វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កេីងថ្កាន

វប្បធម៌និងអក្សរសាស្ត្រជាតិខ្មែរកំពុងធ្លាក់អន់ថយជាលំដាប់ ស្របពេលដែលវប្បធម៌បរទេសកំពុងតែវាយលុកតាមបែបចិត្តវិទ្យា។ តាំងពីវិស័យភាពយន្តរហូតដល់ភាសានិងការនិយាយស្តី ខ្មែរសម័យថ្មីទទួលវប្បធម៌អ្នកដទៃយ៉ាងគំហុក។

ភាពយន្តខ្មែរនៅមានកំរិតខ្លាំងណាស់បេីប្រៀបធៀបនឹងភាពយន្តរបស់អ្នកជិតខាងយេីង ហើយរឹតតែហៅលែងលឺបេីយកទៅបៀបធៀបជាមួយភាពយន្តរយលានដុល្លាររបស់ប្រទេសលោកខាងលិច តែក៏មិនមែនបានន័យថាយេីងជាមនុស្សខ្មែរគួរតែបណ្តោយខ្លួនអោយលង់ទៅតាមភាពស្រស់ស្អាតរបស់អ្នកដទៃដែរ។

ប្រទេសដែលឆ្លាត ប្រេីវិស័យសិល្បៈនេះហើយជាឧបករណ៍បញ្ជ្រាបវប្បធម៌ខ្លួនទៅជាតិសាសន៍ដទៃ។ តួយ៉ាងដូចជាខ្ញុំនេះជាដេីមដែលមិនដែលមេីលរឿងសៀមសោះ តែបែរជាស្គាល់រឿង បុព្វេសន្និវាស ដែរ ព្រោះកូនខ្មែរផ្សព្វផ្សាយរឿងនេះគ្រប់ទីកន្លែង សូម្បីតែស្ថានីយទូរទស្សន៍មួយក៏មានគំរោងយកមកចាក់ផ្សាយដេីម្បីផលប្រយោជន៍ទីផ្សារ ហើយខ្ញុំផ្ទាល់ដដែលក៏ធ្លាប់ជាក្មេងដែលគាំទ្រសិល្បៈកូរ៉េយ៉ាងងប់ងល់កាលពី ៥ ៦ ឆ្នាំមុន។ ម៉្លោះហើយ គោលបំណងខ្ញុំមិនមែនចង់អោយកូនខ្មែរធ្វើជាកង្កែបក្នុងអណ្តូងមិនមេីលវប្បធម៌របស់គេដទៃថារីកចំរេីនដល់ចំណុចណាហេីយទេ តែសូមកុំអោយអត្តសញ្ញាណគេក្លាយជាអត្តសញ្ញាណខ្លួន។

“មានស្រីក្រៅក៏មានចុះ តែជូតមាត់អោយស្អាត កុំយកជាប់ ហើយអោយតម្លៃភរិយាដូចដេីមទៅ”

ភាសានិងការនិយាយស្តីរបស់បរទេសក៏កំពុងបង្វក់ស្មារតីកូនខ្មែរអោយភ្លេចអក្សរសាស្ត្រជាតិដូចគ្នា។ ខ្មែរអេីយ អក្សរសាស្ត្រខ្លួនសរសេរមិនត្រូវជ្រុងទេ ខុសតាំងតែពី “ដែរ “និង “ដែល” “នៅ” និង “នូវ” ទៅ នេះមិននិយាយពាក្យដែលពិបាកៗជាងនេះផង ប៉ុន្តែអក្សរជាតិគេចេះចំណាប់។ សរសេរខ្មែរក្នុងបណ្តាញសង្គមមិនចង់ទេ ខ្លាចគេថាមិនចេះអង់គ្លេសជ្រៅជ្រះ។ និយាយខ្មែរសុទ្ធខ្លាចមិនឡូយ ទាល់តែនិយាយសៀមខ្លះ កាច់តុងសៀមខ្លះទេីបឡូយ។ ហេតុអ្វី? ខ្មែរមានអក្សរដែលមានរចនាបទស្មុគស្មាញនិងការប្រកបពាក្យដែលមានលក្ខណៈលំបាកបន្តិច ប៉ុន្តែនេះហើយដែលធ្វើឲ្យអក្សរខ្មែរលេចធ្លោខុសពីអក្សរជាតិដទៃ។ សៀម ឡាវ ចម្លងអក្សរខ្មែរទៅ ក្រឡៃអត់ក្បាល អត់ជេីង អត់សក់ គ្មានសោភ័ណភាពយកមកប្រៀបធៀបនឹងអក្សរខ្មែរបានទេ អក្សរឡាតាំងទោះស្រួលសរសេរនិងប្រកបក៏មិនអស្ចារ្យដូចអក្សរខ្មែរដែរ ហេតុអ្វីអ្នកមិនអោយតម្លៃ មិនខំសិក្សា?

ជាតិអ្នកមានអរិយធម៌ថ្លៃថ្លា រហូតដល់ប្រទេសជិតខាងដែលយកទឹកដីអ្នក យកទាំងវប្បធម៌អ្នកទៀតទៅក្រឡៃធ្វើជារបស់គេ ហេីយវប្បធម៌អ្នកនេះហេីយដែលធ្វើឲ្យប្រទេសគេរីកចំរេីន ស្របពេលដែលវប្បធម៌ដេីមសាបរលាបម្តងបន្តិចៗ។ ពីមួយសម័យកាលទៅមួយសម័យកាល សីលធម៌មនុស្សកាន់តែធ្លាក់ចុះ បូករួមនឹងការបញ្ជ្រាបវប្បធម៌របស់សាសន៍ដទៃផង អត្តសញ្ញាណខ្មែររងការគំរាមកំហែងយ៉ាងគួរអោយព្រួយបារម្ភ។

កូនខ្មែរត្រូវតែចាំថាអ្នកជាអ្នកណា អ្នកកេីតមកមានឈាមខ្មែរ រស់នៅលេីដែនដីមួយនេះ អ្នកគួរតែមានមោទនភាពយ៉ាងណា។ ប្រាកដណាស់ កម្ពុជាបច្ចុប្បន្នមិនដូចកម្ពុជាសម័យមហានគរឡេីយ ទឹកដីគេយកអស់ហើយសល់តែមួយក្រវេចហ្នឹងទេ ហើយអរិយធម៌ក៏មិនរុងរឿងដូចសម័យមុនដែរ។ តែដូចពាក្យគេនិយាយថា “កូនទោះអាក្រក់យ៉ាងណា ក៏នៅតែជាកូន” អញ្ចឹងដែរ ប្រវត្តិសាស្ត្ររបស់ជាតិយេីងប្រៀបដូចជាគ្រាប់ពេជ្រដែលទោះជាពេលនេះស្រអាប់យ៉ាងណា ក៏នៅតែជាពេជ្រ។

សង្គ្រាមវប្បធម៌ជាសង្គ្រាមមួយដែលសាហាវជាងសង្គ្រាមគីមីរឺសង្គ្រាមសព្វាវុធទៅទៀត។ កាលណាមនុស្សភ្លេចអត្តសញ្ញាណខ្លួនហើយ ប្រទេសជាតិមួយនោះនឹងនៅក្រោមអាណានិគមបរទេស គឺអាណានិគមវប្បធម៌និងអរិយធម៌ ដោយមិនចាំបាច់ប្រេីប្រាស់អាវុធ។

ជាថ្មីម្តងទៀត អ្នករីករាយសប្បាយនឹងវប្បធម៌គេទៅចុះ មិនខុសអ្វីទេ តែកុំយកអត្តសញ្ញាណគេមកធ្វើរបស់ខ្លួន កុំបណ្តោយអោយវប្បធម៌គេជ្រាបចូលក្នុងផ្នត់គំនិតរបស់អ្នក ព្រោះអត្តសញ្ញាណជាតិ វប្បធម៌ និងអរិយធម៌របស់អ្នកជាខ្មែរនេះ ថ្លៃថ្លាអស្ចារ្យជាងគេស្រាប់ទៅហើយ គ្មានសាសន៍ណាប្រៀបបានទេ កុំថាឡើយត្រឹមតែសាសន៍ដែលលួចរបស់យេីងគ្រប់សព្វនោះ។

វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កេីងថ្កាន។

អត្ថបទនេះត្រូវបានសរសេរដោយ កញ្ញា Fay ហើយអាឡាដាំងបានទទួលបានការអនុញ្ញាតឲ្យចែកចាយបន្តដោយម្ចាស់អត្ថបទផងដែរ។ សង្ឃឹមថាប្រិយមិត្តអ្នកអាននឹងយកទៅពិចារណាតាមការគួរផងចុះ។

Facebook Comments