ការកែប្រែនូវមុខមាត់ថ្មីនៃសាលាបឋមសិក្សាមួយនៅខេត្តមណ្ឌលគិរី

គម្រោងទំនួលខុសត្រូវសង្គមក្រោមប្រធានបទ “បរិវេណសាលាបៃតង សិស្សមានអនាម័យស្អាត” ត្រូវ​បាន​រៀបចំឡើងដោយសាស្ត្រាចារ្យនិងក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកគ្រប់គ្រងពាណិជ្ជ​កម្ម​អន្តរជាតិឆ្នាំទី៤ជំនាន់ទី១។ ក្នុងគម្រោងនេះផងដែរគឺផ្ដោតសំខាន់ទៅលើការគាំពារ​អនាម័យរបស់​សិស្សា​​នុសិស្ស និងប្រែក្លាយបរិវេណទីធ្លាសាលាឲ្យមានពណ៌បៃតងដោយផ្អែកលើសកម្មភាពដូចជា៖ ការ​សាងសង់នូវកន្លែងលាងដៃ សាងសង់ និងជួសជុលថ្មីនូវបង្គន់អនាម័យ ការលាបពណ៌អណ្តូងទឹក ការសាងសង់ឡដុតសំរាម ការបង្កើតនូវសួនបន្លែធម្មជាតិ ការដាំកូនឈើ ការចែកសំភារៈសិក្សា ក៏ដូចជាការបង្រៀនកុមារពីអនាម័យ ព្រមទាំងការជួសជុលនិងលាបពណ៌អគារឲ្យមានសភាពថ្មីផងដែរ -ល-។

ហើយគម្រោងនេះបង្កើតឡើងក្នុងគោលបំណងសំខាន់ចំនួនបីគឺ

  • គោលបំណងទី១៖ ធ្វើឡើងដើម្បីបណ្តុះគំនិតនិងលើកទឹកចិត្តនិស្សិតក្នុងនាម​ជាពាណិជ្ជករ​ម្ចាស់​​អាជីវកម្ម​ រឺអ្នកគ្រប់គ្រងនាថ្ងៃអនាគតអោយចេះស្រលាញ់បរិស្ថាន និងមានទំនួល​ខុស​ត្រូវ​ក្នុង​សង្គម។
  • គោលបំណងទី២៖ គឺដើម្បីជួយគាំទ្ររាជរដ្ឋាភិបាល ក៍ដូចជាក្រសួងធំៗចំនួនបីមានក្រសួងអប់រំ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ដែលលោកបានជម្រុញ និងលើកទឹកចិត្តអោយចេះ​ស្រលាញ់​និងនាំគ្នា​ថែរក្សាបរិស្ថាន។
  • គោលបំណងទី៣៖ គឺដើម្បីជម្រុញអោយមានការចូលរួមពីសំណាក់បណ្តាស្ថាប័ន រឺក្រុមហ៊ុន​នានា​ដែលមានចំណាប់អារម្មណ៍ក្នុងកម្មវិធីទំនួលខុសត្រូវសង្គមនេះ។

គួររំលឹកផងដែរថាគម្រោងទំនួលខុសត្រូវសង្គម “បរិវេណសាលាបៃតង សិស្សមានអនាម័យស្អាត” បានធ្វើឡើងកាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៨ដោយមានការចូលរួមសហការឧបត្ថម្ភធំដោយ Maxk Group Co.,Ltd និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិ ក្រុមហ៊ុន ROYAL HM TRADING សាលាអាមេរិកាំងហ្គោលឌិនហ្គេត សាលារៀនអន្តរទ្វីបអាមេរិកាំង ហាងមាសអ៊ីហេងនិងសប្បុរជនជាច្រើនរូបទៀត។ មិនត្រឹមតែមានការសហការឧបត្ថម្ភនោះទេ គម្រោង​នេះ​ក៏មាន​ការគាំទ្រពីសមាគមអតីតនិស្សិតកម្ពុជាពីអូស្រ្តាលី សាលាខេត្តកំពង់ស្ពឺ សសយក (តំណាងឲ្យក្រសួងកសិកម្ម) និងបណ្តាប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតផងដែរ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ឬចង់ដឹងព័ត៌មានបន្ថែមក្នុងការជួយដល់សិស្សនិងកុមារក្រីក្រនៅទីនោះ លោកអ្នកអាចទំនាក់ទំនងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Green & Clean Campus។

ឬអាចចុះឈ្មោះ link នេះ https://www.facebook.com/greencleancampus

ខាងក្រោមនេះគឺជាកម្រងរូបភាពដែលក្រុម  Green & Clean Campus បានធ្វើកន្លងមក៖

Facebook Comments