រៀនដើម្បីពិន្ទុ ឬ រៀនដើម្បីចេះ?

ពេលដែលយើងនិយាយទៅដល់ការសិក្សានៅវិទ្យាល័យ យើងតែងនឹក ឃើញ ទៅដល់ការសិក្សាមុខវិជ្ជាជាច្រើន ដែលមុខវិជ្ជាខ្លះយើងចូលចិត្តរៀន និងមុខវិជ្ជាខ្លះទៀតយើងមិនសូវជាចូលចិត្ត។ ជាពិសេសយើងក៏នឹកឃើញទៅ ដល់ការប្រឡងជារៀងរាល់ខែរបស់យើង ដែលផ្សារភ្ជាប់ទៅនឹងការធ្លាក់-ជាប់ និងការប្រកួតប្រជែងពិន្ទុគ្នាដើម្បីទទួលបានចំណាត់ថ្នាក់ល្អ។

យ៉ាងណាមិញ ការប្រឡងដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែនោះ គឺធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់នូវកម្រិតនៃការយល់ដឹង និងចំណេះ ដែល យើងទទួលបានពីមេរៀននៅរាល់ខែនីមួយៗនោះតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ សិស្សមួយចំនួនបែរជាយល់ច្រឡំថា ការប្រឡងគឺធ្វើ សម្រាប់តែឲ្យគ្រូយក ទៅដាក់ពិន្ទុ ដើម្បីរៀបតាមលំដាប់ជាចំណាត់ថ្នាក់។ តាមពិតទៅ ដូចគ្នាទៅនឹង ការប្រឡងដែរ ពិន្ទុគ្រាន់តែជារង្វាស់ឯកតា ឬទំហំតួលេខមួយ ដែលត្រូវបានបង្កើត ឡើងដោយប្រព័ន្ធអប់រំ សម្រាប់ជាសន្ទស្សន៍ ចង្អុលបង្ហាញពី កម្រិតនៃ ចំណេះដឹង តែប៉ុណ្ណោះ។ ក្នុងន័យនេះគឺគេមិនមែនឲ្យតម្លៃទៅលើពិន្ទុទេ គឺគេឲ្យតម្លៃ ទៅលើ ចំណេះពិតប្រាកដ ដែលយើងអាចស្ដែងឲ្យឃើញបានតាមរយៈពិន្ទុ។ ស្របទៅនឹង ប្រសាសន៍របស់បណ្ឌិតសភាចារ្យ ហុង ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ ដែល បណ្ឌិត បានផ្ដាំផ្ញើជារឿយៗថា « អ្នកចេះគឺជាប់ » ឲ្យតែយើងចេះពិតប្រាកដ យើង នឹងទទួលបានពិន្ទុល្អជោគជ័យសាកសមនឹងសមត្ថភាពរបស់យើង។ បានន័យថា ការប្រឡងគឺជា ការចម្រាញ់ស្វែងរក អ្នកមានចំណេះ មានសមត្ថភាពពិតប្រាកដ ដែលជាធនធានដ៏មានតម្លៃពុំអាចខ្វះបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យជឿនលឿនរីកចម្រើន។ ដូចនេះហើយ យើងឃើញថា ចំណេះពិតប្រាកដ ពិត ជា មានតម្លៃ ថ្លៃហួសពិន្ទុដែល គ្រាន់តែជាតួលេខនៅលើក្រដាស។

រៀនដើម្បីពិន្ទុ ឬរៀនដើម្បីចេះ? យើងគ្រប់គ្នាសុទ្ធតែចង់ចេះ សុទ្ធតែរៀន ដើម្បី ចេះ តែនៅតែមានសិស្សជាច្រើនងុបងុលនឹងពិន្ទុ ចង់បានពិន្ទុ ច្រើនជាង ចំណេះ ពិតប្រាកដ ដោយបានខិតខំប្រើវិធីមិនគប្បីគ្រប់បែបយ៉ាងដើម្បីបាន ពិន្ទុ ច្រើន នៅពេលប្រឡង។ អ្នកខ្លះខ្លាចប្រឡងចាញ់គេ មិនអាចយកបានចំណាត់ថ្នាក់ ខ្ពស់ ជាងគេ ក៏រត់ទៅរៀនគួរបន្ថែមមិនត្រឹមដើម្បីបានរៀនបន្ថែម តែគឺដើម្បីដឹង វិញ្ញាសាប្រឡងដែលគ្រូខ្លះបង្រៀននៅម៉ោងគួរ និងដើម្បីយកចិត្តគ្រូ សុំឲ្យគ្រូ ដាក់ ពិន្ទុឲ្យគេ ច្រើន ដោយហេតុតែគេបានរៀនគួរដោយបង់ថ្លៃជាមួយ។ អ្នកខ្លះ ពេល រៀន មិនដែលប៉ះសៀវភៅ ដល់ពេលម៉ោងប្រឡងបែរខំ មកបើកសៀវភៅ រក កន្លែង ចម្លង ខំចម្លងយកពិន្ទុឲ្យជាប់នឹងគេ។ អ្នកខ្លះទៀតពូកែរៀនដែរ តែរៀន មិនសូវចេះមិនសូវចាំ ឲ្យតែដល់ពេលប្រឡងប្រចាំខែម្តងៗ ប្រមែប្រមូល សំណៅ ឯកសារ កំណត់ត្រាដែលមានមកដាក់ក្រោមតុ ទុកការពារពេលភ្លេច យក ចេញ មកចម្លង។ ចំពេលប៉ះម៉ោងគ្រូតឹងរឹង ប្រមូលព្រីយ៉ុងទៅអស់ បែរប្តូរយុទ្ធសាស្ត្រ កេះសួរ ឬក៏សុំចម្លងពីមិត្តភ័ក្តអង្គុយជុំវិញដែលចេះជាង។ នៅពេលយើង ចាប់ផ្តើម ប្រើគ្រប់វិធីដើម្បីយកពិន្ទុ ការប្រឡងលែងវាស់ ស្ទង់ឃើញចំណេះដែល សិស្ស មាន ពិត ប្រាកដ ហើយអ្នកដែលស្រលាញ់ពិន្ទុ បែរជាបានចំណាត់ថ្នាក់ល្អ ជាងអ្នក ស្រលាញ់ ចំណេះ។ នៅ ពេលដែលយើង ស្រលាញ់ពិន្ទុជាងចំណេះ ពិន្ទុបានជំនួស ឲ្យ ចំណេះក្លាយជាគោលដៅនៃការរៀនសូត្រ យើងក៏ចាប់ផ្តើមធ្វើខុសបន្តិចម្តងៗ ពិសេសគឺទម្លាប់ពឹងផ្អែកលើការចម្លងនៅរាល់ពេលប្រឡងប្រចាំខែ ហើយដល់ ពេល ប្រឡងថ្នាក់ជាតិតាំងភ័យខ្លាចស្លន់ស្លោរ សរសេរ មិនចេញដោយសារ មិន ចេះ។

មុននឹងសម្រចចិត្តថានឹងត្រូវធ្វើអ្វីមួយ យើងគួរគប្បីត្រូវដឹងខ្លួនឯងជាមុន សិនថា យើងកំពុងតែធ្វើអ្វី ហើយចង់បានអ្វីពីការធ្វើនោះ? វាត្រឹមត្រូវដែរឬទេ? វាមិនអាក្រក់នោះទេដែលយើង ប្រើសំណួរនេះសួរខ្លួនឯង ពិសេសគឺនៅ ពេល យើង លួចចម្លង នៅម៉ោងប្រឡង យើងត្រូវដឹងថា ពិន្ទុដែលបានពីការចម្លងនោះ មាន ន័យ មានកិត្តិយសដែរឬទេ? ហើយការចម្លងនោះជាទង្វើ ត្រឹមត្រូវដែល យើងគួរ ធ្វើឬទេ? យើងក៏ត្រូវចេះទទួលស្គាល់ការពិតផងដែរ បើវិញ្ញាសារប្រឡង នោះ យើងមិនចេះហើយ កុំទៅចម្លងទៀត។ យើងត្រូវធ្វើបានប៉ុនណា យកប៉ុន ហ្នឹង កុំសោះ ឡើយយកចម្លើយបានពីការលួចចម្លងទៅឲ្យគ្រូកែដាក់ពិន្ទុ វាមិនខុស អីពីការមិនចេះធ្វើចេះនោះទេ ធ្វើបែបនេះកាន់តែធ្វើឲ្យយើងមិនចេះថែមទៀត ព្រោះក្រោយ ពីការប្រឡង លោកគ្រូអ្នកគ្រូឃើញយើងធ្វើបានពិន្ទុល្អ ហើយក៏ មិន បានជួយបង្រៀនពន្យល់បន្ថែមទៅលើចំណុចដែលយើងមិនចេះច្បាស់នោះ។ នៅពេល ប្រឡង បើយើងមិនចេះ យើងរឹតតែត្រូវតាំងចិត្តឲ្យមាំ ហើយ ត្រូវគិត ក្នុង ចិត្តថា៖ «សុខចិត្តទទួលស្គាល់ថាខ្លួនឯងមិនចេះ តែមិន ទទួលយក ពិន្ទុដែល បានពី ការចម្លង»។ លុះដល់ប្រឡងចប់ទើបយើងមានកម្លាំងចិត្ត ខិតខំមើលឡើង វិញ នូវ មេរៀន និងចំណុចទាំងឡាយដែលយើងមិនចេះ ពេល ប្រឡង នេះទើបអាចឲ្យ យើង ទទួលបាន នូវចំណេះពិតប្រាកដបាន។

ការតាំងចិត្តល្អ មិនអាចខ្វះនូវការអនុវត្តបានទេ ដោយយើងត្រូវចាប់ផ្ដើម ពីម៉ោងនេះ ថ្ងៃនេះ ខែនេះតរៀងទៅ។ បញ្ឈប់ការចម្លងគ្រប់រូបភាព នៅម៉ោង ប្រឡង ហើយប្រែក្លាយការ”ចម្លង”ប្រចាំខែ មកជាការ ប្រឡងប្រចាំខែ ដ៏ពិតប្រាកដ វិញ។ ចាប់ផ្ដើមរៀនសូត្រយកចំណេះវិជ្ជាពិតប្រាកដ ទៅបញ្ចេញសមត្ថភាព ក្នុងការ ប្រឡងវិញ ដើម្បីទទួលបានពិន្ទុល្អពិតប្រាកដ សម្រាប់ជាកិត្តិយសខ្លួនឯង លោកគ្រូអ្នកគ្រូ ឪពុកម្តាយ ហើយចំណេះពិតប្រាកដទាំងនោះទៀតសោត នឹងជួយជាប្រយោជន៍ដល់ខ្លួនយើង គ្រួសារនិងសង្គមជាតិយើងទៅ ដល់អនាគតល្អ រុងរឿងមួយជាក់ជាមិនខាន៕

អត្ថបទនេះត្រូវបានស្រាវជ្រាវ និងចងក្រងដោយក្រុម D៖

Team members:

Ms. Rin Sovuthiny
Mr. Panharith Long
Mr. Leev Meng Hak
Mr. Yin sophearith
Ms. Tang Sivgech
Mr. SHIM Teukchhou
Mr. Kea Ouseng

Team Leaders:

Mr. Kou Chanmony
Mr. Leng Vila

Supervisor: Mr. Ty Limkosal

Facebook Comments