មច្ចុរាជតាមដងផ្លូវ

ខ្ញុំមានសេចក្តីតក់ស្លុតជាខ្លាំងនៅពេលណាខ្ញុំបើកបណ្តាញសង្គមហ្វេសប៊ុកម្តងៗបានឃើញពត៌មានគ្រោះថ្នាក់ចរាចរណ៍ខ្លះដាច់ក្បាលដាច់ខ្លួន ចោរឆក់កាបូបដួលស្លាប់ក្នុងថ្លុកឈាមពាសពេញផ្លូវ បើកបរបញ្ច្រាស់ទិស បើកបរក្នុងស្ថានភាពស្រវឹង បើកឡានដេញវាយគ្នាដូចក្នុងរឿងភាគហុងកុង។

វាជារឿងដ៏គួរឲ្យសង្វេគជាខ្លាំងដែលយុវជនយុវនារីរបស់យើងដែលធ្វើដំណើរតាមដងផ្លូវមកត្រូវរងគ្រោះដោយសារមច្ចុរាជឥតប្រណីបែបនេះ។ តាមពិតទៅ សុវត្ថិភាពផ្លូវថ្នល់គួរត្រូវបានធានាដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបមានសន្តិភាពផ្លូវចិត្តនៅពេលចេញចរយាត្រាជិតឆ្ងាយម្តងៗ។ ជាអកុសល មានជនរងគ្រោះជាច្រើនបានស្លាប់បាត់បង់ជីវិត ខ្លះពិការអស់មួយជីវិតដោយសារតែយមរាជតាមផ្លូវថ្នល់នេះឯង។ យើងសង្កេតឃើញថា បច្ចុប្បន្នមានការរឹតបណ្ដឹងច្បាប់ចរាចរណ៍ ដូចជា បង្កើនការយាមល្បាតតាមដងផ្លូវ ពីសំណាក់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ការតម្លើងភ្លើងសញ្ញាចរាចរណ៍ថ្មីតាមស្ដុបនីមួយៗ ការគូសគំនូសខណ្ឌចែកផ្លូវជាដើម ដើម្បីរក្សាសុវត្ថិភាព និងបង្កភាពងាយស្រួលជូនអ្នកដំណើរ។ ស្របពេលដែលការរឹតបណ្តឹងច្បាប់មានការកើនឡើង ករណីដូចជា ការមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់នៅតែកើតមាន។ នេះក៏ជាហេតុដែលបង្កឲ្យអ្នកបើកបរដែលមិនគោរពច្បាប់ភាគច្រើន អាចជួបគ្រោះថ្នាក់ដល់ខ្ឡួនឯង​ និងអ្នកដទៃដោយសារ​ការគេចវេសពីសមត្ថកិច្ចដែលឈរត្រួតពិនិត្យ​ទៅលើអ្នកបើកបរតាមដងផ្លូវ។

បើតាមការចេញផ្សាយរបស់កាសែតភ្នំពេញបុស្តិ័ និងកម្ពុជាថ្មីបានឲ្យដឹងថារយៈពេលបួនឆ្នាំចុងក្រោយបានករណីគ្រោះថ្នាក់ចរាចរណ៍លើសពី ៣០០០ករណីក្នុងមួយឆ្នាំៗដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ផងដែរ (រូបភាពទី១) ដែលនេះជាអត្រាគ្រោះថ្នាក់ដល់ខ្ពស់បំផុតមួយលើពិភពលោក។​  បើតាមការចុះផ្សាយរបស់វីអូអេ ដោយស្រង់យកលទ្ធផលសិក្សារបស់ Handicap International ក្នុងឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យរាជរដ្ឋាភិបាលកម្ពុជាខាតបង់ ៣៣៧ លានដុល្លាក្នុងឆ្នាំនោះ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។

រូបភាពទី១ របាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែរកម្ពុជាថ្មី និង B) ភ្នំពេញបុស្តិ៍។

មានមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនដូចជា ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការបើកប្រជែង បើកបរក្នុងស្ថានភាពស្រវឹង បត់មិនប្រយ័ត្ន បញ្ហាសុខភាព កត្តាយានយន្ត កត្តាផ្លូវ និងកត្តាផ្សេងៗជាច្រើនទៀត (រូបភាពទី ២)។

រូបភាពទី ២ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ទិន្នន័យដកស្រង់ពី A) កាសែតកម្ពុជាថ្មី។

គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈ ហើយត្រូវចំណាយលើការព្យាបាលផ្សេងៗទៀតផង។​បើជិះម៉ូតូ សូមពាក់មួកសុវត្ថិភាព មើលឆ្វេងស្តាំមុននឹងបត់ កុំជិះទន្ទឹមគ្នាដែលនាំឲ្យប៉ះដៃចង្កូតគ្នាដួល ហើយបើសិនជាអាចចូរប្រយ័ត្នប្រយែងបើមានកាបូបយួរដៃ ឬពាក់គ្រឿងអលង្ការ។ ចំពោះអ្នកជិះរថយន្ត ឬរឺម៉កកុំអាងខ្លួនធំមិនគិតពីអ្នកដទៃ កុំបើកបរក្នុងស្ថានភាពស្រវឹង។ ដូច្នេះហើយ សូមបងប្អូនមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ ហើយសូមបើកបរដោយមានទំនួលខុសត្រូវ ចៀសវាងបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកដទៃដែលមិនអ្វីសោះនោះទទួលនូវផលលំបាកដោយសារយើងផងដែរ។

អត្ថបទដោយ៖

លោក  អ៊ុក សុវណ្ណារ៉ា, និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ  (TIT)

កញ្ញា ពុធ សម្ផស្សចរិយា, និស្សិតវិទ្យាស្ថានភាសាបរទេស (IFL)

ឯកសារយោង

A. http://kampucheathmey.com/kpt/?p=120579

B. https://www.phnompenhpost.com/national/nearly-1800-die-roads-2017

C. https://www.voanews.com/a/traffic-accidents-are-leading-cause-of-death-in-cambodia/3403777.html

Facebook Comments