ទ្រិ សុផល៖ ក្រៅពីសំណង់ស៊ីវិល តើសាលាតិចណូមានបង្រៀនជំនាញអ្វីខ្លះទៀត?

យុវជនឈ្មោះ ទ្រី សុផល កំពុងសិក្សាថ្នាក់បណ្ឌិត ជំនាញវិស្វកម្មគ្រប់គ្រងគ្រោះមហន្តរាយ នៅសាកលវិទ្យាល័យក្យូតុ ប្រទេសជប៉ុន។

ប្រវត្តិនៃការសិក្សា

សុផលគីជាអតីតនិស្សិតវិស្វករនៃមហាវិទ្យាល័យជលសាស្ដ្រ និង​វិស្វកម្មធនធានទឹក (Faculty of Hydrology and Water Resources Engineering) (អតីតដេប៉ាតឺម៉ង់ទេព្យកោសល្យជនបទ) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីឆ្នាំ២០១៤ ហើយនៅឆ្នាំចុងក្រោយ សុផលក៏បានទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាខាងវិស្វកម្ម និងបច្ចេកវិទ្យារយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យានៃក្រុងតូក្យូ (Tokyo University of Agriculture and Technology) ដើម្បីធ្វើការស្រាវជ្រាវបញ្ចប់សារណាថ្នាក់វិស្វករ។ ពីឆ្នាំ២០១៥ ដល់ ២០១៧ សុផលទទួលបានអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតខាងវិស្វកម្មគ្រប់គ្រងគ្រោះមហន្តរាយ ដែលទាក់ទងនឹងទឹក (Water-Related Disaster Prevention Engineering) នៅសាកលវិទ្យាល័យជាតិក្យុងប៊ុក (Kyungpook National University) នៅសាធារណរដ្ឋកូរ៉េ ។ ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន សុផលកំពុងសិក្សាថ្នាក់បណ្ឌិតជំនាញដដែលនេះនៅ  នៅសាកលវិទ្យាល័យក្យូតុ (Kyoto University) នៃប្រទេសជប៉ុន។

តើសុផលទទួលបានអាហារូបករណ៍អ្វីខ្លះបានទៅសិក្សានៅក្រៅប្រទេស?

នៅពេលផ្លាស់ប្តូរការសិក្សា ខ្ញុំបានទទួលអាហារូបករណ៍មកពី Sato Yo International Scholarship Foundation, សម្រាប់ថ្នាក់អនុបណ្ឌិត ខ្ញុំបានទួលអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សាពី KNU International Graduate Scholarship (KINGS) ហើយប្រាក់ចាយវាយបានមកពីសាស្ត្រាចារ្យដឹកនាំផ្ទាល់។ ហើយសម្រាប់ថ្នាក់បណ្ឌិតនាពេលបច្ចុប្បន្ននេះវិញ ខ្ញុំបានទទួលអាហារូបករណ៍ AUN/SEED-Net (JICA)។

Image may contain: 1 person, standing, grass, tree, sky, plant, outdoor and nature
សុផលនៅសាកលវិទ្យាល័យជាតិក្យុងប៊ុក ប្រទេសកូរ៉េ

តើហេតុអ្វីបានជាសុផលជ្រើសរើសសិក្សាជំនាញនេះ?

កត្តាដែលធំជាងគេនោះ គឺដោយសារចំណង់ចំណូលចិត្ត និងចិត្តស្រាលាញ់ផ្ទាល់។ ម្យ៉ាងទៀតគឺដោយសារជំនាញនេះមិនសូវមានអ្នករៀន។ បើតាមខ្ញុំដឹង នៅខ្មែរគីមានតែសាលាតិចណូមួយទេដែលមានបើកបង្រៀនជំនាញវិស្វកម្មធនធានទឹកនេះនេះ។

ជាទូទៅជំនាញដែលគេតែងតែស្គាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គឺសំណង់ស៊ីវិល និងអគ្គិសនី តើសាលាតិចណូមានបង្រៀនជំនាញអ្វីខ្លះ?

ក្រៅពីវិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មអគ្គិសនី និងថាមពល សាលាតិចណូក៏មានជំនាញផ្សេងៗទៀតដូចជា វិស្វកម្មគីមី និងចំណីអាហារ, វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ, វិស្វកម្មព័ត៌មានវិទ្យានិងទំនាក់ទំនង, វិស្វកម្មឧស្សាហកម្ម និងមេកានិច, និងវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលនៅពេលនេះបានបែកចេញជា ជំនាញវិស្វកម្មបរិស្ថាន និងអេកូឡូស៊ីថ្មីមួយទៀត។
តើនិស្សិតដែលបានបញ្ចប់ការសិក្សាជំនាញនេះអាចធ្វើការនៅកន្លែងណាបានខ្លះ?

និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញនេះអាចធ្វើការនៅកន្លែងការនៅតាមស្ថាប័នមួយចំនួនដូចជា គណកម្មការទន្លេមេគង្គ, WHO, World Bank, CDRI, ក្រសួងធនធានទឹក, ក្រសួងសាធារណការ និងដឹកដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមហ៊ុនឯកជន, និងអង្គការក្រៅរដ្ឋាភិបាលនានា។​

No automatic alt text available.
Flow velocity reduction method at Disaster Prevention Research Institute, Kyoto University.
Image may contain: bridge, plant, sky, outdoor, nature and water
Amagase Dam in Japan.
Image may contain: 7 people, people smiling, people standing, child, outdoor and nature
Field survey

តើជំនាញវិស្វកម្មគ្រប់គ្រងគ្រោះមហន្តរាយនេះ នឹងមានសក្តានុពលយ៉ាងដូចម្តេចដែរនៅប្រទេសកម្ពុជានាពេលអនាគត?

ជំនាញវិស្វកម្មគ្រប់គ្រងគ្រោះមហន្តរាយនេះ គឺជាជំនាញសំខាន់មួយសម្រាប់កម្ពុជា ដែលជាប្រទេសតែងតែជួបប្រទះគ្រោះធម្មជាតិជាញឹកញាប់ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងការប្រប្រួលអាកាសធាតុជាដើម។ យ៉ាងណាមិញ អ្នកជំនាញទាក់ទងខាងវិស័យនេះនៅមានការខ្វះខាតច្រើននៅឡើយ។ ម្យ៉ាងទៀត ក៏មិនទាន់មានសិស្សច្រើនប៉ុន្មានដែរ ដែលបានសិក្សារជំនាញនេះ។ ដូច្នេះ ប្រសិនបើសិស្សប្អូនជំនាន់ក្រោយមានចំណាប់អារម្មណ៍លើជំនាញនេះ ខ្ញុំសូមលើកទឹកចិត្តអោយសិស្សប្អូជ្រើសរើសសិក្សាជំនាញនេះសម្រាប់បន្តការសិក្សា។

តើបច្ចុប្បន្ន  សុផលកំពុងសិក្សា និងស្រាវជ្រាវអំពីប្រធានបទអ្វីដែរ? តើប្រធានបទនេះមានសារសំខាន់ដូចម្តេចខ្លះដែរ?

ប្រធានបទដែលខ្ញុំកំពុងសិក្សាស្រាវជ្រាវបច្ចុប្បន្ននេះគឺទាក់ទងទៅនឹងការធ្វើម៉ូដែលគ្រោះទឹកជំនន់ (Flood-Inundation Modeling) ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណប ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដី នៅផ្ទៃអាងរងទឹកភ្លៀងទន្លេមេគង្គ។ ការស្រាវជ្រាវនេះអាចអោយយើង ដឹងអំពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ ដែលតែងតែកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ នៅប្រទេសតាមទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា និងនៅតំបន់ទំនាបលិចទឹកទន្លេសាបបើនិយាយដោយឡែក។ សំខាន់ជាងនេះទៅទៀត យើងអាចធ្វើការព្យាករណ៍ពីទឹកជំនន់ និងផលប៉ះពាល់របស់វាដែលអាចនឹងកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងមប្រើបម្រាស់ដី។

Facebook Comments