genie
អត់មាន TOEFL ឬ IELTS ផង តើអាចដាក់អាហារូបករណ៏ទៅបរទេសបានទេ?

World1

កាលពីសប្តាហ៍មុន មានប្រិយមិត្តរបស់ផេក អាឡាដាំងម្នាក់ បានចោទជាសំនួរដើម្បីឲ្យក្រុមការងាររបស់គេហទំព័រយើងខ្ញុំជួយបកស្រាយ។ សំនួរដែលចោទសួរនោះគឺ ១) បើសិនជាខ្ញុំអត់មានពិន្ទុ TOEFL ឬ IELTS ផង តើអាចដាក់អាហារូបករណ៍ទៅរៀននៅបរទេសបានទេ? និង ២) តើពិន្ទុកម្រិតណាទើបអាចដាក់អាហារូបករណ៍បាន? ដូច្នេះដើម្បីស្រាយនូវចម្ងល់ទាំងនេះ គេហទំព័ររបស់យើងខ្ញុំសូមធ្វើការបកស្រាយដូចតទៅ៖

១)បើសិនជាខ្ញុំអត់មានពិន្ទុ TOEFL ឬ IELTS ផង តើអាចដាក់អាហារូបករណ៍ទៅរៀននៅបរទេសបានទេ?

ចម្លើយ៖ វាអាស្រ័យទៅលើប្រភេទអាហារូបរណ៍ដែលអ្នកដាក់ បើអាហារូបករណ៍នោះគេតំរូវឲ្យអ្នកមានពិន្ទុណាមួយក្នុងចំណោមតេស្ត៍ទាំងពីរខាងលើ ចាំបាច់ត្រូវតែមានឲ្យគេ បើមិនដូច្នោះទេ ទម្រង់បែបបទសុំអាហារូបករណ៍ដែលអ្នកបានដាក់នោះ នឹងមិនត្រូវបានគេយកមកវិនិច្ឆ័យនោះទេ។ តែបើអាហារូបករណ៍ណាដែលមិនទាមទារពិន្ទុ TOEFL ឬ IELTS នោះទេ អ្នកមិនចាំបាច់មានពិន្ទុ TOEFL ឬ IELTSទេ។ ឧទាហរណ៍ ដូចខ្ញុំអញ្ចឹង អាហារូបរណ៍របស់រាជរដ្ឋាភិបាលជប៉ុនមកសិក្សានៅប្រទេសជប៉ុន គេមិនតំរូវឲ្យមានពិន្ទុ TOEFL ឬ IELTS នោះទេ គឺគេរៀបចំការប្រលងតេស្តសមត្ថភាពដោយផ្ទាល់តែម្តង។ ក្រៅពីនេះក៏មានអាហារូបករណ៍មួយចំនួនទៀតដែលមិនទាមទារពិន្ទុ TOEFL ឬ IELTS ដែរ។ ដូច្នេះសរុបសេចក្តីមក មុននឹងដាក់អាហារូបរណ៍ ត្រូវអានលក្ខន្តិកៈឲ្យបានច្យាស់ជាមុនសិន ដើម្បីឲ្យដឹងថាអ្នកបំពេញតាមតំរូវការរបស់អាហារូបករណ៍នោះហើយឬនៅ។

              អត្ថបទទាក់ទង៖ បង្ហើបពីគន្លឹះទាំង២០ចំនុចដើម្បីប្រឡងយកពិន្ទុ IELTS ខ្ពស់

២) តើពិន្ទុកម្រិតណាទើបអាចដាក់អាហារូបករណ៍បាន?

ចម្លើយ៖ដូចសំនួរទីមួយដែរ គឺវាអាស្រ័យទៅតាមប្រភេទអាហារូបករណ៍នីមួយៗ។ អាហារូបករណ៍ខ្លះទាមទារពិន្ទុខ្ពស់ ខណៈពេលដែលអាហារូបករណ៍ខ្លះមិនសូវជាទាមទារពិន្ទុខ្ពស់ប៉ុន្មានទេ។ ដូច្នេះសូមបញ្ជាក់ជាថ្មីម្តងទៀត សូមមើលនូវលក្ខន្តិកៈ ថាតើគេទាមទារឲ្យបេក្ខជនមានពិន្ទុកំរិតណាទើបអាចដាក់បាន។

ដូច្នេះបើសិនជាអ្នកមានបំណងដាក់អាហារូបករណ៍ដើម្បីទៅបន្តការសិក្សានៅបរទេស សូមត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ ព្រោះថាការដាក់អាហារូករណ៍នីមួយៗតែងតែមានការប្រកួតប្រជែងខ្ពស់។ បើដឹងថាអាហារូបករណ៍ដែលអ្នកដាក់ទាមទារឲ្យអ្នកមានពិន្ទុ TOEFL ឬ IELTS អ្នកគប្បីត្រៀមប្រលងឲ្យបានពិន្ទុល្អតាមដែលអាចធ្វើទៅបាន។ សូមជូនពរឲ្យមានសំណាងល្អ ហើយសង្ឃឹមថាអត្ថបទមួយនេះនឹងជួយបទស្រាយនូវចម្ងល់របស់ប្រិយមិត្តអ្នកចូលចិត្តគេហទំព័រអាឡាដាំងទាំងអស់គ្នា។ បើសិនជាមានចម្ងល់ទាក់ទងនឹងអាហារូបករណ៍ ឬក៏ការសិក្សា លោកអ្នកអាចសាកសួរមកកាន់គេហទំព័ររបស់យើងខ្ញុំបាន យើងខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើការឆ្លើយតប។ សូមអរគុណ!