗមានបេក្ខជនជាច្រើនរយនាក់ ពេលខ្លះអាចដល់ពាន់នាក់ដែលដាក់ ដូច្នេះបើអ្នកមិនលេចធ្លោជាងបេក្ខជនដទៃនោះទេ អ្នកនឹងមានឱកាសទាបណាស់ក្នុងការទទួលបានជោគជ័យ។ អ្នកត្រូវមានការត្រៀមខ្លួនឲ្យបានល្អមុននឹងសម្រេចចិត្តដាក់អាហារូបករណ៍ មិនមែននឹកឃើញភ្លាម ដាក់ភ្លាមនោះទេ។ ហើយជាចុងបញ្ចប់ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកជំនាញ (expert) អ្វីនោះទេ ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងដែលខ្ញុំមានបន្តិចបន្តួចដល់ប្អូនៗសិស្សានុសិស្សដែលមានបំណងចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសតែប៉ុណ្ណោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យរីកចម្រើនទៅមុខដូចបណ្តាលប្រទេសរីកចម្រើនដទៃទៀត។ សង្ឃឹមថាបងប្អូននឹងអធ្យាស្រ័យនូវកំហុសឆ្គង អក្ខរាវីរុទ្ធដោយអចេតនាផងចុះ។ សូមអរគុណ!

ថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០១៦

ពីទីក្រុងតូក្យូ ប្រទេសជប៉ុន

អ៊ុក សុវណ្ណារ៉ា

Sovannara

បច្ចុប្បន្នលោក អ៊ុក សុវណ្ណារ៉ា ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មបរិស្ថាននៅមហាវិទ្យាវិស្វកម្មសំណង់ស៊ីវិល និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ ប្រទេសជប៉ុន ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន MEXT scholarship. លោកក៏ជាអតីតនិស្សិតទទួលអាហារូបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក Global UGRAD ទៅសិក្សានៅសហរដ្ឋអាមេរិកជំនាញវិស្វកម្មបរិស្ថាន និងសំណង់ស៊ីវិល នៅសាកលវិទ្យាល័យផ្លរីដាហ្គសខសផងដែរ។ លោកនឹងទៅចូលរួមកម្មវិធីមួយឈ្មោះថា ARC5 student's forum នៅសាធារណរដ្ឋឆេកនៅដើមខែមេសានេះផងដែរ។ 

Like ផេក អាឡាដាំង facebook-logo-2 ដើម្បីទទួលបានពត៌មានជាច្រើនទៀត

Facebook Comments