ម៉ម សុខឧស្សាហ៍៖ មករៀននៅប្រទេសចិនមិនមែនជារឿងចៃដន្យ

ថ្ងៃនេះគេហទំព័រអាឡាដាំងនឹងណែនាំយុវតីខ្មែរមួយរូបដែលបានបំពេញបំណងរបស់ខ្លួងក្នុងការទៅសិក្សានៅក្នុងប្រទេសក្នុងក្តីសុបិន្តរបស់នាង។ យុវតីម្នាក់នោះមានឈ្មោះថា ម៉ម សុខឧស្សាហ៍។

ឧស្សាហ៍ ជាអតីតនិស្សិតធុរ:កិច្ចពាណិជ្ជកម្ម(Business Administration)​ ​នៅសាលាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(EFI)​ និង​បា​នបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ (International Relations)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។​ ថ្មីៗនេះ​ ឧស្សាហ៍ ក៏ទើបតែបានបញ្ចប់អនុបណ្ឌិតផ្នែក Social and Cultural Entrepreneurship និងផ្នែក​ Entrepreneurship and Innovation Management  ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលមានកិច្ចសហការជាមួយសកលវិទ្យាល័យ Lyon2 និងសាកលវិទ្យាល័យ Lille 1នៃប្រទេសបារាំង។ សព្វថ្ងៃឧស្សាហ៍ជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនកំពុងសិក្សាអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ (International Trade) នៅសាកលវិទ្យាល័យវិទ្យសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំង (USTB) នៃទីក្រុងប៉េកាំងប្រទេសចិន។

ការចាកចេញពីទឹកដីកំណើតមកបន្តការសិក្សានៅក្រៅប្រទេសតែម្នាក់ឯង បានធ្វើជីវិតឆ្លងកាត់និងទទួលបាននូវបទពិសោធន៍ជាច្រើនដែលខុសឆ្ងាយពីបទពិសោធន៍ចេញទៅក្រៅប្រទេសតាមរយ:ការធ្វើដំណើរកំសាន្ត។ ទន្ទឹមនឹងការចាកចេញពីក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាច្រើនដែលធ្លាប់នៅជុំវិញខ្លួន ក៏មានមនុស្សជាច្រើនផ្សេងទៀតដែលមកពីប្រទេស វប្បធម៌ និងការរស់នៅខុសៗគ្នាចូលមកក្នងជីវិត។ ការរស់នៅ ការហូបចុក​ ការរៀនសូត្រ អាកាសធាតុនៅទីនេះគឺសុទ្ធតែខុសប្លែកពីអ្វីដែលនៅក្នុងប្រទេសយើងទាំងអស់។ ពេលសួរថា ហេតុអ្វីបានជានាងសម្រេចចិត្តមករៀននៅប្រទេសចិន? ឧស្សាហ៍ឆ្លើយថា ” ព្រោះឥឡូវនេះនិស្សិតភាគច្រើនតែងចង់ទៅបន្តការសិក្សារនៅប្រទេសអភិវឌ្ឍន៍ប៉ែកអឺរ៉ុបដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ក៏ដូចជាអាមេរិកជាដើម។ សម្រាប់ខ្ញុំ ការជ្រើសរើសមករៀននៅទីនេះមិនមែនជារឿងចៃដន្យ តែវាជាគោលបំណងរបស់ខ្ញុំជាតាំងពីដើមព្រោះខ្ញុំចូលចិត្តស្ដាប់ចំរៀង និងមើលរឿងចិន ហើយប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក ម្យ៉ាងវិញទៀតប្រទេសកម្ពុជានិងប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ល្អ ហើយក៏ជាប្រទេសដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ដែលសមស្របជាមួយនឹងមុខវិជ្ជាដែលខ្ញុំកំពុងតែសិក្សា។ នៅទីនេះក្រៅពីខ្ញុំបានសិក្សាចំណេះដឹងជំនាញ នៅមានរឿងជាច្រើនដែលខ្ញុំបានយល់ដឹងមានដូចជា ភាសាចិន(ខ្លះៗ)​ ការធ្វើម្ហូបដោយខ្លួនឯង(ខ្លះៗ)​ វប្បធម៌និងរបៀបរស់នៅរបស់ជនជាតិផ្សេងៗគ្នា និងដំណើរកំសាន្តទៅកន្លែងជាច្រើននៅទីនេះ។ អ្វីដែលកាន់តែពិសេស បើទោះបីជាប្រទេសចិនស្ថិតនៅក្នុងទ្វីបអាស៊ីក៏ពិតមែន តែអាកាសធាតុនៅទីនេះគឺមិនចាញ់នៅខាងទ្វីបអឺរ៉ុបទេ គឺមានទាំងបួនរដូវ។ ហើយអ្វីដែលជាភាពកក់ក្តៅបំផុតនៅទីនេះ គឺនិស្សិតនៅទូទាំងប្រទេសចិនទទួលបាននូវការយកចិត្តទុកដាក់ពីខាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ACSC)។ វាគឺជាក្តីសុបិន្តរបស់ខ្ញុំហើយខ្ញុំបាននឹងកំពុងតែបំពេញក្តីសុបិន្តរបស់ខ្លួន ខ្ញុំសង្ឃឹមថាបន្ទាប់ពីនេះខ្ញុំអាចយកចំនេះដឹងនិងបទពិសោធន៍ដែលខ្ញុំមានជាពិសេសនៅទីនេះទៅអភិវឌ្ឍន៍ប្រទេសកម្ពុជាវិញក្រោយពីខ្ញុំត្រលប់ទៅវិញ។”

ក្រៅពីចែកចាយបទពិសោធន៍ក្នុងការរស់នៅប្រទេសចិន ឧស្សាហ៍ក៏ណែនាំអាហារុបករណ៍ដែលនាងបានទទួលបានដើម្បីមកបន្តការសិក្សានៅប្រទេសចិនផងដែរ។ អាហារូបករណ៍រដ្ឋាភិបាលចិនដែលជាកម្មវិធីមួយមានឈ្មោះហៅកាត់ថា​ CSC​ (China Scholarship Council) គឺជាប្រភេទអាហារូបករណ៍ដែលផ្តល់ឲ្យដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមាណិតចិនទៅកាន់បណ្តាប្រទេសនានា រួមមានប្រទេសកម្ពុជា​ ក្នុងគោលបំណងដើម្បីរឹតបណ្តឹងចំណងមិត្តភាពរវាងប្រទេសចិននិងប្រទេសនានាតាមរយ:ការបង្កើនធនធានមនុស្ស ដែលមានបំណងចង់មកបន្តការសិក្សាបន្ថែមនៅសាធារណរដ្ឋប្រជាមាណិតចិន។

កម្មវិធីអាហារូបករណ៍CSCនេះ ផ្តល់ជូនដល់សិស្ស-និស្សិត-មន្រ្តីរាជការ-បុគ្គលិកអង្គការ-ក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតនៅបណ្តាសកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋប្រជាមាណិតចិនជារៀងរាល់ឆ្នាំ លើមុខវិជ្ជាសិក្សាដែលមានដូចជាវិទ្យាសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា។ល។

សម្រាប់កម្មវិធីអាហារូបករណ៍CSCនេះ សាហ៊ុយធ្វើដំណើរទៅមកជាបន្ទុករបស់សាមីជន ក្រៅពីនេះការចំណាយផ្សេងៗដូចជាការស្នាក់នៅ ថ្លៃការសិក្សា ការធានារ៉ាប់រងសុខភាពប្រចាំឆ្នាំ និងប្រាក់អាហារូបករណ៍ជាបន្ទុករបស់រដ្ឋាភិបាលចិន។

លក្ខខណ្ឌក្នុងការជ្រើសរើស

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់:

បេក្ខជនទាំងពីរភេទត្រូវ:

  1. មានសញ្ញាតិខ្មែរ
  2. មានសញ្ញាបត្របរិញ្ញាបត្រ (Bachelor)
  3. មានអាយុយ៉ាងច្រើន៣៥ឆ្នាំ
  4. មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះព្រោះការសិក្សាប្រព្រឹត្តទៅជាភាសាអង់គ្លេស
  5. មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

ថ្នាក់បរិញ្ញាបត្រ:

បេក្ខជនទាំងពីរភេទត្រូវ:

  1. មានសញ្ញាតិខ្មែរ
  2. មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
  3. មានអាយុលើសពី១៨ឆ្នាំ
  4. មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

ដំណើរការនៃការដាក់អាហារូបករណ៍

ជាទូទៅការប្រកាសពីព័តមានកម្មវិធីអាហារូបករណ៍CSCនេះនឹងមានការបិទប្រកាសជាសាធារណ:នៅមុខនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍នៃក្រសួងអប់រំយុវជននិងកីឡា ដែលស្ថិតនៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ខាងកើតស្ថានីយ៍ទូរទស្សន៍ធប្សរា) ក្នុងកំឡុងខែកុម្ព: ដែលតម្រូវឲ្យបេក្ខភាពទាំងអស់ធ្វើការដាក់ពាក្យដើម្បីសុំសិទ្ធប្រលងអាហារូបករណ៍។​ បេក្ខភាពគ្រប់កម្រិតនឹងត្រូវឆ្លងកាត់វិញ្ញាសាប្រលងដូចខាងក្រោម:

កម្រិតបរិញ្ញាបត្រ:

  • វប្បធម៌ទូទៅ &ភាសាអង់គ្លេស

កម្រិតបរិញ្ញាបត្រជាន់ខ្ពស់:

  • គណិតវិទ្យា &ភាសាអង់គ្លេស

បន្ទាប់ពីបានប្រលងជាប់ជាស្ថាពរហើយ តម្រូវឲ្យបេក្ខភាពទាំងអស់បំពេញឯកសារដែលនឹងផ្តល់ឲ្យដោយស្ថានទូតចិន ក្នុងនោះបេក្ខភាពអាចជ្រើសរើសមហាវិទ្យាល័យដែលខ្លួនពេញចិត្តចំនួន ៣ គ្រប់ខេត្តក្នុងប្រទេសចិនក្នុងជម្រើសរបស់ខ្លួន។ ការទទួលបាននូវPre-Admissionពីសាលាទាំងបីក្នុងជម្រើស មិនជាការចាំបាច់តម្រូវឲ្យទទួលបាននោះទេ តែវាជាអាទិភាពសម្រាប់បេក្ខភាពដោយអាចប្រាកដបាន90%នឹងបានទៅរៀននៅសាលានោះ។ ឯកសារចាំបាច់ត្រូវមាន Recommendation Letter ពីសាស្រ្តាចារ្យចំនួនពីរ,និង Study Plan។​ ក្រោយពីបានបំពេញគ្រប់រាល់ឯកសាររួចហើយ គឺគ្រាន់តែរងចាំលទ្ធផលចុងក្រោយថានឹងបានទៅរៀននៅសាលាដែលបានដាក់នៅក្នុងជម្រើស។

Facebook Comments