ខ្ញុំស្លាប់ក៏មិនដូរឈ្មោះ រស់ក៏មិនដូរសញ្ជាតិដែរ

ពេលដែលអ្នកស្រលាញ់ និងចង់ជួយជ្រោមជ្រែងខ្ញុំនៅបរទេស ព្យាយាមឱ្យយោបល់ និងអូសទាញខ្ញុំឲ្យទៅរស់នៅ និងសិក្សានៅក្រៅប្រទេស ពួកគេនិយាយថា អធិការជាក្មេងម្នាក់ដែលមានទេពកោសល្យ និងឆន្ទៈកែប្រែសង្គម ឬសហគមន៍ យកល្អទៅរស់នៅ យកសញ្ជាតិអាមេរិច អូស្រ្តាលី ឬជប៉ុនអីទៅ គេត្រូវការមនុស្សដូចជាអធិការចឹង។

ខ្ញុំសើចហើយឆ្លើយតបវិញថា ប្រទេសរបស់អ្នកត្រូវការខ្ញុំ ចុះកម្ពុជាមិនត្រូវការខ្ញុំទេឬ? ខ្ញុំកើតជាកូនខ្មែរ ខ្ញុំយកសញ្ជាតិខ្មែរតែមួយគត់ ទោះទៅដល់ទីក៏ខ្ញុំមានសញ្ជាតិខ្មែរដែរ ខ្ញុំស្លាប់ក៏មិនដូរឈ្មោះ រស់ក៏មិនដូរសញ្ជាតិដែរ ព្រោះខ្ញុំជាកូនខ្មែរ ខ្ញុំមានទំនួលខុសត្រូវចំពោះ គ្រួសារ ជាតិ មាតុភូមិ ទោះបើខ្ញុំមិនមានមោទនភាពភាពជ្រុលចំពោះកេរិ៍្តតំណែលពីដូនតា ដូចយុវជនធម្មតាមួយចំនួននោះ តែខ្ញុំបានសន្យានឹងខ្លួនឯងថាចង់ធ្វើជាផ្នែកមួយដើម្បីបង្កើតតម្លៃឱ្យកូនខ្មែរជំនាន់ក្រោយ ដោយមិនមានភាពត្រេកត្រអាលជាមួយកេរិ៍្តដូនតាហួសហេតុ ហើយភ្លេចបង្កើតកេរិ៍្តនោះឡើយ ដើម្បីឱ្យពួកគេមានអំនួត ដើរពើងទ្រូង មានមោទនភាពពិតប្រាកដ ហើយគ្មានបរទេសណានិយាយថា ទីណាមានជនជាតិខ្មែរ ទីនោះមានសំរាមពាសវាលពាសកាលទៀតទេ។ អ្នកអាចមើលងាយជាតិសាសន៍ខ្ញុំនាពេលបច្ចុប្បន្ន តែថ្ងៃអនាគតជនជាតិអ្នកត្រូវតម្រង់ជួយយកវីសា (Visa) កម្ពុជា។

ខ្ញុំបានបញ្ចប់ចម្លើយត្រឹមឃ្លាមួយថា 《ខ្ញុំសុខចិត្តធ្វើជាក្មេងដើររើសសំរាមម្នាក់ ប្រសើរជាងធ្វើជាមនុស្សដែលមានចំណេះដឹងខ្ពស់ ហើយគេចវេស រត់យករួចខ្លួន ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនជាដាច់ខាត។ ពួកគេញញឹមហើយនិយាយថា ខ្ញុំមើលមនុស្សមិនខុសមែន ហើយអធិការប្រាកដជាអាចធ្វើបាន ខ្ញុំរីករាយជួយអ្នកជានិច្ច នៅពេលអ្នកត្រូវការជំនួយពីខ្ញុំ។

វាមិនមែនជាមែនខ្ញុំចង់អួតអាងស្អីទេ ខ្ញុំគ្រាន់ចង់បង្ហាញអ្នកទាំងអស់គ្នាថា ពេលអ្នកទៅថតរូបសប្បាយនៅប្រទេសគេ ថែមទាំងមានមោទនភាពជំនួសប្រជាជាតិគេ តែភ្លេចរឿងមួយថាខ្លួនត្រូវតែធ្វើឲ្យក្មេងៗជំនាន់ក្រោយរបស់កម្ពុជាមានមោទនភាពពិតប្រាកដបាននោះ។ ខ្ញុំកកឈាមជាប់ក្នុងចិត្តរហូតដល់សព្វថ្ងៃដោយសារ ពេលខ្ញុំចូលវាយត្រាឆ្លងដែនពីព្រុំដែនម៉ាឡេស៊ី ចូលដីសិង្ហបូរី ស្រាប់តែថតរូបនៅទីនោះដែលគេហាមឃាត់ ហើយស្រាប់តែមានប៉ូលីសពីរនាក់មាឌធំៗ នៅសង្ខាងខ្ញុំ ហើយសួរខ្ញុំថា《Are you Cambodian?》ហើយខ្ញុំឆ្លើយថាមែនហើយ តែហេតុអ្វីបានជាអ្នកដឹង? គាត់ឆ្លើយថាកន្លែងនេះមិនអនុញ្ញាតឱ្យថតរូបទេត្រូវលុបរូបចេញ ហើយខ្ញុំដឹងថាអ្នកជាខ្មែរដោយសារអ្នកថតរូបខុសវិន័យនៅទីនេះភាគច្រើនជាជនជាតិខ្មែរ។ ចាប់ពីពេលនោះមកខ្ញុំទោះបីមានការលំបាកក្នុងជីវិតច្រើន ធ្លាប់ចង់សម្លាប់ខ្លួនដើម្បីគេចវេសពីបញ្ហា ក៏គ្មានសិទ្ធដែរ ព្រោះកម្ពុជាមាតុភូមិខ្ញុំ ត្រូវការខ្ញុំ។ តោះចូលរួមចំណែកដោះស្រាយបញ្ហាក្នុងសង្គមបន្តិចៗ តាមលទ្ធភាព កុំនាំគ្នារត់ចោលទំនួលខុសត្រូវជាកូនខ្មែរអី។

សរសេរដោយ

ភួង អធិការ

ខែឧសភា ឆ្នាំ ២០១៨

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

Facebook Comments