ផ្នូររបស់មេទ័ពឆាវឆាវត្រូវបានគេរកឃើញ

ផ្នូររបស់ឆាវឆាវ (曹操, 155 – 220 មុនគ.ស) ដែលជាធ្លាប់ជាមេទ័ព និងអ្នកនយោបាយដ៏ល្បី​ល្បាញ​ក្នុង​ប្រវត្ថិ​សាស្ត្រចិន និងជាអ្នកអក្សរសាស្ត្រក្នុងសម័យកាលនគរទាំង៣ (The Three Kingdoms ឬសាមកុក) ដែលមានចំណាស់ជិត​២ពាន់​ឆ្នាំ​ត្រូវ​បានគេរកឃើញនៅក្នុងក្រុង Anyang នៃខេត្ត Henan។ នេះបើយោងទៅតាមកាសែត Liberty Times។

វិទ្យាស្ថានវប្បធម៌បុរាណ និងបុរាណវិទ្យានៃខេត្ត Henan បានរាយការណ៍ពីរបកគំហើញ​នៃ​សាកសព​បី​នាក់​នៅក្នុងផ្នូរបុរាណនោះ។ ក្រោយពីការវាយតម្លៃរបស់អ្នកជំនាញ ម្នាក់ក្នុងចំណោម​សាក​សព​ទាំង​៣​នោះ​ត្រូវបានគេជឿថាអាចជាសាកសពរបស់ឆាវឆាវ។ ហើយសាកសព២ផ្សេង​ទៀតមិនទាន់ត្រូវ​បាន​កំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ វាត្រូវបានគេសង្ស័យថាជាសាកសពរបស់ស្ដ្រី ដែល​មួយមានវ័យប្រហែល៥០ឆ្នាំ ខណៈពេលដែលមួយទៀតមានវ័យប្រហែលជា២០ឆ្នាំ គិតត្រឹម​ពេល​ដែលពួកគេស្លាប់។

ក្រុមអ្នកបុរាណវិទូបាននិយាយថាបរិវេណខាងក្រៅ និងបរិវេណស្នូលនៃផ្នូរត្រូវបានបិទ​ជិត​ដោយ​សំណង់ និងដើមឈើដើម្បីបង្កាការរកឃើញ និងលួចរបស់មានតម្លៃចេញទៅ។ ប៉ុន្តែ បើមើលពីទំហំ និងវត្ថុបុរាណដែលគេបានរកឃើញនៅទីនោះ ក្រុមអ្នកបុរាណវិទូទាំងអស់ជឿថា ឆាវឆាវ​ត្រូវបាន​មនុស្ស​សម័យនោះកប់ក្នុងឋានៈកំរិតអធិរាជ។

ប៉ុន្តែ គ្មានឯកសារណាមួយដែលពាក់ព័ន្ធនឹងការសាងសង់ផ្នូរនេះ ត្រូវបានរកឃើញនោះទេ។ ក្នុងកំណត់ត្រាមិនជាក់លាក់មួយក្នុងប្រវត្តិសាស្ត្រចិនថា ឆាវ ពិ ដែលជាកូនប្រុសរបស់ឆាឆាវ បានចេញរាជបញ្ជាមួយអោយកម្ទេចរាល់ឯកសារដែលពាក់ព័ន្ធនឹងផ្នូររបស់បិតា ដែលនេះជាបំណងរបស់ឆាវឆាវដើម្បីជៀសវាងការដឹងលម្អិតពីសំណង់ផ្នូរ និងដើម្បីលាក់បាំងទីតាំងនៃផ្នូរនោះ។

បើទោះបីជាសាកសពស្ត្រីទាំង២រូបមិនទាន់ត្រូវបានកំណត់អត្តសញ្ញណក៏ដោយ ក្រុមបុរាណវិទូបានដាក់ការសង្ស័យថា សាកសពដែលមានវ័យជាង៥០ឆ្នាំអាចជាម្ដាយរបស់កូនច្បងឆាវឆាវ ឈ្មោះឆាវអាន ខណៈពេលដែលសាកសពមួយទៀតដែលមានវ័យជាង២០ឆ្នាំគឺជាម្ដាយរបស់កូនប្រុសទី២ ឈ្មោះឆាវពិ ដែលជាអធិរាជដំបូងគេនៃរជ្ជកាល Cao Wei។

ក្រៅពីនោះ ក្រុមអ្នកបុរាណវិទូក៏បានរកឃើញផ្នូរមួយទៀតដែលដែលនៅជិតនឹងផ្នូរឆាវឆាវដែលត្រូវបានសាងសង់ឡើងក្នុងពេលតែមួយ។ ក្នុងផ្នូរនោះ គេឃើញមានតែសម្លៀកបំពាក់ប៉ុណ្ណោះ ពោលគឺគ្មានសាកសពទេ។ ក្រុមអ្នកជំនាញដាក់ការសង្ស័យថាផ្នូរនោះគឺជារបស់ឆាវអាន ដែលជាបងប្រុងបង្កើតរបស់ឆាវពិ។ ឆាវអានប្រហែលជាស្លាប់ក្នុងសមរភូមិ ហើយរកសាកសពមិនឃើញ។ ដូច្នេះ ឆាវពិបានផ្ដល់ក្ដីគោរពដល់ពលីកម្មរបស់បងប្រុសគាត់ដោយការបញ្ចុះ (កប់) សម្លៀកបំពាក់របស់ឆាវអាននៅក្នុងផ្នូរនោះ៕

Facebook Comments