ការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី និងកំណាព្យពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី៩ ឆ្នាំ២០១៨

គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកនិពន្ធខ្មែរ សូមក្រាបបង្គំទូល និងជម្រាបជូនដំណឹងដល់សមាជិក សមាជិកានៃសមាគមអ្នកនិពន្ធខ្មែរ និងសាធារណជន មេត្តាជ្រាបថា ក្នុងគោលបំណងថែរក្សា លើកស្ទួយតម្លៃអក្សរសិល្ប៍ជាតិ និងរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមគង្គ (ចិន ភូមា ថៃ ឡាវ កម្ពុជា និង វៀតណាម) សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធស្នាដៃ រឿងខ្លី និង កំណាព្យ ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី៩ ឆ្នាំ២០១៨ ដែលនឹងប្រារព្ធនៅប្រទេសវៀតណាម។

លក្ខខណ្ឌ

  • ប្រធានបទ“ជីវិត និងនិរន្តរភាពទន្លេមេគង្គ” សាច់រឿងប្រកបដោយទស្សនវិជ្ជាជីវិត និងសិល្ប៍សោភ័ណ។
  • អត្ថបទស្នាដៃត្រូវវាយដោយកុំព្យូទ័រ មិនលើសពី២០ទំព័រ ក្រដាស A4 ប្រើ font Khmer OS Siemreap ទំហំ11 pt.
  • បេក្ខជនត្រូវថតចម្លងស្នាដៃដាក់ប្រកួតចំនួន៥ច្បាប់។ (ដាក់ក្នុងស្រោមសំបុត្រ ដោយមានគំរូក្របភ្ជាប់ជាមួយលិខិត)
  • ជាប្រភេទស្នាដៃថ្មីមិនទាន់បោះពុម្ពផ្សាយឬទទួលជ័យលាភីរង្វាន់ផ្សេងៗ។
  • ស្នាដៃដែលគោរពតាមលក្ខខណ្ឌទើបជ្រើសរើសមកវាយតម្លៃដាក់ពិន្ទុ។

ជ័យលាភីពានរង្វាន់

  • ជ័យលាភី២រូប(ចំណាត់ថ្នាក់លេខ១ រឿងខ្លី និងកំណាព្យ) នឹងត្រូវទៅទទួលពានរង្វាន់ក្នុងមហោស្រពអក្សរសិល្ប៍ទន្លេមេគង្គលើកទី៩ នៅប្រទេសវៀតណាម។ ការស្នាក់នៅ ការហូបចុក ក្នុងពេលប្រារព្ធកម្មវិធី ជាបន្ទុកភាគីម្ចាស់ផ្ទះ លើកលែងសោហ៊ុយធ្វើដំណើរអន្តរជាតិ ជាបន្ទុករបស់ជ័យលាភី។
  • ជ័យលាភីនឹងទទួលបាន ប្រកាសនីយបត្រ ពានរង្វាន់អក្សរលិល្ប៍ទន្លេមេគង្គ និងអមដោយថវិកា។

អាស្រ័យដូចបានក្រាបបង្គំទូល និងជម្រាបជូនខាងលើ សូមសមាជិក សមាជិកា សាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការតែងនិពន្ធ និងមានបំណងចូលរួមប្រកួតប្រជែង សូមបញ្ជូនស្នាដៃតែងនិពន្ធ មកចូលរួមឱ្យបានមុខថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០ ជាកំណត់។
ទីកន្លែងទទួលស្នាដៃ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី រាជធានីភ្នំពេញ។ សូមទាក់ទងតាមរយៈសារអេឡេចត្រូនិច Email: [email protected] ទូរស័ព្ទ ០៩២ ៧៨ ៨៩ ៩០ / ០១២ ៧៩ ២៩ ៥៩ ឬគេហទំព័រហ្វេសប៊ុក សមាគមអ្នកនិពន្ធខ្មែរ

Facebook Comments