តោះចូលរួម៖ មហោស្រពអាស៊ានបូកបីឆ្នាំ២០១៨នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បន្ទាប់ពីទទួល​បានជោគជ័យក្នុងការរៀបចំមហោស្រពអាស៊ានបូកបីឆ្នាំ២០១៧ (ASEAN Plus Three Festival 2017)  ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី “មហោស្រពអាស៊ានបូកបី” (ASEAN Plus Three Festival) ដែលនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨:00 ព្រឹក ដល់ ០៦:00 ល្ងាច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន ​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានទូតនៃប្រទេសជប៉ុន ចិន និងកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនិស្សិតសរុបប្រមាណជាង ,០០០នាក់។

មហោស្រពអាស៊ានបូកបី មានគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូពិភាក្សាក្នុងតំបន់មានដូចជាប្រទេសចិន ជប៉ុន​ និងកូរ៉េខាងត្បូង។ មហោស្រពនេះក៏នឹងបង្ហាញពីសក្តានុពលទេសចរណ៍ និងភាពសម្បូរបែបនៃ​វប្បធម៌របស់ប្រទេសជាសមាជិកអាស៊ានបូកបី ក៏ដូចជាជំរុញសក្តានុពលនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និង   កសាងទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សម្រាប់តំបន់នាពេលអនាគត។

លក្ខណៈពិសេសនៃមហោស្រពអាស៊ានបូកបីឆ្នាំនេះមានដូចជា៖ ១.ស្តង់ពិពរណ៌អំពីប្រទេសនីមួយៗ​ ស្តីអំពីប្រជាជន សង្គម សេដ្ឋកិច្ច និងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអាស៊ានបូកបី ២.ពិពរណ៌ម្ហូបអាហារជាតិ ៣.ពិពរណ៌វត្ថុអនុស្សាវរីយ៍ ៤. ល្បែងប្រពៃណី ៥.ការបញ្ចាំងវីដេអូឯកសារអំពីប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ថ្មីៗ និងវិស័យទេសចរណ៍ ៦.ការសម្តែងសិល្បៈប្រពៃណី និង ៧.ស្តង់សំនួរកំសាន្តអាស៊ានបូកបី។

សេចក្តីដូចបានជម្រាបជូនខាងលើ យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញ​អ្នកសារពត៌មានទាំងអស់ដែលមានចំណាប់អារម្មណ៍ ចូលរួមយកពត៌មានក្នុងកម្មវិធីនេះតាមការគួរ។

​            សម្រាប់​ពត៌មានបន្ថែម សូមទាក់ទង កញ្ញា ជរ ស៊ាវអ៊ីង ប្រធានក្រុមផ្សព្វផ្សាយ និងព័តមាននៃ​មហោស្រពអាស៊ានបូកបីតាម​រយៈ​លេខទូរស័ព្ទ៖ ០១៧ ៥៧៨ ៦០០  ឬ E-mail: [email protected]

 

Facebook Comments